ជាតិ
សង្គមជាតិ
ព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្ម ដែលដកកាំភ្លើងគំរាមម្ចាស់ហាងគុយទាវ សកម្មភាពលោក ថ្លាង ភិនរ៉ា ដកកាំភ្លើង ក្នុងហាងគុយទាវ ដែលថតដោយកាមេរ៉ាសុវត្ថិភាព
× ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និយាយថា លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ត្រូវបានព្យួរការងារហើយ បន្ទាប់ពីបានដកកាំភ្លើង គំរាមម្ចាស់ហាងគុយទាវមួយកន្លែង ក្នុងខណ្ឌទួលគោក កាលពីថ្មីៗនេះ។ នេះបើតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា ការព្យួរការងាររបស់លោក ថ្លាង ភិនរ៉ា គឺជាការអនុវត្តវិន័យកងកម្លាំងនគរបាល។ លោក បន្តថា វិធានការបន្ត គឺអាស្រ័យលើតុលាការ។ លោក មានប្រសាសន៍ថា៖«បើតុលាការ កោះហៅ យើង ធ្វើតាមគេទៅ»។
ម្ចាស់ហាងគុយទាវ បានយកវីដេអូស្តីពីសកម្មដកកាំភ្លើងគំរាម ដែលថតដោយកាមេរ៉ាសុវត្ថិភាព ទៅបង្ហោះលើបណ្តាញសង្គម។ តាមរយៈវីដេអូនោះ គេ ឃើញលោក ថ្លាង ភិនរ៉ា បានដកកាំភ្លើងចេញមកក្រៅ ខណៈពេលអង្គុយជុំគ្នាក្នុងហាងគុយទាវ។
បន្ទាប់មក ម្ចាស់ហាងគុយទាវ បានដាក់បណ្តឹងទៅកាន់ក្រសួងមហាផ្ទៃផង និងទៅកាន់តុលាការរាជធានីភ្នំពេញផង ដើម្បីប្តឹងលោក ថ្លាង ភិនរ៉ា ទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ និងស្នើឲ្យផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត៕ © រក្សាសិទ្ធិដោយ thmeythmey.com