បទវិភាគ
នៅមុខរាស្ត្រ ធ្វើជាចិត្តល្អ ដើម្បីសន្លឹកឆ្នោត តែនៅពីក្រោយរាស្ត្រ... លោក Niccolò Machiavelli ទស្សនវិទូរ និងជាអ្នកជំនាញនយោបាយនៅអ៊ីតាលីកាលពីសតវត្សរ៍ទី១៥
× ភ្នំពេញ៖ តាំងពីបុរាណកាល រហូតដល់សម័យស៊ីវិល័យ នយោបាយវិទូជាច្រើន បានបង្កើតមេរៀននយោបាយ សម្រាប់អ្នកនយោបាយយកជាមាគ៌ាក្នុងការដឹកនាំប្រទេស ។ ទស្សនវិទូនយោបាយទាំងនោះ បានបង្កើតទ្រឹស្តី និងមាគ៌ានយោបាយ ទៅតាមមនោគតិ និងអារម្មណ៍ ក៏ដូចជាការយល់ដឹង ប្រកបដោយការត្រិះរិះពិចារណាយ៉ាងជ្រាលជ្រៅរបស់ខ្លួនពីទិដ្ឋភាពសង្គមដែលខ្លួនរស់នៅផ្ទាល់។ ក្នុងចំណោមអ្នកប្រាជ្ញនយោបាយទាំងអស់ អ្នកប្រាជ្ញនយោបាយមួយចំនួន ដូចជា សូក្រាត, ប្លាតុង, អារីស្តូត, ឡៅជឺ, ខុងជឺ,នីកូឡូ ម៉ាឃីយ៉ាវ៉េលី, ហ្សង់ហ្សាក់ រូស្សូ, ចន ឡុក, ថូម៉ាស ហ៊ប់, កាល់ ម៉ាក្ស, វ្ល៉ាឌីមៀរ លេនីន ជាដើម ត្រូវបានមនុស្សក្នុងលោក យកធ្វើជាវីរបុរស និងចងចាំមិនភ្លេច។
បណ្តាមនោគមវិទ្យានយោបាយរបស់អ្នកប្រាជ្ញទាំងនោះ នីកូឡូ ម៉ាឃីយ៉ាវ៉េលី (Niccolò Machiavelli) គឺជាអ្នកទ្រឹស្តីនយោបាយមួយរូបដ៏ល្បីល្បាញនៃប្រទេសអ៊ីតាលី ដែលគំនិតរបស់លោក ត្រូវបានអ្នកនយោបាយមិនតិចទេ យកមកអនុវត្តតាម ដើម្បីក្តោបក្តាប់អំណាច។ «The Prince» គឺជាចំណងជើងសៀវភៅនយោបាយដ៏ល្បីល្បាយមួយក្បាល ដែលសរសរដោយ នីកូឡូ ម៉ាឃីយ៉ាវ៉េលី ក្នុងឆ្នាំ១៥១៣។
គំនិតមួយរបស់ នីកូឡូ ម៉ាឃីយ៉ាវ៉េលី ក្នុងសៀវភៅ «The Prince» បានបង្រៀនថា «អ្នកនយោបាយ ត្រូវចេះប្រែខ្លួនជាសត្វពីរប្រភេទ គឺសត្វសិង្ហ និងសត្វកញ្ជ្រោង» ។ នីកូឡូ ម៉ាឃីយ៉ាវ៉េលី ពន្យល់ថា ពេលខ្លះ អ្នកនយោបាយ ត្រូវធ្វើជាសិង្ហ ដើម្បីបង្ហាញឫទ្វិអំណាច ក្នុងការបង្ក្រាបអ្នកដែលប្រឆាំងនឹងខ្លួន ហើយពេលខ្លះ ត្រូវធ្វើជាកញ្ជ្រោង ដើម្បីស្គាល់អន្ទាក់ និងប្រើល្បិចស្វែងរកអ្នក ដែលចង់ដាក់អន្ទាក់ខ្លួន ព្រោះសត្វសិង្ហមានតែឥទ្ធិពល តែមិនស្គាល់អន្ទាក់ ហើយសត្វកញ្ជ្រោងឆ្លាតមានល្បិច ស្គាល់អន្ទាក់ តែគ្មានអំណាច។
ក្នុងន័យនេះ នីកូឡូ ម៉ាឃីយ៉ាវ៉េលី ចង់បង្ហាញផ្លូវថា នៅពីក្រោយមហាជន អ្នកនយោបាយ ត្រូវហ៊ានធ្វើគ្រប់យ៉ាងក្នុងការបង្ក្រាប និងកម្ទេចសត្រូវ និងគូបដិបក្ខ ដែលប្រឆាំងនឹងខ្លួន ដើម្បីក្តាប់អំណាច (ចរិតជាសត្វសិង្ហ)។ ប៉ុន្តែ នៅពីមុខមហាជន អ្នកនយោបាយ ត្រូវចេះសម្តែងភាពទន់ភ្លន់ សុភាពរាបសា ចេះចែកអំណោយ ធ្វើដូចជាអ្នកដឹកនាំប្រកបដោយសប្បុរសធម៌ យកចិត្តអ្នករាល់គ្នា ធ្វើដូចជាខ្លួនឯងស្មោះ។ ពេលខ្លះទៀត អ្នកនយោបាយ ត្រូវចូលទៅកៀកកិតអ្នកណាម្នាក់ ធ្វើដូចជាស្រឡាញ់ចូលចិត្តអ្នកនោះ តែតាមការពិតដើម្បីស៊ើបអង្កេតក្រែងលោអ្នកនោះរៀបចំអន្ទាក់ដាក់ខ្លួន (ចរិតជាសត្វកញ្ជ្រោង)។
ចំពោះគំនិតមួយនេះ ម៉ាឃីយ៉ាវ៉េលី ហាក់ដូចជាចង់បង្ហាត់អ្នកនយោបាយ ឲ្យចេះប្រើល្បិចនយោបាយប្រជាភិថុតិ ដើម្បីគ្រប់គ្រងអំណាចយូរអង្វែង ដោយមិនខ្វល់ពីទុក្ខសោកប្រជាពលរដ្ឋ។ ទីបំផុត មាគ៌ានយោបាយប្រជាភិថុតិនេះបានទទួលជោគជ័យមែន ដោយអ្នកដឹកនាំ និងអ្នកនយោបាយជាច្រើន តាំងពីជំនាន់លោក រហូតមកដល់សម័យបច្ចុប្បន្ន យកមកដឹកនាំប្រទេស។ អ្នកនយោបាយខ្លះ កាន់កាប់អំណាចរាប់អាណត្តិ ដោយជោគជ័យ គ្មានអ្នកណាអាចផ្តួលរំលំបាន ដោយសារតែយុទ្ធសាស្ត្រ «នយោបាយប្រជាភិថុតិ» នេះតែម្តង ។
តើអ្វីជានយោបាយប្រជាភិថុតិ? តើ សកម្មភាពនយោបាយប្រជាភិថុតិ មានលក្ខណៈដូចម្តេច? តើអ្នកនយោបាយប្រភេទណាចូលចិត្តប្រើនយោបាយប្រជាភិថុតិ? ហើយនយោបាយប្រជាភិថុតិ ច្រើនកើតមាននៅប្រទេសមានស្ថានភាពដូចម្តេច?
នៅពេលណាអ្នកឮពាក្យ «នយោបាយប្រជាភិថុតិ» អ្នកត្រូវយល់ពីសកម្មភាព និងគិតដល់រឿងមូយភ្លាម គឺ «ការប្រើនយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីអំណាច និងផលប្រយោជន៍» របស់ខ្លួន គ្រួសារខ្លួន និងបក្សពួកខ្លួន ដោយមិនខ្វល់ពីការឈឺចាប់របស់ប្រជាពលរដ្ឋ និងការវិនាសអន្តរាយប្រទេសជាតិ។
នយោបាយប្រជាភិថុតិ គឺជាអ្វីដែលគ្មាន តែអ្នកនយោបាយនិយាយថាមាន អ្វីដែលមិនពិត តែអ្នកនយោបាយនិយាយថាពិត អ្វីដែលជាការពិត តែត្រូវបានអ្នកនយោបាយបំភ័ន្ត និងបិទបាំងភ្នែកមហាជន អ្វីដែលជាប្រយោជន៍ជាតិ តែត្រូវបានអ្នកនយោបាយ ទាញយកជាប្រយោជន៍បក្សខ្លួន អ្វីដែលមិនអាចធ្វើបាន តែអ្នកនយោបាយសន្យាថាអាចធ្វើបាន អ្វីដែលជាការឈឺចាប់របស់ប្រជាជន ត្រូវបានអ្នកនយោបាយឆ្លៀតឱកាសប្រើការឈឺចាប់នោះ ដើម្បីចាប់យកការគាំទ្រពីជនរងគ្រោះទាំងនោះថែមទៀត។
ពេលខ្លះអ្នកនយោបាយ ហ៊ានប្រើយុទ្ធសាស្ត្របង្កើតព្រឹត្តិការណ៍ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ដើម្បីប្រយោជន៍អ្វីមួយដែលខ្លួនចង់បាន ហើយក៏ធ្វើពើជាស្រែកយំសោកស្តាយនិងអះអាងថានឹងរកយុត្តិធម៌ជូនប្រជាជន។ នេះគេហៅថា យកសពរាស្ត្រ ធ្វើស្រែ ដែលសម្លាប់គេហើយ បានផលប្រយោជន៍ពីគេទៀត ហើយថែមទាំងទទួលបានការអរគុណ ពីមហាជន និជនរងគ្រោះផងដែរ។ អ្វីដែលឈឺចាប់លើសពីនេះទៅទៀតនោះ គឺថា ប្រជាពលរដ្ឋជាជនរងគ្រោះ បែរជាយល់ថា វាជា «នយោបាយជួយសង្គ្រោះ» ទៅវិញ។ នេះហើយ ដែលគេហៅថា «នយោបាយប្រជាភិថុតិ»។
នយោបាយប្រជាភិថុតិ គឺប្រៀបដូចជាក្រណាត់ «ស» សិប្បនិមិតមួយផ្ទាំង ។ យើងមើលទៅ គឺច្បាស់ណាស់ថាឃើញពណ៌ស តែតាមការពិតផ្ទាំងខាងក្នុងគឺជាពណ៌ខ្មៅ។ ផ្ទាំងក្រណាត់នោះ ត្រូវបានគេប្រាប់យើងរាល់គ្នាថា ជាផ្ទាំងក្រណាត់ពណ៌សសុទ្ធ តែសច្ចភាពនៃរូបធាតុពិតរបស់ផ្ទាំងក្រណាត់នោះគឺពណ៌ខ្មៅទេ គ្រាន់តែគេលាបពណ៌វាឲ្យសតែប៉ុណ្ណោះ ។ស្ថានភាពបែបនេះ មានតែអ្នកមានបញ្ញាខ្ពស់ និងអ្នករៀនសូត្រជ្រៅជ្រះមួយចំនួនតូចទេទើបអាចមើលដឹង តែមហាជនរាប់លាននាក់ត្រូវបានគេភូកកុហក។
សម្រាប់ វរជននយោបាយ ដែលប្រកាន់យកភាពថ្លៃថ្នូរ និងស្រឡាញ់ប្រជាជនពិតប្រាកដ មិនអាចប្រើនយោបាយប្រជាភិថុតិ នោះទេ។ នយោបាយប្រជាភិថុតិ មានតែពួកអ្នកនយោបាយ ដែលមានអត្តចរិតផ្តាច់ការ ឃោរឃៅ គ្មានទសពិធរាជធម៌ ស្រឡាញ់អំណាច អាត្មានិយម គិតគ្រួសារ និងបក្សពួក ជាងជាតិមាតុភូមិតែប៉ុណ្ណោះ ទើចអាចប្រើទ្រឹស្តី និងដើរតាមគន្លងនយោបាយប្រជាភិថុតិនេះបាន។
ជាទូទៅ «នយោបាយប្រជាភិថុតិ» ច្រើនកើតមានក្នុងប្រទេសតតិយលោក ឬប្រទេសដែល ប្រជាជនមានការអប់រំទាប ខ្វះការពិចារណា មានបញ្ញាទាបក្នុងការគិតពីរឿងនយោបាយ និងមិនចេះមើលសកម្មភាពស្មោះ ឬក្បត់របស់អ្នកនយោបាយ។ ម្យ៉ាងទៀត ប្រទេសជាតិដែលប្រជាជនមិនចូលចិត្តខ្វល់ខ្វាយពីរឿងនយោបាយ ព្រងើយកន្តើយនឹងនយោបាយ គិតតែក្រពះផ្ទាល់ខ្លួន ក៏ជាមូលហេតុចម្បងមួយ ដែលផ្តល់ឱកាសដល់អ្នកនយោបាយអមនុស្សធម៌ ប្រើប្រាស់នយោបាយប្រជាភិថុតិនេះដែរ។
ដើម្បីឲ្យប្រជាពលរដ្ឋជៀសផុតពីអន្លង់ «នយោបាយប្រជាភិថុតិ» ដែលជាហេតុផ្តល់មកនូវការឈឺចាប់គ្រប់យ៉ាង និងការបាត់បង់ទឹកដី ប្រជាពលរដ្ឋខ្លួនឯងត្រូវតែចេះឈឺឆ្អាល និងចូលរួមគិតគូរយ៉ាងសកម្មក្នុងរឿងនយោបាយ និងសង្គមទាំងអស់គ្នា ។
កុំបន្ទោសអ្នកនយោបាយឲ្យសោះ ពេលអ្នកនយោបាយបោកប្រាស់ ប្រសិនបើអ្នកគិតថារឿងនយោបាយ គឺជារឿងរបស់អ្នកនយោបាយ៕
Tag:
ទស្សនៈ
នយោបាយ
ប្រជភិថុតិ
© រក្សាសិទ្ធិដោយ thmeythmey.com