អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ហៅ​មន្ត្រី​ទូត​ហ្វីលីពីន​សួរនាំ ក្រោយ​លោក Duterte ហៅ​ទូត​អាមេរិក​ថា ខ្ទើយ​
09, Aug 2016 , 3:32 pm        
រូបភាព
 
 
​មន្ត្រី​ទូត​ហ្វីលីពីន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវបាន​អញ្ជើញ​ដោយ​ក្រសួងការបរទេស​អាមេរិក ដើម្បី​មក​សួរនាំ​ជុំវិញ​ពាក្យសម្ដី​ប្រមាថ​របស់​ប្រធានាធិបតី Rodrigo Duterte មកលើ​ប្រេសិត​អាមេរិក​ក្នុង​ទីក្រុង​ម៉ានីល​កាលពីពេល​ថ្មីៗ​នេះ​។ យ៉ាងណាក្ដី គេ​មិនទាន់​ដឹង​ព័ត៌មាន​ពិស្ដារ​នៃ​ជំនួប​នោះ​នៅឡើយ​ទេ​។​

 
​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បញ្ជាក់ថា ខ្លួន​បាន​កោះហៅ​មន្ត្រី​ទូត​ហ្វីលីពីន ក្នុង​គោលបំណង​សួរ​បញ្ជាក់​សម្ដី​អធិប្បាយ​មើលងាយ និង​មិន​សមរម្យ​របស់​ប្រធានាធិបតី Rodrigo Duterte ដែល​បាន​ហៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន លោក Philip Goldberg ថា​ជាម​នុស្ស «​ខ្ទើយ​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Elizabeth Trudeau ក៏​បញ្ជាក់ដែរថា ក្រសួង​បាន​កោះហៅ​ភារធារី​ហ្វីលីពីន ដើម្បី​សួរនាំ​បញ្ហា​នេះ​។ 
 
​យ៉ាងណាមិញ អ្នកនាំពាក្យ​ខាងលើ បាន​បដិសេធ​ផ្ដល់ព័ត៌មាន​ជាក់លាក់​នៃ​ជំនួប​រវាង​ភារធារី​ហ្វីលីពីន Patrick Chuasoto និង​មន្ត្រី​អាមេរិក​។ ជុំវិញ​ដើមហេតុ​នៃ​បញ្ហា​នេះ សារព័ត៌មាន ABS-CBN រាយការណ៍​ថា លោក​ប្រធានាធិបតី Duterte បាន​ហៅ​លោក Goldberg ថា​ជា «​ខ្ទើយ​» អំឡុងពេល​សុន្ទរកថា​ទៅកាន់​ទាហាន​ក្នុង​ជំរុំ Lapu Lapu ស្ថិតក្នុង​ក្រុង​សេ​ប៊ូ​។​
 
«​រដ្ឋមន្ត្រី​ការពារជាតិ Delfin Lorenzana និង​ខ្ញុំ បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី ប៉ុន្តែ​គាត់​មិន​អី​ទេ​។ តែ​ខ្ញុំ​មាន​បញ្ហា​ជាមួយ​លោក Goldberg ជា​អគ្គរដ្ឋទូត​ខ្ទើយ​របស់គាត់ (​របស់លោក ឃែ​រី​)​។ លោក Goldberg បាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​ហ្វីលីពីន កាលពីពេល​បោះឆ្នោត​។ គាត់​មិនគួរ​ធ្វើបែបនេះ​ឡើយ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​រំខាន​ណាស់​។​» នេះ​ជា​សម្ដី​របស់លោក Duterte ដែល​នាំ​ឲ្យ​អាមេរិក​កោះហៅ​មន្ត្រី​ទូត​ហ្វីលីពីន​ទៅ​សួរនាំ​។​
 
​សូម​រម្លឹកថា ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ត្រូវគេ​មើលឃើញថា ជា​មេដឹកនាំ​មាត់ដាច និង​ចិត្ត​ឆៅ ព្រោះ​លោក​ធា្ល​ប់​គំរាម​ទាត់​អគ្គរដ្ឋទូត​បរទេសមួយ ដែល​មក​សួរនាំ​លោក​រឿង​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់ និង​ដាក់​បញ្ជា​បាញ់សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​គ្មាន​ត្រា​ប្រណី​ផងដែរ​។ មកទល់ពេលនេះ មនុស្ស​ជាច្រើន​រយ​នាក់ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវ​បាញ់សម្លាប់​យ៉ាង​រង្គាល​។ 
 
​កាលពីមុន​បោះឆ្នោត លោក Duterte ក៏​គំរាម​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​អូស្ត្រាលី បន្ទាប់ពី​អគ្គរដ្ឋទូត​ប្រទេស​ទាំងពីរ​នេះ រិះគន់​លោក លើ​ករណី​រំលោភ​បូក​ស្ត្រី​អូស្ត្រាលី​ម្នាក់​កាលពី​ឆ្នាំ​១៩៨៩​។ ប៉ុន្តែ​លោក ប្រាប់​ឲ្យ​ពួកគេ​បិទមាត់ ព្រោះ​ពួកគេ​គ្មាន​សិទ្ធិមក​និយាយ​ពី​រូបលោក និង​កិច្ចការ​របស់​ហ្វីលីពីន​ឡើយ​៕  
 
  
 
 

Tag:
 អាមេរិក​
 ​ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com