ជាតិ
សម្តេច ហ៊ុន សែន ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា​
25, Nov 2016 , 12:50 am        
រូបភាព
រូបភាពពីហ្វេសប៊ុក Sophorn Lary II
រូបភាពពីហ្វេសប៊ុក Sophorn Lary II
ភ្នំពេញ៖ ​នៅ​ម៉ោង​ជិត​១២​យប់ នា​ថ្ងៃទី​២៤ ខែវិច្ឆិកា សម្តេច ហ៊ុន សែន បានចេញ​លិខិត​មួយ ដើម្បី​សម្តែង​សមានចិត្ត​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក​ស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ ដែល​ត្រូវជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា និង​ជា​ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី​។ លិខិត​ខាងលើ ត្រូវបាន​សម្តេច ហ៊ុន សែន បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅមុននេះ​បន្តិច​។



ខ្លឹមសារនៃ​លិខិត​ចូលរួម​រំលែក​ទុក្ខ ដែល​សម្តេច ហ៊ុន សែន ផ្ញើជូន​លោកស្រី ជូ​ឡុង សូ​មូរ៉ា បានសរសេរដូច្នេះថា​៖«​ភរិយា​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់ ទើបបាន​ទទួលដំណឹង​ប្រក​ប​ដោយ​សេចក្តី​តក់ស្លុត​នៃ​មរណភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​របស់​ឧបាសិកា ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ ដែលជា​ម្តាយបង្កើត​ជាទីគោរព​ស្រឡាញ់​របស់លោក​ជំទាវ (​ជូ​ឡុង សូ​មូរ៉ា​)​។ យើងខ្ញុំ យល់​ណាស់​អំពី​ទុក្ខសោក​របស់​បុត្រា បុត្រី ដែល​បាត់បង់​នូវ​អ្នកមានគុណ​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ភរិយា​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ​ដោយស្មោះ​ចំពោះ​មរណភាព​នេះ នៅក្នុង​កាយវិការ ដែល​យើង​ជា​ជាតិខ្មែរ​ដូចគ្នា​។ សូម​លោកជំទាវ ទទួល​នូវ​មនោសញ្ចេតនា​ដោយស្មោះ​ពី​ភរិយា​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​»​។

​សូមបញ្ជាក់ថា លោកស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ បានទទួល​មរណភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៧​ឆ្នាំ នៅ​ម៉ោង​២​រសៀល នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ នេះ​បើតាម​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។

​លោកស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ ជា​ភរិយា​របស់​សម្តេច ញឹក ជូ​ឡុង ដែលជា​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុ​ជាមួយ​រូប​ កាលពី​អតីតកាល​។ សម្តេច ញឹក ជូ​ឡុង ជា​អ្នកមាន​ភក្តីភាព និង​ដង្ហែ​តាម​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​៕



Tag:
 ហ៊ុន សែន
  ញឹក ជូឡុង មាសកេត
© រក្សាសិទ្ធិដោយ thmeythmey.com