កីឡាជាតិ
ជាតិ
សមាគមអូឡាំពិកពិភពលោក ផ្តល់«គោរមងារ អូឡាំពិក!» ជូនលោក វ៉ាត់ ចំរើន
× ភ្នំពេញ៖ សមាគមអូឡាំពិកពិភពលោកផ្តល់ «គោរមងារ អូឡាំពិក!» ជូនលោក វ៉ាត់ ចំរើន ដែលជាអតីតកីឡាករអូឡាំពិកអន្តរជាតិក្នុងទសវត្សរ៍៩០ផ្នែកកីឡាចំបាប់។ លោក វ៉ាត់ ចំរើន ដែលបច្ចុប្បន្នជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទើបទទួលបានលិខិតទទួលស្គាល់ និងកោតសរសើរពីសមាគមអូឡាំពិកពិភពលោក។
សមាគមអូឡាំពិកពិភពលោកបានផ្ញើលិខិតសរសើរ និងទទួលស្គាល់«ដឹងគុណ»មកកាន់លោក វ៉ាត់ ចំរើន ដោយសរសេរបញ្ជាក់ថា៖«សមាគមអូឡាំពិកពិភពលោកទទួលស្គាល់លោក វ៉ាត់ ចំរើន ជាអតីតកីឡាករអូឡាំពិកដែលបានចូលរួម និងកំពុងធ្វើកិច្ចការបន្តទៀតដើម្បីលើកគុណតម្លៃចលនាអូឡាំពិក»។ ឆ្លើយតបទៅនឹងលិខិតសរសើរនេះ លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«ការមើលឃើញ និងផ្តល់កិត្តិយសជាសកលនេះមិនមែនមានតម្លៃសម្រាប់តែរូបខ្ញុំទេ តែវាជាកិត្តិយសសម្រាប់ជាតិខ្មែរទាំងមូលផងដែរ»។
នៅក្នុងជំនាញកីឡា លោក វ៉ាត់ ចំរើន ជាអតីតកីឡាករអូឡាំពិកផ្នែកចំបាប់។ លោកទទួលបានសញ្ញាបត្រកម្រិត៧ដាន់ផ្នែកកីឡាប្រយុទ្ធការ៉ាតេ, ៣ដាន់ផ្នែកយូដូ។ ក្រៅពីនេះ លោកក៏ធ្លាប់ហាត់ក្បាច់គុណ ហាប់គីដូ ប្រដាល់សេរី និងតៃក្វាន់ដូ ITF ផងដែរ។
ទាក់ទងនឹងចំណេះដឹងគ្រប់គ្រងកីឡាវិញ លោក វ៉ាត់ ចំរើន ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងវិស័យកីឡាពីសកវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក, សញ្ញាបត្រចិត្តសាស្ត្រផ្នែកកីឡាពីប្រទេសបារាំង និងសញ្ញបត្រដទៃៗទៀត។ លោក វ៉ាត់ ចំរើន ចេះនិយាយភាសាបរទេសចំនួន៣ គឺភាសាអង់គ្លេស បារាំង និងភាសាកូរ៉េ។
© រក្សាសិទ្ធិដោយ thmeythmey.com