ជាតិ
អ្នក​ចិញ្ចឹម​ត្រី ពិភាក្សាគ្នា​រក​ទីផ្សារ​ជាពិសេស​ផលិតផល​កែច្នៃ ដើម្បី​ទប់​ការនាំ​ចូល​ពី​ប្រទេសជិតខាង​
25, Sep 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា មាន​ភាពទន់ខ្សោយ​នៅឡើយ ពិសេស​កសិផល​ត្រី ទាំង​ត្រី​ស្រស់ និង​យកមក​កែច្នៃ ភាគច្រើន​មានការ​នាំចូល​ពី​បណ្ដា​ប្រទេសជិតខាង ដូចជា​ថៃ និង​វៀតណាម​។ អ្នក​ចិញ្ចឹម​ក្នុងស្រុក​ចង់ឃើញ​របរ​ចិញ្ចឹម​ត្រី​នេះ រីកដុះដាល​កាន់តែច្រើន ដើម្បី​ស្វែងរក​ទីផ្សារ​រួមគ្នា ប៉ុន្តែ​អ្នកខ្លះ​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការប្រកួតប្រជែង​លើ​អាជីវកម្ម​កែច្នៃ​ត្រី ដែល​អាចធ្វើ​មានការ​ធ្លាក់​ថ្លៃ​។​

 
​កាលពី​ថ្ងៃទី​២២ និង​២៣ ខែកញ្ញា ឆ្នាំ​២០២០ សមាគម​វា​រី​ប្បករ​កម្ពុជា និង​គម្រោង​អភិវឌ្ឍន៍ វារីវប្បកម្ម សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​កម្ពុ​ជា (​ខាស់​) បានរៀបចំ​កម្មវិធី​កិច្ចពិភាក្សា​អាជីវកម្ម ទស្សនកិច្ច​សិក្សា និង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ចំណី និង​ការផ្ដល់​ចំណី​ត្រី នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ 
 
​កិច្ចពិភាក្សា​អាជីវកម្ម​លើ​ការចិញ្ចឹម​ត្រី​នេះ មាន​អ្នកចូលរួម​ជាង​១០០​នាក់ មាន​ទាំង​កសិករ​ចិញ្ចឹម​ត្រី អ្នក​កែច្នៃ​ត្រី បុគ្គលិក​អង្គការ និង​ក្រុមហ៊ុន​ឯកជន​ផង ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម ទីផ្សារ​វារីវប្បកម្ម ឲ្យ​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការពង្រឹង​បច្ចេកវិទ្យា​បង្កើន​សំឡេង​ព័ត៌មាន​ទីផ្សារ រួមទាំង​សេវាកម្ម​ផងដែរ​។ 


លោក អ៊ុក សាវ៉ាត់ 

​លោក អ៊ុក សាវ៉ា​ត់ ជា​កសិករ​ចិញ្ចឹម​កូន​ត្រី​លក់ ជាង​១០​ឆ្នាំ​មកហើយ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ លោក ចិញ្ចឹម​ត្រី​៤​ប្រភេទ មាន​ទាំង​ត្រី​ក្នុងស្រុក និង​ត្រី​នាំចូល ដូចជា​ត្រី​អណ្ដែង ត្រី​ឆ្ពិន ត្រី​ប្រា និង​ត្រី​ទី​ឡាប់​យ៉ា​។ កូន​ត្រី​ដែល​លោក សាវ៉ា​ត់ ចិញ្ចឹម​អាច​លក់​នៅ​ចន្លោះ​ទំហំ​ក្រោម​១​ក្រាម ដើម្បី​ឲ្យ​កសិករ យកទៅ​ចិញ្ចឹម​បន្ត​។ បច្ចុប្បន្ន នៅ​តំបន់​របស់លោក នៅ​មិនទាន់មាន​ការគ្រប់គ្រង​ទឹក​សម្រាប់ធ្វើ​កសិកម្ម បាន​គ្រាប់​គ្រាន់​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​លោក គ្មាន​លទ្ធិភាព​ចិញ្ចឹម​ត្រី​ធំៗ​។ កង្វះខាត​ទឹក រួម​នឹង​កង្វះ​បច្ចេកទេស​ចិញ្ចឹម បាន​ឲ្យ​កសិករ​មួយចំនួន​ត្រូវ​បង់​បោះចោល​របរ​មួយ​នេះ​។​
 
​កសិករ​វ័យ​៥២​ឆ្នាំ​រូបនេះ ចង់​មាន​កសិករ​នាំគ្នា​ងាក​មក​ចិញ្ចឹម​ត្រី​ដូច​រូបលោក ទោះ​ក្នុង​លក្ខណៈ​ណាមួយ​ក៏ដោយ ព្រោះ​នៅពេល​មាន​កសិករ​ចិញ្ចឹម​ត្រី​ច្រើន ពូជ​ត្រី​ក្នុងស្រុក​នឹងមិន​បាត់បង់​នៅពេល​អនាគត ហើយ​លោក ក៏​លក់​កូន​ត្រី​របស់លោក​ដាច់​បាន​ច្រើន​ដូចគ្នា​។ 
 
​លោក សាវ៉ា​ត់ លោក​មិន​ខ្លាច​បាត់បង់​ទីផ្សារ ឬ​ការប្រកួតប្រជែង​អ្វី​នោះទេ តែ​បែរជា​សប្បាយចិត្ត​បើសិន​ជាមាន​កសិករ​ច្រើន​ងាក​មក​ប្រក​បរបរ​នេះ​។ កសិករ​ចំណាស់​រូបនេះ ឆ្លើយ​ប្រាប់ ThmeyThmey25 យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា​ថ្ងៃនេះ ចាប់ពី​ម៉ោង​នេះ​ទៅ បើ​យើង​មិន​ចិញ្ចឹម​គឺ​អត់​មាន​ត្រី​ហូប​ទេ​។ កត្តា​រេចរឹល​ធាន​ធាន​ធម្មជាតិ​យើង​នៅ​ពី​ខាងក្រោម ពីព្រោះ​វា​មាន​កត្តា​ធម្មជាតិ និង​ការប្រើប្រាស់​ជី​កសិកម្ម​ដែល​ហួស​កម្រិត ថ្នាំពុល​ដែល​ប្រើ​កសិកម្ម​ហើយ​ហូរ​ចូល​បឹង​ទន្លេសាប​យើង​។ ចឹ​ង​ត្រី​ហ្នឹង​វា​រេចរឹល​»​។ 
 
​ដូចគ្នា​ទៅនឹង​លោក សាវ៉ា​ត់ ដែរ លោក ហុង សំអឿន ជា​កសិករ​ចិញ្ចឹម​ត្រី​មួយរូប​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក៏​មើលឃើញ​ពី​ការបាត់បង់​ធនធានធម្មជាតិ​ក្នុងពេល​បច្ចុប្បន្ន​ផងដែរ​។ លោក សំអឿន ចិញ្ចឹម​ត្រី​ប្រា តែមួយ​ប្រភេទ​ប៉ុណ្ណោះ ជា​លក្ខណៈ​មធ្យម ហើយ​ស្រះ​របស់លោក មាន​ត្រី​ជាង​៦​ពាន់​ក្បាល​។ 


លោក ហុង​ សំអឿន 

​ថ្វីដ្បិតតែ​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ក៏ពិតមែន តែ​ត្រី​របស់លោក សំអឿន ជា​ពូជ​ត្រី​នាំចូល​។ ទីផ្សារ និង​ការគ្រប់គ្រង​ទឹក គឺជា​បញ្ហា​ចម្បង​ដែល​លោក ជួបប្រទះ ដែល​វា​ក៏​ជា​ផ្នែក​ធំ​មួយ​ធ្វើ​ឲ្យ​លោក​មិនអាច​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់តែ​ធំ​ជាង​នេះ​។ ដោយសារ​តែមាន​ផលិតផល​តិច​ទើប​លោក មិនអាច​រក​ទីផ្សារ​បាន ហើយ​មានតែ​អ្នកលក់​ត្រី​តាម​ផ្សារ​ប៉ុណ្ណោះ​ដែល​មក​ទិញ​ត្រី​របស់លោក​។ ខណៈពេលដែល​មិនមាន​ទីផ្សារ​ច្បាស់លាស់​មួយ​ហើយ​នោះ លោក ក៏ត្រូវ​បាន​អាជីវករ​ទម្លាក់​តម្លៃរ​បស់​លោក​ផងដែរ​។ 
 
​កសិករ​វ័យ​៣៥​ឆ្នាំ​រូបនេះ មិន​បន្ទោស​ឈ្មួញកណ្ដាល​ជា​អ្នកបញ្ជា​ទិញ​នោះទេ ប៉ុន្តែ​លោក ចង់​ឲ្យ​កសិករ​ចិញ្ចឹម​ត្រី​ត្រូវ​យកចិត្តទុកដាក់​លើ​ចំណី ស្រះ​ទឺ​ក របស់ខ្លួន​ដើម្បី​បង្កើន​ទិន្នផល និង​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ទីផ្សារ​។ លោក សំអឿន រៀបរាប់​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​ពេលខ្លះ ពេលដែល​គាត់​(​ឈ្មួញ​) ត្រូវការ​គឺ​យើង រក​អត់​បាន​ឲ្យ​គាត់​(​ឈ្មួញ​)​។ ពេលដែល​គាត់​ត្រូវការ​តាម​ស្រះ​ប៉ុន​នេះៗ​គឺ​អត់​មាន​។ លោក បន្តថា ចំនួន​មិន​គ្រប់​ហើយ ផ្នែក​គីឡូ​ក៏​មិន​ដូច​អ្វីដែល​ឈ្មួញ​ចង់បាន​ទៀត​។ ឈ្មួញ​គេ​ចង់បាន​គីឡូ​ថេរ ស្មើគ្នា តែ​យើង​ធ្វើ​អត់​បាន​។ លោក ចង់​ឲ្យ​មាន​កសិករ​ចិញ្ចឹម​ត្រី​ច្រើន ហើយ​ចង់​ជា​សហគម​ផលិត និង​ផ្គត់ផ្គង់ ទើប​មាន​ទីផ្សារ និង​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​ផងដែរ​។ 
  

អ្នកស្រី ជុំ ស៊ីវូន

​ផ្ទុយ​ពី​អ្នក​ចិញ្ចឹម​ទាំង​២​ខាងលើ សម្រាប់​អ្នកស្រី ជុំ ស៊ី​វូ​ន និង​លោក គង់ តូ​រី វិញ​ជា​អ្នក​កែច្នៃ​ត្រី បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​នៅពេល​មាន​អ្នក​ប្រកបរ​បរដូច​ខ្លួន​កើន​តែ​ច្រើន​។ អ្នកស្រី ជុំ ស៊ី​វូ​ន អ្នក​កែច្នៃ​ត្រី​អណ្ដែង​ឆ្អើរ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង បារម្ភ​ខ្លាច​បាត់បង់​មុខរបរ​របស់ខ្លួន ដោយសារ​មាន​អ្ន​កា​ឲ​ប្រក​បរបរ​នេះ​ច្រើន​។ អ្នកស្រី ស៊ី​វូ​ន លើកឡើង​ដូច្នេះ​៖«​ត្រីឆ្អើរ​អណ្តែង​នេះ​១​គីឡូ ៣​ម៉ឺន សព្វ​ង៉ៃ​ចុះ​នៅតែ​២៨​តើ (២៨០០០​រៀល​) ព្រោះ​មាន​គេ​រកស៊ី​ដេញជើង ដេញជើង​ច្រើន​ហ្អា​ស​។ សព្វ​ង៉ៃ​ហាស់ គេ​ដាក់ចូល​អូរឫស្សី​មាន​២៧ (២៧០០០​រៀល​) អ៊ី​លក់​ថ្លៃ​ជាងគេ​។ បើ​គេ​លក់​២៨-២៩(២៨០០០-២៩០០០​រៀល​) អ៊ី​៣០ (៣​ម៉ឺន​រៀល​)​ចឹ​ង​ហ្អា​ស​»​។ 
 
​អ្នកស្រី​រៀបរាប់​ដូច្នេះ​ថា ត្រី​ស​ណ្ដែ​ង​កែច្នៃ​ទាំងនេះ​នាំចូល​ពី​ប្រទេស​វៀតណាម មិនមែន​ត្រី​ក្នុងស្រុក​នោះទេ ព្រោះ​កសិករ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ផ្គត់ផ្គង់​តម្រូវការ​ឲ្យ​អ្នកស្រី​មិនទាន់ ហើយ​មិន​ទំហំ​មិន​ស្មើគ្នា​តាម​អ្នកស្រី​ចង់បាន ពិបាក​លក់​។ «​នៅ​ស្រុក​ខ្មែរ​យើង អ៊ី​ចេះតែ​ចង់​ជួយ​ហើយ ដូច​ថា​គេ​ហៅ (​អ៊ី​អើយ​ខ្ញុំ​មាន​ត្រី​៥០០​គីឡូ ឬ​១​តោន​ចឹ​ង​ហ្អា​ស ហ្នឹងហើយ​អូន​ឯង​ចាប់​ម៉ោ មកដល់​បានតែ​២០០-១០០​គីឡូ​ចឹ​ង​ហា្អ​ណាស់​) ចឹ​ង​យើង​អត់​គ្រប់គ្រាន់​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ជុំ ស៊ី​វូ​ន​។ 


លោក គង់ តូរី 

​ចំណែកឯ លោក គង់ តូ​រី ទោះបី​អាជីវកម្ម​របស់លោក ខ្នាត​ធំ​ក៏ពិតមែន ប៉ុន្តែ​ក្តីបារម្ភ​ពី​ការប្រកួតប្រជែង​ទីផ្សារ​នៅតែមាន​។ នៅពេល​មាន​អាជីវករ​ប្រកប​របរ​នេះ​ច្រើន លោក បារម្ភ​ខ្លាច​តម្លៃ និង​ល្បឿន​នៃ​ការផលិត​ធ្លាក់ចុះ​។ «​ខ្ញុំ​បារម្ភ​ខាង​តម្លៃ​ហ្នឹង​ម៉​ង​។ និយាយ​ទៅ​ធម្មតា​ទីផ្សារ​វា​ប្រកួតប្រជែង ទម្លាក់​ដេញ​គ្នាៗ សឹង​អត់​ចំណេញ​ចឹ​ង​ហ្អា​ស​។ អ្នកខ្លះ ធ្វើ​ម៉េច​លក់​ឲ្យ​អស់ ខ្លាច​ខូច​ខំប្រឹង​លក់​ឲ្យ​អស់ លក់​ឲ្យ​ថោក ដើម្បី​អី ដើម្បី​បញ្ចេញ តែ​យើង​ទទួលយក​អត់​បាន​»​។ លោក តូ​រី បានលើកឡើង​ដូច្នេះ​។​
 
​លោក តូ​រី ជា​អ្នក​កែច្នៃ​ត្រី ធ្វើ​ផ្អក និង​ត្រីងៀត បាន​ជិត​៥​ឆ្នាំ​ហើយ​។ ត្រី​ដែល​លោក កែច្នៃ​នាំចូល​មកពី​វៀតណាម មានដូចជា​ត្រី​ប្រា ត្រី​រ៉ស និង​ត្រី​ដៀប​។ អាជីវក​រវ័យ​៣០​ឆ្នាំ​រូបនេះ ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​ព្រោះ​ខ្ញុំ​រាល់​ង៉ៃ​អត់​មាន​ពេលវេលា​ទៅ​ចិញ្ចឹម​ត្រី​ខ្លួនឯង​ហ្អេ​។ ខ្ញុំ​ត្រូវការ​ពេល​ទៅ​មើល​កូនចៅ​។ កូនចៅ​ខ្ញុំ​មាន​ជិត​២០​នាក់​»៕
 

Tag:
 វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com