អន្តរជាតិ
មេទ័ព​ជើងគោក​ថៃ​ថ្មី សន្យា​ស្តារ​សន្តិភាព​ក្នុងសង្គម ស្របពេល​នយោបាយ​ហ៊ុមព័ទ្ធ​ដោយ​បាតុកម្ម​
25, Sep 2020 , 3:46 pm        
រូបភាព
មេបញ្ជាការថ្មីកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Narongphan Jitkaewtae ។ រូបភាព៖ Bangkok Post
មេបញ្ជាការថ្មីកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Narongphan Jitkaewtae ។ រូបភាព៖ Bangkok Post
ដោយ:
​ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae ដែល​នឹង​ចូលកាន់​មុខតំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​ប្ដេជ្ញា ស្តារ​សន្តិភាព​ក្នុងសង្គម គាំទ្រ​ការអភិវឌ្ឍ​ប្រទេស និង​ស្មោះត្រង់ ការពារ​មហាក្សត្រ​។ ការប្ដេជ្ញា​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ថ្មី​រូបនេះ ធ្វើឡើង​ចំពេល​ដែល​ថៃ​កំពុង​រួមរឹត​ដោយ​បាតុកម្ម​អស់​រយៈពេល​២​ខែ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ពី​តំណែង និង​កែទម្រង់​របបរាជានិយម​។

 
​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន Narongphan Jitkaewtae នឹង​ធ្វើជា​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​ជំនួស​ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong ដែល​នឹង​ចូលនិវត្តន៍​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ខាងមុខ​។ កម្មវិធី​ពិធី​លាលែង​ពី​តំណែង ត្រូវបានធ្វើ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​កន្លងទៅ​។ ឧ​ត្ត​ម​សេនីយ៍ Narongphan ស​សើរ​មេទ័ព​ដែល​ចូល​និវត្ត​ចំពោះ​ការចំណាយ​ពេលវេលា និង​កម្លាំង​ក្នុងការ​ការពារ​អធិបតេយ្យ​ជាតិ និង​ផលប្រយោជន៍​សាធារណៈ ក៏ដូចជា​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់​។​
 
​មេបញ្ជាការ​កងទ័ពជើងគោក​ថ្មី​រូបនេះ ក៏បាន​ប្ដេជ្ញា​បំពេញការងារ​ឲ្យ​បានល្អ​ផងដែរ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក​ឧ​ត្ត​ម​សេនីយ៍ Narongphan បានប្រកាសថា​៖« ស្មោះស្ម័គ្រ​ការពារ​ព្រះមហាក្សត្រ និង​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ធ្វើការ​ដើម្បី​ឲ្យ​ប្រទេស​ឈានទៅ​មុខ​»​។ 
 
​ការលើកឡើង​របស់លោក Narongphan ធ្វើឡើង​ស្រប​ពេលដែល​នយោបាយ​ថៃ​កំពុង​រង្គោះរង្គើ​ដោយសារ​បាតុកម្ម​អស់​រយៈពេល​ជិត​២​ខែ​មកហើយ​។ ក្រុមបាតុករ​ថៃ បាន​និយាយ​រិះគន់​រដ្ឋាភិបាល​ថៃ និង​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ បញ្ឈប់​ការបំពាន​លើ​អ្នកប្រឆាំង ព្រមទាំង​កែទម្រង់​រាជានិយម​ក្នុងប្រទេស​ផង​។​
 
​រដ្ឋធម្មនុញ្ញ​ថៃ ដែល​អនុម័ត​ក្នុង​ឆ្នាំ​២០១៧ អំឡុងពេល​របប​យោធា​ដឹកនាំ​ប្រទេស ត្រូវបាន​ប្រជាពលរដ្ឋ​ថៃ​បោះឆ្នោត​យល់ព្រម​ក្នុង​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​គ្រានោះ​បក្សប្រឆាំង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​យុទ្ធនាការ​ឡើយ​។ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​បាតុករ​ថៃ​មើលឃើញថា​ឲ្យ​អំណាច​ច្រើន​ជ្រុល​ដល់​ព្រះមហាក្សត្រ​។ 
 
​ដោយសារតែ​ចេញមុខ​តវ៉ា បាតុករ​ជាច្រើនរូប កំពុង​រង​ការចោទប្រកាន់​ចំពោះ​សកម្មភាព​អំឡុងពេល​បាតុកម្ម​កាលពី​ចុង​សប្ដាហ៍​មុន ដូចជា​បំពាន​ច្បាប់​ប្រកាសអាសន្ន​ហាម​ការជួបជុំ​ទ្រង់ទ្រាយ​ធំ និង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​៕
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com