សង្គមអន្តរជាតិ
អន្តរជាតិ
អាជ្ញាធរវៀតណាម ចាប់បាននាយករងសាលា និងគ្រូ លួចប្រើគ្រឿងញៀននៅការិយាល័យធ្វើការ Duong Xuan Kiem នាយករងសាលា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀននៅការិយាល័យធ្វើការ
× នាយករងសាលារៀនម្នាក់នៅខេត្ត Bac Kan ភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនជាមួយមនុស្ស៣នាក់ផ្សេងទៀតនៅការិយាល័យធ្វើការរបស់ខ្លួន ក្នុងនោះមានគ្រូបង្រៀនម្នាក់ផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម Tuoi Tre News។
Duong Xuan Kiem អាយុ៥២ឆ្នាំ មានតួនាទីជានាយករងសាលាបឋម និងមធ្យមសិក្សា An Thang ក្នុងស្រុក Pac Nam ខេត្ត Bac Kan ស្ថិតនៅក្នុងការិយាល័យរបស់ខ្លួនជាមួយបុរសបីនាក់ទៀត ក្នុងនោះមានឈ្មោះ Ly Nguyen Bao អាយុ៤៧ឆ្នាំ ដែលជាគ្រូបង្រៀន ឈ្មោះ Mong Van Duy និង Ma Van Dan។
អ្នកទាំងបួន ត្រូវបានប៉ូលិសខេត្ត Bac Kan ចាប់បានកាលពីកណ្តាលសប្តាហ៍កន្លងមក ខណៈពួកគេកំពុងសេពគ្រឿងញៀនណាកូទិច នាអំឡុងម៉ោងប្រមាណ១០យប់។ លទ្ធផលតេស្តបានបង្ហាញថា អ្នកទាំងនោះ សុទ្ធតែមានលទ្ធផលវិជ្ជមានលើសារធាតុញៀន។
នាប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញអាភៀន៧គ្រាប់ ដបដាក់អាភៀនពីរ ដំបងអគ្គិសនី ទូរសព្ទដៃ និងវត្ថុតាងផ្សេងៗទៀត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធ។
តាមច្បាប់វៀតណាម អ្នកប្រើប្រាស់គ្រឿងញៀនប្រឈមការពិន័យចន្លោះពី៥០ម៉ឺន ទៅ១លានដុង (ពីជាង២០ដុល្លារ ទៅជាង៤០ដុល្លារអាមេរិក) ខណៈការជួញដូរវិញ មានរហូតដល់ទោសប្រហារជីវិតទៅតាមទំហំនៃការជួញដូរ។
កាលពីឆ្នាំ២០១៩ វៀតណាម មានអ្នកប្រើប្រាស់គ្រឿងញៀនថ្មីរហូតដល់ទៅជាង១ម៉ឺននាក់។ យោងតាម VN Express ភាគច្រើនជាយុវជនចន្លោះពី១២ ទៅ១៨ឆ្នាំ ជាពិសេសនៅបណ្តាខេត្តភាគខាងត្បូង៕
© រក្សាសិទ្ធិដោយ thmeythmey.com