កីឡាអន្តរជាតិ
អន្តរជាតិ
Flamengo សុំ​ពន្យារ​ការប្រកួត​លី​គ ក្រោយ​កីឡាករ​១៦​នាក់​ឆ្លង COVID-19
25, Sep 2020 , 3:22 pm        
រូបភាព
Flamengo ស្នើសុំ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) ពន្យារពេល​ការប្រកួត​លី​គ​កំពូល​ជាមួយ Palmeiras នៅ​ចុង​សប្តាហ៍​នេះ ក្រោយ​កីឡាករ​ខ្លួន​ដល់​ទៅ​១៦​នាក់​ឆ្លង​ជំងឺ COVID-19​។​


​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នៅ​ថ្ងៃទី​២៤ ខែកញ្ញា ម្ចាស់​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​ប្រេ​ស៊ី​ល Série A និង Copa Libertadores នៅសល់តែ​មា​ជិ​ក​ក្រុម​ខ្លួន​តែ ៩ នាក់​ប៉ុណ្ណោះ ដើម្បី​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ Palmeiras ក្នុង​ក្រុង Sao Paulo​។​
 
​លោក Rodrigo Dunshee មេធាវី​របស់​ក្លិប Flamengo បាន​និយាយ​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​គណនី Twtter របស់​ក្លិប ថា​៖« នេះ​ជា​ស្ថានភាព​ពិសេស​មួយ​។ វា​ជា​រឿង​សំខាន់​ខ្លាំងណាស់​ក្នុងការ​បញ្ចប់​វា​។ វិធានការ​ដ៏​ត្រឹមត្រូវ​តែមួយគត់​គឺ​ពន្យា​ពេល​ការប្រកួត​នេះ​»​។ ក្លិប Flamengo ក៏បាន​ស្នើ​ទៅ CBF ដើម្បី​សុំ​ឲ្យ​មានការ​ពន្យារពេល​ប្រកួត​ក្នុងជំនួប​លី​គ​កំពូល​ប្រេ​ស៊ី​ល​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​។​
 
​យ៉ាងណាក៏ដោយ ខាង​ភាគី CBF មិនទាន់បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​នេះ​នៅឡើយ​ទេ​។​
 
​ការផ្ទុះ​ឡើង​នៃ​ការឆ្លង​កីឡាករ​ដល់​ទៅ​១៦​នាក់​នេះ កើតឡើង​បន្ទាប់ពី Flamengo ធ្វើដំណើរ​រយៈពេល​មួយ​សប្តាហ៍​ទៅកាន់​ប្រទេស​អេ​ក្វា​ឌ័​រ​សម្រាប់​ការប្រកួត Copa Libertadores ដោយ​ប៉ះ​ក្រុម Independiente del Valle និង Barcelona SC​។​
 
​កាលនោះ Flamengo បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កីឡាករ​ខ្លួន​ចំនួន​១១ បន្ទាប់ពី​ចាញ់​ក្រុម Independiente ៥-០ នៅ​ទីក្រុង Quito កាលពី​ថ្ងៃទី​១៧ សប្តាហ៍​មុន​។ ក្រោយមក​ពួកគេ​បាន​យកឈ្នះ​ក្រុម Barcelona ២-១ ក្នុង​ទីក្រុង Guayaquil នៅ​ថ្ងៃទី​២២​កន្លងទៅ ទោះបី​ត្រូវ​បង្ខំ​ដាក់​កីឡាករ​ប​ង្រុ​ង​លេង​ក៏ដោយ​។ បន្ទាប់ពី​ត្រឡប់​ពី​ការប្រកួត​វិញ សមាជិក​ក្រុម Flamengo ទាំងអស់ ព្រមទាំង​បុគ្គលិក គ្រូបង្វឹក​និង​អ្នកចាត់ការ​លោក Domenec Torrent សុទ្ធតែ​ទទួល​ការធ្វើ​តេស្ត ហើយ​រកឃើញ​កីឡាករ​ឆ្លង​សរុប​១៦​នាក់​។​
 
​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់ COVID-19 ជិត​១៤​ម៉ឺន​នាក់ ដែលជា​តួលេខ​ខ្ពស់​ជាងគេ​លំដាប់​ទី​២​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​៕

Tag:
 Flamengo
  CBF
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com