អន្តរជាតិ
តៃវ៉ាន់បាញ់សាកល្បងមីស៊ីល បន្ទាប់ពីយន្តហោះចម្បាំងចិនហោះឆ្វែលច្រើនដង តៃវ៉ាន់បាញ់សាកល្បងមីស៊ីល នៅខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ CNA
× តៃវ៉ាន់ នៅយប់ថ្ងៃទី២៤ ខែកញ្ញា បានបាញ់មីស៊ីលមួយគ្រាប់នៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន និងមួយគ្រាប់ទៀត ត្រូវបានរំពឹងថា បាញ់សាកល្បងនៅក្បែរឆ្នេរភាគខាងត្បូងនៅយប់ថ្ងៃទី២៥ ខែកញ្ញា។ ការបាញ់សាកល្បងនេះ ធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្លងចូលដែនអាកាសតៃវ៉ាន់នាពេលកន្លងទៅ។
ស្ថានការណ៍យោធាតាមច្រកសមុទ្រតៃវ៉ាន់ មួយរយៈចុងក្រោយនេះ ហាក់ដូចជាអាប់អួរខ្លាំង ព្រោះចិនបានធ្វើសមយុទ្ធយោធា និងយន្តហោះចម្បាំងនៅក្បែរច្រកសមុទ្រនេះ។ យន្តហោះចម្បាំងចិនជាច្រើនគ្រឿង និងមានទាំងយន្តហោះទម្លាក់គ្រាប់បែកផងនោះ បានហោះពីលើច្រកសមុទ្រតៃវ៉ាន់។ នេះហាក់ដូចជាបំណងរបស់ចិន ដើម្បីគំរាមតៃវ៉ាន់ ក៏ដូចជាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានទស្សនកិច្ចមកតៃវ៉ាន់នាពេលកន្លងមក។
ប៉ុន្មានថ្ងៃក្រោយយន្តហោះចម្បាំងចិនហោះឆ្វែលជាច្រើន តៃវ៉ាន់បានបញ្ចេញសាច់ដុំវិញ។ តៃវ៉ាន់ នៅថ្ងៃទី២៤ ខែកញ្ញា បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ និងត្រូវគេរំពឹងថា អាចបាញ់មួយគ្រាប់ទៀតនៅយប់ថ្ងៃទី២៥ ខែកញ្ញា នៅមូលដ្ឋានយោធា Jiupeng នៅភាគខាងត្បូង។ ការបាញ់សាកល្បងមីស៊ីលនេះ គឺផ្នែកមួយនេះ កម្មវិធីរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ដើម្បីតាមដានកម្លាំងរបស់មីស៊ីលទាំងពីរគ្រាប់នេះ។
តាមការបញ្ជាក់របស់ទីភ្នាក់ងារនេសាទតៃវ៉ាន់ មីស៊ីលនេះ ហោះបានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ និងធ្លាក់នៅក្នុងសមុទ្របាស៊ីហ្វិក។ យ៉ាងណាក៏ដោយ តៃវ៉ាន់ មិនបានបញ្ជាក់ពីប្រភេទមីស៊ីលនេះទេ។
តាមការផ្សាយរបស់កាសែត South China Morning Post មន្ត្រីតៃវ៉ាន់ម្នាក់ បានអះអាងថា មីស៊ីល ដែលបានបាញ់នៅយប់ថ្ងៃទី២៤ ខែកញ្ញា ទំនងជាប្រភេទ Tien Kung-3 ដែលជាមីស៊ីលបាញ់ពីដីទៅអាកាស ដើម្បីបង្អាក់មីស៊ីលសប្រដេញ។ ចំណែកសារព័ត៌មានក្នុងស្រុកតៃវ៉ាន់វិញផ្សាយថា មីស៊ីលនេះ អាចជាមីស៊ីលប្រឆាំងនឹងនាវា Hsiung Feng III ឬ Tien Kung-3 ។
គួររំឭកថា នៅក្នុងខែមិថុនាកន្លងទៅ តៃវ៉ាន់ក៏បានបាញ់សាកល្បងមីស៊ីលដែរ ប៉ុន្តែមិនបានបញ្ជាក់ពីប្រភេទមីស៊ីលទេ។ មីស៊ីលនោះ គឺបានបាញ់នៅក្បែរឆ្នេរភាគខាងកើត និងខាងត្បូងរបស់តៃវ៉ាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com