អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មិន​ជឿ​លោក អាន់​វ៉ា មានការ​គាំទ្រ​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​
25, Sep 2020 , 10:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន (ឆ្វេង) និងមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន (ឆ្វេង) និងមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បាន​ចោទសួរ​ចំពោះ​ការអះអាង​របស់​មេដឹកនាំ​បក្សប្រឆាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលថា​លោក​ប្រមែ​ប្រមូលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។ មេដឹកនាំ​រូបនេះ លើកឡើងថា ការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​។

 
​ប្រាប់​អ្នកគាំទ្រ​នៅ​រដ្ឋ Sabah នៅ​ថ្ងៃទី​២៥ ខែកញ្ញា លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន និយាយថា លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ពុំបាន​បញ្ជាក់​ច្បាស់​ពី​ចំនួន​សមាជិកសភា ដែល​គាំទ្រ​លោក​ឡើយ ដោយ​លោក​ប្រាប់​ឲ្យ​រង់ចាំ​សិន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama លោកនាយក​រដ្ឋមន្ត្រី​អះអាងថា​៖«​តែ​រហូតមកដល់​ថ្ងៃនេះ ខ្ញុំ​ខ្លួនឯង​ក៏​ពុំ​ដឹង​ពី​ចំនួន ហើយ​ការអះអាង​របស់លោក ប្រហែលជា​ពិត ឬ​មិន​ពិត​»​។​
 
​លោក អាន់​វ៉ា ដែលជា​ប្រធាន​សម្ព័ន្ធភាព​បក្សប្រឆាំង Pakatan Harapan កាលពី​ថ្ងៃទី ២៣ ខែកញ្ញា បានប្រកាសថា លោក​ទទួលបាន​សំឡេងគាំទ្រ​ជិត​២​ភាគ​៣​នៃ​សមាជិកសភា​សរុប​រប​ស់​ម៉ាឡេស៊ី​ដែលមាន​២២២​នាក់​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា ការទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សំណាក់​សមាជិកសភា​ម៉ាឡេស៊ី​បែបនេះ មានន័យថា រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បាន​ដួលរលំ​ហើយ​។​
 
​យ៉ាងណាមិញ លោក មូ​ហ៊ី​ឌី​ន បាន​លើកឡើងថា សមាជិកសភា​នៃ​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម (UMNO) ខ្លះ ដែល​ធ្លាប់​អះអាងថា​គាំទ្រ​លោក អាន់​វ៉ា ក៏បាន​បដិសេធ​គាំទ្រ​លោក​វិញ​ផងដែរ​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា ប៉ុន្មាន​ថ្ងៃក្រោយ​ការប្រកាស​លោក អាន់​វ៉ា  សមាជិកសភា​បក្ស UMNO ជាច្រើន បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ថា ពួកគេ​ពុំ​ស្ថិតក្នុង​បញ្ជី​គាំទ្រ​លោក​អាន់​វ៉ា​ឡើយ​។ ម្ល៉ោះហើយ​ទើប​លោក​សង្ស័យថា​នេះ​ប្រហែលជា​សារ​នយោបាយ​ប៉ុណ្ណោះ​។​
 
​លោក អាន់​វ៉ា កាលពី​ថ្ងៃទី ២២ ខែកញ្ញា បានកំណត់​ពេល​ចូលគាល់​មហាក្សត្រ​ម៉ាឡេស៊ី​ដើម្បី​ជជែក​ពិភាក្សា​រឿង​បង្កើត​រដ្ឋាភិបាល​ថ្មី តែ​ការ​ណាត់ជួប​នេះ​ត្រូវបាន​លុបចោល​វិញ ព្រោះតែ​ស្ដេច​ប្រឈួន ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។ យ៉ាងណា ខាង​រាជវាំង​ម៉ាឡេស៊ី នោ​ថ្ងៃទី ២៥ ខែកញ្ញា បានប្រកាសថា ស៊ុ​លត​ង់ អាប់​ឌុល​ឡា នឹងមិន​អាច​យាង​ជួប​នរណាម្នាក់​បានឡើយ​ក្នុងពេល​១​សប្តាហ៍​នេះ ខណៈ​ទ្រង់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។  
 
​សូមបញ្ជាក់ថា លោក មូ​ហ៊ី​ឌី​ន បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ខែមីនា ក្រោយ​ជាប់គាំង​នយោបាយ​មួយ​សប្តាហ៍​ពេញ នៅពេល​លោក មហា​ធៀ បានសម្រេច​លាលែង​ពី​តំណែង​។ កាលនោះ លោក មហា​ធៀ បានសម្រេច​ដើរចេញ​បែបនេះ ក្រោយ​លោក​មិន​ពេញ​ចិត្តនឹង​អ្នកនយោបាយ​ក្នុង​សម្ព័ន្ធភាព Pakatan Harapan ដែល​បាន​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ជាមួយ UMNO ដែលជា​អតីត​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ឆ្នាំ​២០១៨ របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ៕
 
 

Tag:
 ម៉ាឡេស៊ី​
  មូ​យី​ដ​ឌី​ន យ៉ា​ស៊ីន​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com