ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា អាច​នឹង​ចូលប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​?
06, Oct 2016 , 9:05 pm        
រូបភាព
ឯកឧត្តម កឹម សុខា នៅក្នុងកិច្ចប្រជុំសភា កាលពីខែមករា បន្ទាប់ពីឯកឧត្តមធ្លាក់ពីតំណែងជាអនុប្រធានទី ១​ នៃរដ្ឋសភា។
ឯកឧត្តម កឹម សុខា នៅក្នុងកិច្ចប្រជុំសភា កាលពីខែមករា បន្ទាប់ពីឯកឧត្តមធ្លាក់ពីតំណែងជាអនុប្រធានទី ១​ នៃរដ្ឋសភា។
ដោយ:
​នៅ​ថ្ងៃ​សុក្រ​ស្អែក​ទី ៧ ខែតុលា រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៧ និង​នីតិកាល​ទី ៥ ក្រោយពី​ឈប់សម្រាក​រយៈពេល ៣ ខែ​។ តួអង្គ​សំខាន់​ដែល​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រង់ចាំ​មើល​នៅក្នុង​កិច្ចប្រជុំ​នោះ គឺ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គឺ​ឯកឧត្តម កឹម សុខា អតីត​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ដែល​ត្រូវ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ដកចេញ​ពី​តំណែង​។



​តាំងពី​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ក្រោយ​ពិធីបុណ្យ​មកដល់​ថ្ងៃនេះ ស្ថានភាព​នយោបាយ ហាក់​មាន​សភាព​ធូរស្រាល ពោលគឺ​ការវាយប្រហារ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មាន​ភាពស្ងប់ស្ងាត់​។ ធូរស្រាល​ដោយសារ ទាំង​ប្រមុខ​មេដឹកនាំ​បក្ស​កាន់អំណាច ទាំង​មេដឹកនាំ​គណបក្សប្រឆាំង សុទ្ធតែ​ផ្ញើ​សារ​ឲ្យ​មន្ត្រី និង​អ្នកគាំទ្រ​រៀងៗ​ខ្លួន ឲ្យ​រក្សា​ភាព​អត់ធ្មត់ កុំ​វាយប្រហារ​គ្នា​។ លើសពីនេះ កាលពី​ថ្ងៃទី​៤ ខែតុលា ប្រធាន​គណៈកម្មការ​នៃ​រដ្ឋ​ភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក៏​ជា​កត្តា​រួមចំណែក​បន្ធូរ​ភាព​តានតឹង​នយោបាយ​ដែរ​។ 
 
​កាលពី​ថ្ងៃទី ៥ ខែតុលា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា ដែល​ឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ​បក្ស​អស់​រយៈពេល​ជិត ៤ ខែ​ហើយ​នោះ បាន​ចេញពី​ទីស្នាក់ការ​បក្ស​លើកដំបូង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ​។ ការ​ចេញពី​ស្នាក់ការ​បក្ស​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ទៅ​ចុះឈ្មោះ​បោះឆ្នោត​បាន​ជោគជ័យ ដោយ​គ្មាន​ការចាប់ខ្លួន​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ស្ថានការណ៍​នយោបាយ​កម្ពុជា ដែល​គណបក្ស​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំ​អស់​រយៈពេល​រាប់​ខែ​មកហើយ​។ 
 
​គម្រោង​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី ៧ ខែតុលា ត្រូវ​អ្នកវិភាគ​នយោបាយ​វាយតម្លៃថា ស្ថានភាព​នយោបាយ​នឹង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ប្រសិនបើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គឺ​ឯកឧត្តម កឹម សុខា សម្រេច​ចូលប្រជុំ​រដ្ឋសភា​នោះ​។ អ្នកតាមដាន​នយោបាយ មាន​សុទិដ្ឋិនិយម​ថា កាលៈទេសៈ​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ​ទំនងជា​ត្រូវ​ដើរតួ​ជា​អ្នក​ថ្នម​សភាពការណ៍ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឯកឧត្តម កឹម សុខា ផង​នោះ នឹង​ចូលប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ ផ្ទុយទៅវិញ ប្រសិនបើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មិន​ចូលប្រជុំ​សភា​ទេ ភាព​អាប់អួ​នយោបាយ​នឹង​វិល​មកវិញ​ជាមិនខាន ដោយសារ​ប្រធាន​គណបក្សកាន់អំណាច សម្តេច ហ៊ុន សែន ធ្លាប់​ប្រកាសថា ការចរចា​នយោបាយ​អាច​កើតមាន បើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលធ្វើការ​នៅ​សភា​។ 
 
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា បាន​ត្រៀមខ្លួន ដើម្បី​ចូលប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ៧ ខែតុលា​។ តែ​លោក បញ្ជាក់ថា គម្រោង​នេះ​អាច​នឹង​ប្រែប្រួល​ទៅវិញ ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​។ លោក ឆៃអ៊ាង មិន​ហ៊ាន​អះអាងថា ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ចូលប្រជុំ​សភា​ស្អែក​ឬ​យ៉ាងណា​នោះឡើយ​។ ក៏ប៉ុន្តែ​ករណី​ឯកឧត្តម កឹម សុខា នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត គឺ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹង​ដែរ​ថា ឯកឧត្តម កឹម សុខា អាច​នឹង​ចូលប្រជុំ​រដ្ឋសភា បើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត ចូលប្រជុំ​សភា ព្រោះ​លោក​ថា​ឯកឧត្តម កឹម សុខា ក៏​ជា​តំណាងរាស្ត្រ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com