កីឡាជាតិ
ជាតិ
លោក ហង់ជួន ណារ៉ុន ទទួលសា្គល់ថា ការអភិវឌ្ឍកីឡាតាមខេត្ត នៅមានបញ្ហាប្រឈម លោក ហង់ជួន ណារ៉ុន (ឆ្វេង)ប្រគល់សញ្ញាបត្រជូនដល់គ្រូបង្រៀន ដែលបានបញ្ចប់ការសិក្សាកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡា
× លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថា ការអភិវឌ្ឍការងារអប់រំកាយ និងកីឡានៅតាមសាលាក្នុងរាជធានីខេត្តមួយចំនួននៅជួបបញ្ហាប្រឈមនៅឡើយ ដោយសារកត្តាធនធាន និងហេដ្ឋារចនាសម្ព័ន្ធ។ លោកសង្ឃឹមថា គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយនិងកីឡាជាង២៥០នាក់ ដែលទើបបញ្ចប់ការសិក្សាកាលពីពេលថ្មីៗ នឹងក្លាយជាផ្នែកក្នុងការជួយស្តារស្ថានភាពនោះឲ្យកាន់តែល្អប្រសើរ។
នាពិធីប្រគល់សញ្ញាបត្រដល់គ្រូបង្រៀនកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡាជំនាន់ទី២៧ និង២៨ទាំង២៥១នាក់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីអប់រំកាយនិងកីឡា នៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានីខេត្តមួយចំនួន នៅជួបបញ្ហាប្រឈមនៅឡើយ។ បញ្ហាប្រឈមដែលរដ្ឋមន្ត្រីរូបនេះសង្កេតឃើញរួមមាន ហេដ្ឋារចនាសម្ព័ន្ធពុំមានស្តង់ដា សមត្ថភាពធនធានមន្ត្រីអប់រំកាយនិងកីឡា កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល-ចៅក្រមនៅមានកម្រិត។
ទន្ទឹមនឹងលើកឡើងពីភាពជោគជ័យរបស់វិស័យកីឡាមួយចំនួននៅលើឆាកអន្តរជាតិ និងសមិទ្ធផលជាច្រើន ដែលសម្រេចបាននាពេលកន្លងមក លោក ហង់ជួន ណារ៉ុន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«ទោះជាយ៉ាងណាក៏ដោយ ការងារអប់រំកាយនិងកីឡានៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាពិសេសនៅកម្រិតរាជធានី-ខេត្ត ដោយសារហេដ្ឋារចនាសម្ព័ន្ធកីឡាយើងនៅតាមខេត្តនៅមានកម្រិត សមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល-ចៅក្រមនៅមានកម្រិត ខ្វះធនធានអនុវត្តផែនការគោលឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣»។
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT កម្ពុជារូបនេះ ជំរុញឲ្យគ្រូបង្រៀនកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡាដែលទើបបញ្ចប់ការសិក្សាខាងលើ ប្រើប្រាស់ចំណេះដឹងថ្មីៗដែលខ្លួនទើបទទួលបាន ជួយអភិវឌ្ឍន៍កម្មវិធីអប់រំកាយ និងកីឡានៅតាមសាលាឲ្យកាន់តែប្រសើរ។ លោករំពឹងថា គ្រូបង្រៀនទាំងនោះនឹងជួយបណ្តុះបណ្តាលធនធានថ្នាលឲ្យបានកាន់តែច្រើន ដើម្បីត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។
«ខ្ញុំសង្ឃឹមថា លោកគ្រូអ្នកគ្រូទាំងអស់នាពេលបច្ចុប្បន្ននេះ នឹងចេញទៅបំពេញការងារតាមគ្រឹះស្ថានសិក្សាផ្សេងៗនៅកម្ពុជា និងខិតខំប្រឹងប្រែងអនុវត្តទៅតាមអ្វីដែលបានរៀនសូត្រ ជាពិសេសអនុវត្តតាមកម្មវិធីថ្មីនៅក្នុងការអប់រំកាយ និងកីឡា ហើយផ្សារភ្ជាប់រវាងការហាត់ហ្វឹកហ្វឺនអប់រំកាយនិងកីឡា ដើម្បីលើកកម្ពស់កីឡាផ្សេងៗនៅតាមសាលារៀន ដើម្បីធ្វើយ៉ាងណាបណ្តុះថ្នាលកីឡាករកីឡាការិនីជំនាន់ក្រោយៗឲ្យស្រលាញ់កីឡា ដើម្បីលើកកម្ពស់សុខភាពនៅតាមសាលា»។ នេះជាការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន។
ក្នុងឱកាសនោះ លោក បានកោតសរសើរលោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំពោះការខិតខំប្រឹងប្រែងក្នុងការបង្កើតធនធានគ្រូបង្រៀនផ្នែកអប់រំកាយនិងកីឡា និងអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកជួយអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។ ជាពិសេសអង្គការ JICA និងបេះដូងមាស ដែលបានជួយជួសជុលនិងសាងសង់ហេដ្ឋារដ្ឋាសម្ព័ន្ធ និងអាងហែលទឹកក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងការរៀបចំកម្មវិធីសិក្សាផ្នែកអប់រំកាយនិងកីឡានៅតាមសាលានានា៕
លោក ស សុខា (ឆ្វេង)ប្រគល់សញ្ញាបត្រជូនគ្រូបង្រៀនកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡា
Tag:
ហង់ជួន ណារ៉ុន
SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com