ជាតិ
ក្រសួង និងNGOs មកពីប្រទេសចំនួន៥ ជជែកគ្នាពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន លោក តឹក វណ្ណារ៉ា ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៅសណ្ឋាគារសុខាភ្នំពេញ
× ភ្នំពេញ៖ ក្រសួងចំនួន១០ និងអង្គការសង្គមស៊ីវិលចំនួន១០ មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកម្ពុជា បានរៀបចំសិក្ខាស្តីពី៖ សំណៅពង្រាងគោលការណ៍ណែនាំអំពីការចូលរួមជាសាធារណៈ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីក្លាយជាគោលការណ៍រួមមួយ ដាក់ទៅរដ្ឋាភិបាលទាំង៥ប្រទេសខាងលើ ឲ្យគិតគូរពីប៉ះពាល់ពលសង្គម និងបរិស្ថាន មុននឹងវិនិយោគនៅតំបន់ណាមួយ។
លោក តឹក វណ្ណារ៉ា សមាជិកក្រុមការងារបច្ចេកទេសថ្នាក់តំបន់ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងជាប្រធានអង្គការវេទិកាមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGOs Forum) បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅសណ្ឋាគារសុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ តុលា ថា សំណៅពង្រាងគោលការណ៍ណែនាំនេះ នឹងត្រូវដាក់ទៅអន្តររដ្ឋាភិបាលនៅចុងឆ្នាំ២០១៧ ដោយមានការដាក់បញ្ចូលចំនុចសំខាន់ៗដូចជា៖ ទីមួយ គឺការចូលរួមរបស់ប្រជាជន តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់របាយការណ៍EIA(ដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន)របស់គម្រោងនីមួយៗ។ ទីពីរ៖ ជំរុញឲ្យមានការពិភាក្សាឲ្យបានស៊ីជម្រៅជាមួយពលរដ្ឋ ស្តីពីការពិគ្រោះយោបល់នីមួយៗ ដោយម្ចាស់គម្រោងត្រូវយកសំឡេងប្រជាជនច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ និងទី៣ ត្រូវធានាឲ្យអ្នកពាក់ព័ន្ធបានចូលរួមជាអតិបមា ក្នុងការពិភាក្សា និងពិគ្រោះយោបល់លើគម្រោងទាំងឡាយ។ លោក តឹក វណ្ណារ៉ា សង្កត់ធ្ងន់ថា សំណៅពង្រាងនេះ មិនមែនជាច្បាប់ចាប់បង្ខំអន្តររដ្ឋាភិបាលឲ្យយកទៅអនុវត្តន៍នោះទេ ប៉ុន្តែ គោលការណ៍ណែនាំនេះ នឹងជូនដល់ដៃរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយលើកទឹកចិត្តឲ្យអន្តររដ្ឋាភិបាលយកទៅអនុវត្តន៍។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈគោលការណ៍ណែនាំរួមនេះ ពេលអនុម័តរួច យើងនឹងយកទៅជូនអន្តររដ្ឋាភិបាលតំបន់ទន្លេមេគង្គទាំង៥ប្រទេស ហើយលើកទឹកឲ្យប្រទេសនីមួយៗ យកទៅធ្វើការសិក្សា ឬបញ្ជ្រាបនៅក្នុងគោលនយោបាយជាតិ ឬច្បាប់ជាតិ ដើម្បីឲ្យមានការអនុវត្តន៍លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន របស់គម្រោងវិនិយោគនីមួយៗឲ្យបានកាន់តែល្អប្រសើរ»។
ទាក់ទងនឹងបញ្ហានេះ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសិក្ខាសាលា ថា ការចូលរួមជាសាធារណៈរបស់ពលរដ្ឋចំពោះគម្រោងវិនិយោគ គឺមានសារសំខាន់ ពីព្រោះ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាប់ពាក់ព័ន្ធនឹងជីវភាពពលរដ្ឋនៅមូលដ្ឋាន។ លោកបន្តថា រដ្ឋាភិបាល នឹងពិនិត្យឲ្យបានម៉ត់ចត់ មុនអនុញ្ញាតឲ្យមានការវិនិយោគគម្រោងទាំងឡាយនៅប្រទេសកម្ពុជា។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«កន្លងមក កម្ពុជាបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) ពីព្រោះ វាជាល័ក្ខខណ្ឌមួយចាំបាច់របស់ក្រុមហ៊ុន ដោយមុនឲ្យក្រុមហ៊ុនធ្វើការវិនិយោគ ក្រសួងត្រូវគិតគូរឲ្យបានម៉ត់ចត់ពីផលប៉ះពាល់បរិស្ថាន»។ លោកបន្តថា ក្រសួងបរិស្ថាន មានការសម្របសម្រួលរវាងអ្នកវិនិយោគ និងប្រជាពលរដ្ឋ ដើម្បីឲ្យគម្រោងវិនិយោគទាំងឡាយ មានផលប្រយោជន៍ដល់ពលរដ្ឋ និងអ្នកវិនិយោគ។
យ៉ាងណាក៏ដោយ លោក ចឺន ណាម ជនជាតិដើមភាគតិចព្នងមកពីឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានថ្មីៗថា រាល់ការវិនិយោគទាំងឡាយនៅឃុំរបស់លោក គឺលោកមិនដែលបានឃើញក្រុមហ៊ុនណា មកពិគ្រោះយោបល់ជាមួយពលរដ្ឋនោះឡើយ។ កំពុងចូលរួមសិក្ខាសាលាខាងលើនេះដែរនោះ លោក ចឺន ណាយ បានបញ្ជាក់ថា កន្លងមក នៅមូលដ្ឋានរបស់លោក មានក្រុមហ៊ុនរុករករ៉ែរបស់វៀតណាម បានធ្វើឲ្យប៉ះពាល់ដីស្រែ និងចម្ការជនជាតិដើមភាគតិចព្នងជាច្រើនហិចតា។ និយាយបណ្តើររកនឹកបណ្តើរ បុរសវ័យ៥៣ឆ្នាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមហ៊ុនរុករករ៉ែរបស់វៀតណាម បានចូលមកធ្វើអាជីវកម្មនៅភូមិឃុំរបស់ខ្ញុំ ដោយមិនបានប្រាប់ពលរដ្ឋមុននោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងចម្ការរបស់គ្រួសារខ្ញុំ និងអ្នកភូមិរបស់ខ្ញុំខ្លះទៀត។ មានសំលៀកបំពាក់ចាស់ៗ បុរសសម្បុរខ្មៅ និងមានស្បែកជ្រាវជ្រួញរូបនេះ បានសំណូមពរដល់រដ្ឋាភិបាល ឲ្យជំរុញក្រុមហ៊ុនទាំងឡាយ ដែលចង់ចូលទៅរកស៊ីនៅតំបន់ឃុំដាក់ដាំ ត្រូវពិគ្រោះយោបល់ជាមួយពលរដ្ឋម្ចាស់ស្រុក មុនធ្វើការវិនិយោគផ្សេងៗ៕
Tag:
តឹក វណ្ណារ៉ា
ស៊ូ សូវុធ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com