ជាតិ
បទវិភាគ
បញ្ញា ជា​សមត្ថភាព​ក្នុងការ​ចងចាំ​និង​ការយល់ ឯ​ចំណេះដឹង ជា​ទិន្នន័យ ដែល​ផ្ទុក​ក្នុង​ខួរក្បាល​
31, Oct 2016 , 7:00 am        
រូបភាព
ភ្នំពេញ​៖ បញ្ញា និង​ចំណេះដឹង ជាស​ភាវ​ពីរ ដែលមាន​លក្ខណ​ផ្សេងគ្នា តែមាន​ដំណើរ​អាស្រ័យ​គ្នា​ទៅវិញទៅមក​។ បញ្ញា មិនមែនជា​ចំណេះដឹង តែ​បញ្ញា​ជា​មាគ៌ា​អភិវឌ្ឍ​ចំណេះដឹង​។ ចំណេះដឹង មិនមែនជា​បញ្ញា តែ​ចំណេះដឹង ជា​មាគ៌ា​បង្កើន​បញ្ញា​។​



​បញ្ញា (Intelligence) គឺជា​សមត្ថភាព​នៃ​ការចងចាំ និង​ជា​សមត្ថភាព​នៃ​កាយ​ល់​។ ប្រសិនបើ​អ្នក​ព្យាយាម​សញ្ជឹងគិត​ពិចារណា ស្វែងរក​ចម្លើយ​ពី​បញ្ហា​អ្វីមួយ ដែល​អ្នក​មិន​ធ្លាប់​យល់ មិន​ធ្លាប់​ឆ្លងកាត់​ពីមុន ពេលនោះ​អ្នក​កំពុងតែ​ប្រើ​នូវ​សមត្ថភាព​ខាង​បញ្ញា ដើម្បី​យល់​នូវ​សច្ចភាព​នោះ​។ បញ្ញា កើតឡើង​ពេល​អ្នក​ព្យាយាម​យល់​និង​ចងចាំ​នូវ​អ្វី ដែល​អ្នក​មិនទាន់​យល់ និង​អ្វីដែល​អ្នក​មិន​ធ្លាប់​ចងចាំ​ពីមុនមក​។

​ឧទាហរណ៍​ថា ព្រះសង្ឃ​២​អង្គ មាន​ព្រះជន្ម​ស្រក​គ្នា បាន​ទន្ទេញធម៌​១​មេ​ដូចគ្នា ដែលមាន​ចំនួន​៣​ទំព័រ​។ ចាប់ពី​ម៉ោង​៧​យប់ ព្រះ​សង្ឃក និង​ព្រះ​សង្ឃខ បានចាប់ផ្តើម​ទន្ទេញធម៌​។ រហូត​ទៅដល់​ម៉ោង ១២​យប់ ព្រះ​សង្ឃក ក៏​ចងចាំ​ព្រះធម៌​ទាំងអស់ ហើយ​អាច​សូត្រ​បាន​យ៉ាង​ស្ទា​ត់មាត់​។ ចំណែកឯ​ព្រះ​សង្ឃខ ចងចាំ​តែ​១​ទំព័រ​ប៉ុណ្ណោះ​។ នេះ​បញ្ជាក់ថា ព្រះ​សង្ឃក មាន​បញ្ញា​ខ្ពស់ជាង​ព្រះ​សង្ឃខ​។  ម្យ៉ាងទៀត ព្រះសង្ឃ​ទាំង​២​អង្គ បាន​ប្រើ​បញ្ញា​រៀងៗ​ខ្លួន ក្នុងការ​ទន្ទេញ​ព្រះធម៌ មិនមែន​ប្រើ​ចំណេះដឹង​នោះទេ​។

ឧទាហរណ៍​ម្យ៉ាង​ទៀតថា ព្រះសង្ឃ​ចំនួន​៣០​អង្គ កំពុង​សិក្សា​ពី​ព្រះ​អភិធម្ម​។ លោកគ្រូ បាន​ចំណាយពេល​ប្រហែល​១​ម៉ោង ដើម្បី​ពន្យល់​ពី «​ចិត្ត ចេតសិក រូប និព្វាន​»​។ ប៉ុន្តែ ពេល​រៀន​ចប់ មានតែ​ព្រះសង្ឃ​១​អង្គ​ប៉ុណ្ណោះ ដែល​យល់​ពី​មេរៀន​ព្រះ​អភិធម្ម ហើយ​ព្រះសង្ឃ​២៩​អង្គ​ទៀត នៅតែ​មិនទាន់​យល់​។ នេះ​បង្ហាញថា ព្រះសង្ឃ​ដែល​យល់​ពី​មេរៀន​ព្រះ​អភិធម្ម មាន​បញ្ញា​ខ្លាំង​ជាង ព្រះសង្ឃ​ដទៃទៀត​។

ចំណែកឯ ចំណេះដឹង (Knowledge) គឺជា​ទំហំ​ទិន្នន័យ​ដែលមាន​ក្នុង​ខួ​ល​ក្បាល​របស់​អ្នក ដែល​អ្នកទទួលបាន​ពី​ប្រភព​ផ្សេងៗ​ដូចជា ការសិក្សា ការស្រាវជ្រាវ បទពិសោធន៍ និង​អ្វីៗ​ដែល​ជីវិត​អ្នក​បាន​ឆ្លងកាត់​។ ចំណេះដឹង កើតឡើង​ពីអ្វី ដែល​អ្នក​ធ្លាប់បាន​សិក្សា​ឈ្វេងយល់ និង​ចងចាំ​រួចមកហើយ​។​

ចំណេះដឹង មាន​ច្រើន​ប្រភេទ​ណាស់ ដូចជា ច្បាប់ នយោបាយ សេដ្ឋកិច្ច និង​វិស្វកម្ម ជាដើម​។ បុគ្គល​ណា សិក្សា​ពីអ្វី បុគ្គល​នោះ ច្បាស់​ជាមាន​ចំណេះដឹង​និង​ជំនាញ​ខាងមុខ​វិទ្យា​ដែល​ខ្លួន​សិក្សា​។

ឧ​ទា​រណ៍​ថា និស្សិត​ច្បាប់​៥​នាក់​បាន​ជជែក​គ្នា​ពី «​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់​» នៅ​ប្រទេស​កម្ពុជា​។ ក្នុងចំណោម​និស្សិត​ទាំងនោះ មានតែ​១​នាក់​ទេ អាច​ពន្យល់​និង​បកស្រាយ​បាន​យ៉ាងច្បាស់​លាស់ និង​ប្រកបដោយ​ហេតុផល​ត្រឹមត្រូវ​។ តាម​ការពិត និស្សិត​ដែលមាន​សមត្ថភាព​ក្នុងការ​បកស្រាយ​នោះ គឺ​រៀន​ដល់​ឆ្នាំ​ទី​៤​ទៅហើយ ចំណែក​និស្សិត​៤​នាក់​ទៀត ទើបតែ​រៀន​នៅ​ឆ្នាំ​ទី​១​ប៉ុណ្ណោះ​។​

នេះ​បញ្ជាក់ថា និស្សិត ដែល​រៀន​ដល់​ឆ្នាំ​ទី​៤ មានចំណេះដឹង​ច្រើនជាង​និស្សិត ដែល​រៀន​នៅ​ឆ្នាំ​ទី​១​។ លើសពីនេះ​ទៀត និស្សិត​ខាងលើ ព្យាយាម​ប្រើ​ចំណេះដឹង​រៀងៗ​ខ្លួន ដែល​បាន​រៀន យកទៅ​វែកញែក​និង​ស្វែងរក​ចម្លើយ​ពី​ប្រធានបទ​។ ក្នុង​កាលៈទេសៈ​នេះ ពួកគេ ពឹង​ផ្អែកលើ​ចំណេះដឹង ច្រើនជាង​បញ្ញា​៕




Tag:
 ចំណេះដឹង
  បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com