បទវិភាគ
ចិញ្ចើមផ្លូវ «តូចចិត្ត»
×
ភ្នំពេញ៖ ចិញ្ចើមផ្លូវ មានតួនាទីសម្រាប់បម្រើអ្នកថ្មើរជើង។ តែនៅកម្ពុជា ចិញ្ចើមផ្លូវ ត្រូវបានគេប្រើប្រាស់ឲ្យបម្រើអ្នកជិះម៉ូតូ និងបម្រើអ្នកជំនួញទៅវិញ។ ត្រង់នេះហើយដែល ចិញ្ចើមផ្លូវ នៅកម្ពុជាមិនសប្បាយចិត្តនោះ។
ជាធម្មតា អ្នកធ្វើដំណើរត្រូវតែធ្វើដំណើរនៅលើទ្រូងផ្លូវពិតប្រាកដ។ នៅលើ ចិញ្ចើមផ្លូវ វាគឺជាទីកន្លែងសម្រាប់អ្នកថ្មើរជើង។ ប៉ុន្តែចាប់តាំងពីសំណុំរឿងចរាចរណ៍នៅទីក្រុងភ្នំពេញកាន់តែស្មុគស្មាញ ហើយទំនងជាមិនអាចត្រូវបានដោះស្រាយឆាប់ៗនោះ គេសង្កេតឃើញអ្នកជិះម៉ូតូ ជាពិសេស បានខ្ចី ចិញ្ចើមផ្លូវ ដើម្បីអាចរុលទៅមុខបាន នៅពេលស្ថានភាពកកស្ទះចរាចរណ៍ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
បើទោះបីជាដឹងថា ការជិះលើ ចិញ្ចើមផ្លូវ ជាកំហុសក៏ដោយ តែអ្នកជិះម៉ូតូនាំគ្នារុលបុកទៅមុខ ឬប្រជែងរត់ឡើងលើ ចិញ្ចើមផ្លូវ ដើម្បីអាចធ្វើដំណើរទៅមុខបាន។ ពេលខ្លះម្ចាស់ផ្ទះដាក់ដុំថ្មឃាំងមិនឲ្យអ្នកដំណើរប្រើប្រាស់ ចិញ្ចើមផ្លូវ នៅមុខផ្ទះគេឡើយ។ តែទោះជាយ៉ាងណា អ្នកជិះម៉ូតូនៅតែរុលទៅមុខមិនខ្វល់ពីអ្វីទាំងអស់ ព្រោះនៅលើទ្រូវផ្លូវ ចរាចរណ៍រញ៉េរញ៉ៃមិនអាច ធ្វើដំណើរទៅមុខបានឡើយ។
រឿងមួយទៀតដែល ចិញ្ចើមផ្លូវ មិនសប្បាយ ឬតូចចិត្តដែរនោះ គឺថា ចិញ្ចើមផ្លូវ ដែលមានតួនាទីបម្រើអ្នកថ្មើរជើងនោះ ត្រូវបានម្ចាស់ផ្ទះនីមួយៗប្រើប្រាស់ដើម្បីផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន។ ចិញ្ចើមផ្លូវ តូចចិត្ត តែមិនអាចបញ្ចេញវាចាបានឡើយ។ ចិញ្ចើមផ្លូវ តូចតិច ដ្បិតតួនាទីរបស់វាដែលត្រូវបម្រើមហាជនអ្នកថ្មើរជើង បែរជាត្រូវបានគេយកទៅឲ្យបម្រើអ្នកជិះម៉ូតូ និងម្ចាស់អាជីវកម្មទៅវិញ។
ងាកត្រឡប់មករឿងអ្នកធ្វើដំណើរវិញ មិនត្រឹមតែជិះលើ ចិញ្ចើមផ្លូវ ទេ អ្នកធ្វើដំណើរខ្លះបានសម្រេចចិត្តជិះបញ្ច្រាសទិសដែលបង្កឲ្យស្ថានភាពចរាចរណ៍កាន់កកស្ទះណែនណាន់តាន់តាប់បន្ថែមទៀត ពោល គឺចរាចរណ៍ជាប់គាំងតែម្តង។ តើការកកស្ទះនៅភ្នំពេញបណ្តាលមកពីកំណើនយានយន្តមែនឬទេ?
ចម្លើយ គឺវាពិតជាអ៊ីចឹងមែន។ តែការកកស្ទះមួយទៀត គឺបណ្តាលមកពីការមិនគោរពច្បាប់របស់អ្នកបើកបរ។ អ្នកបើកបរនៅកម្ពុជា តែងតែគិតថា«គាត់ជាអ្នកប្រញាប់ជាងគេ ខុសច្បាប់ឬត្រូវច្បាប់ គាត់មិនខ្វល់ទេ។ អ្វីដែលគាត់ខ្វល់ គឺគាត់ត្រូវរុលឲ្យបានទៅមុខមុនគេ»។ ដើម្បីអាចរុលទៅមុខបានលឿន អ្នកបើកបរត្រូវជិះលើ ចិញ្ចើមផ្លូវ ដែលនេះធ្វើឲ្យ ចិញ្ចើមផ្លូវ «តូចចិត្ត» ហើយថែមទាំងមិនអាចបញ្ចេញវាចាបានទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com