ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងអង្គការសហប្រជាជាតិ លើកទឹកចិត្ត​កម្ពុជា ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​សិទ្ធិមនុស្ស
25, Sep 2020 , 7:29 pm        
រូបភាព
ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ចូលរួមទាមទារឲ្យមានការគោរសិទ្ធិមនុស្ស ក្នុងទិវារម្លឹកសិទ្ធិមនុស្សអន្តរជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដោយពួកគាត់ បានកាន់បដា ដែលសរសេរពាក្យស្លោកផ្សេងៗ ហើយក៏មានអ្នកខ្លះ កាន់ទង់អង្គការសហប្រជាជាតិដែរ។ រូបពី AFP
ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ចូលរួមទាមទារឲ្យមានការគោរសិទ្ធិមនុស្ស ក្នុងទិវារម្លឹកសិទ្ធិមនុស្សអន្តរជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដោយពួកគាត់ បានកាន់បដា ដែលសរសេរពាក្យស្លោកផ្សេងៗ ហើយក៏មានអ្នកខ្លះ កាន់ទង់អង្គការសហប្រជាជាតិដែរ។ រូបពី AFP
​ក្នុងឱកាស​ដែល​កម្ពុជា រម្លឹក​ខួប​អាយុកាល​២៧​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ កាលពី​ថ្ងៃ​ម្សិល (២៤​កញ្ញា​) ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​ទទួលបន្ទុក​និងធ្វើកិច្ចការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​ទំព័រ​ហ្វេ​ប៊ុ​ក​របស់ខ្លួន ជូន​ដល់​សាធារណជន ពិសេស​ហាក់​ចង់​សំដៅទៅ​រដ្ឋាភិបាល​។

 
​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ សរសេរថា​៖«​ស្របពេល​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ខួប​២៧​ឆ្នាំ នៃ​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ អង្គការសហប្រជាជាតិ លើកទឹកចិត្ត​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ប្រកាន់ខ្ជាប់​និង​គោរព​សិទ្ធិមនុស្ស ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស សន្ធិសញ្ញា​អន្តរជាតិ​នានា ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ត្រូវបាន​ទទួលស្គាល់ និង​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​»​។  
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​ការបញ្ចេញ​មតិយោបល់​នេះ ថា​គ្រាន់តែ​ជាការ​ព្រួយបារម្ភ​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​។ ជាការ​ឆ្លើយតប​នឹង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ លោក អះអាងថា បច្ចុប្បន្ន កម្ពុជា កំពុងមាន​ការគោរព​សិទ្ធិ​គ្នា​ទៅវិញ​មក​។ លោក បន្តថា កម្ពុជា ក៏​កំពុង​ពង្រឹង​ការគោរព​សិទ្ធិមនុស្ស​បន្ថែមទៀត តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់​។ 
 
​ជាមួយគ្នានេះ លោក បាន​រម្លឹក​ពី​តម្លៃ​នៃ​សន្តិភាព​។ លោក សង្កត់ធ្ងន់ថា អ្វីដែល​ចាំបាច់​បំផុត គឺ​កម្ពុជា ត្រូវ​រក្សា​សន្តិភាព​។ លោក ថ្លែងថា​៖«​បើ​គ្មាន​សន្តិភាព គ្មាន​ស្ថិរភាព​ទេ ក៏​គ្មាន​ការគោរព​សិទ្ធិមនុស្ស​ដែរ​»​។ 
 
​យ៉ាងណា លោក មើលឃើញថា ចំណុច​ខ្លះ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ក៏ដូចជា អង្គការ​អន្តរជាតិ​ផ្សេងៗ មិនបាន​យល់ច្បាស់​ពី​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ឡើយ​។ មិន​យល់ ដែល​លោក ចង់​មានន័យ​នោះ គឺ​នៅត្រង់ថា ពេលខ្លះ មាន​ក្រុម​ណាមួយ ចង់​បង្កចលាចល ឬ​ធ្វើ​អ្វី​ខុសច្បាប់ ហើយ​កម្លាំង​សមត្ថកិច្ច ក៏ចាត់វិធានការ​បង្ក្រាប​ទប់ស្កាត់ តែអង្គការ​អន្តរជាតិ​ទាំងនោះ បែរជា​រិះគន់ថា ជាការ​រំលោភ​សិទ្ធិមនុស្ស​ទៅវិញ​។ លោក លើ​ករណី​មួយ មក​ធ្វើជា​ឧទាហរណ៍​ថា​៖«​ដូចជា​ញុះញង់​ឲ្យ​ទ័ព​ប៉ះ​បោរ គឺ​មិនមែនជា​សិទ្ធិ​ទេ​»​។​
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សរសេរ​លើ​បណ្តាញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា រយៈពេល​២៧​ឆ្នាំនេះ កម្ពុជា បាន​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​បែប​ទំនើប ដែល​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ រួមមាន គោលការណ៍​សិទ្ធិ សេរីភាព គោលការណ៍​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គោលការណ៍​បែងចែក​អំណាច និង​គោលការណ៍​នីតិរដ្ឋ ជាដើម​។​
 
​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ទៅកាន់​ក្រុមអ្នកកាសែត​ថា ដោយសារ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ត្រឹមត្រូវ ទើប​ដំណើរការ​ជាតិ បាន​ទៅមុខ​ដោយ​រលូន​គួរ​ជាទី​មោទនភាព សម្រាប់​ប្រជាជន​កម្ពុជា​។ 
 
​ចំពោះ​អ្នកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) វិញ អ្នកស្រី សង្កេតឃើញថា ទោះ​ប្រជាពលរដ្ឋ ទទួលបាន​សិទ្ធិ​មួយចំនួន​ពេញ​លេច​តាម​រដ្ឋធម្មនុញ្ញ​ក៏ដោយ ប៉ុន្តែ សិទ្ធិ​ផ្សេងៗ​ទៀត ពុំទាន់​ត្រូវបាន​ធានា​ពេញ​នៅឡើយ​ទេ​។ អ្នកស្រី មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ ការពារ​យ៉ាង​ជាក់លាក់​នូវ​សេរីភាព​មូល​ដ្ឋា រួមមាន សេរីភាព​បញ្ចេញមតិ ចងក្រង​សមាគម និង ការជួបជុំ​ដោយ​សន្តិវិធី តែ​សេរីភាព​ទាំងនេះ រង​ការ​រឹតត្បិត​គួរ​ឲ្យ​គត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​
 
​សម្រាប់​អ្នកស្រី ការផ្តន្ទាទោស ដោយសារតែ​ការអនុវត្ត​សិទ្ធិមនុស្ស គឺ​បាន​បង្កក្តី​បារម្ភ​ជាច្រើន​។ សារ​របស់​អ្នកស្រី ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រំលេច​ខ្លឹមសារ​ថា​៖«​យើង ត្រូវតែ​បង្កើត​បរិយាកាស ដែល​ប្រជាពលរដ្ឋ​គ្រប់រូប អាចអនុវត្ត​សិទ្ធិ​ទាំងនេះ ដោយ​សេរី​និង​ដោយ​គ្មាន​ការភ័យខ្លាច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង ត្រូវ​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប ពិតជា​ទទួលបាន​សិទ្ធិ ដូចដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ប្រាកដ​មែន​»​។​
 
​រដ្ឋាភិបាល​កម្ពុជា រង​ការរិះគន់​ជា​ហូរហែ ដោយសារ​មានការ​ចាប់​ក្រុម​សកម្មជន​និង​ក្រុមយុវជន​នានា​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប្រមាណ​ជាមួយ​ខែ​ចុង​ក្រោយនេះ​។ មន្ត្រី​រដ្ឋាភិបាល អធិប្បាយ​ថា ការចាត់វិធានការ​លើ​អ្នក​ទាំងនោះ គឺ​ធ្វើទៅ​តាមច្បាប់ ដោយសារតែ​ពួកគេ បាន​ប្រព្រឹត្ត​បទល្មើស​។ 
 
​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ ចែងថា កម្ពុជា ទទួលស្គាល់ និង គោរព​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិ​កុមារ​។ 
 
​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​១៩៩៣ កម្ពុជា បានប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​។ មកដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​អាយុកាល​២៧​ឆ្នាំ​ហើយ ដោយបាន​ឆ្លងកាត់​ការធ្វើ​វិ​សោ​ធាន​កម្ម​៩​លើក​៕ 
 

Tag:
 OHCHR
  ផៃ ស៊ី​ផាន​
  រដ្ឋធម្មនុញ្ញ​
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com