អន្តរជាតិ
Duterte ជិះយន្តហោះកៅអីប្រភេទ Economic
× ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញភាពសាមញ្ញរបស់លោក តាមរយៈយន្តហោះធម្មតាដូចប្រជាជនស៊ីវិលទូទៅ។ មិនត្រឹមតែជិះយន្តហោះជាមួយប្រជាជនឡើយ លោកថែមទាំងអង្គុយកៅអីប្រភេទ Economic ដែលជាកៅអីប្រភេទធម្មតាផងដែរ ហើយលោកក៏បានឈរតម្រង់ជួរ និងចូលកន្លែងត្រួតពិនិត្យដូចអ្នកដំណើរដទៃទៀតដែរ។
បើទោះជាមានយន្តហោះពិសេសសម្រាប់ប្រធានាធិបតីក៏ដោយ បុរសខ្លាំង Rodrigo Duterte បែរជាសម្រេចចិត្តជិះយន្តហោះដូចប្រជាជនធម្មតាទៅវិញ។ លោក Duterte បានជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនកាលពីថ្ងៃទី៥ ខែមករា ក្នុងដំណើរពីទីក្រុង Davao ឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល។ បើតាមរូបថតដែលផ្សាយដោយវិមានប្រធានាធិបតី Malacañang លោកអង្គុយកៅអីប្រភេទ Economic ដែលអមដោយទីប្រឹក្សាពិសេស Christopher Bong Go ។
បើតាមសារព័ត៌មាន Inquirer.net មន្ត្រីវិមានប្រធានាធិបតីនិយាយថា ប្រមុខរដ្ឋហ្វីលីពីន បានចំណាយពេលសម្រាកចូលឆ្នាំថ្មីក្នុងទីក្រុង Davao ដែលជាស្រុកកំណើតរបស់លោក។ យ៉ាងណាក្ដី ដំណើរលើយន្តហោះថ្ងៃទី៥ ខែមករា មិនមែនជាលើកទីមួយ ដែលលោក Duterte ជិះយន្តហោះជាមួយប្រជាជនសាមញ្ញឡើយ។
កាលពីខែកក្កដា ឆ្នាំ២០១៦ ពោលគឺតែប៉ុន្មានថ្ងៃក្រោយការស្បថចូលកាន់តំណែង លោក Duterte ធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានជិះយន្តហោះអាកាសចរណ៍ហ្វីលីពីន ត្រឡប់ទៅកាន់ក្រុង Davao នេះដែរ។ ដូចអ្នកដំណើរផ្សេងទៀត លោកប្រធានាធិបតី បានឆ្លងកាត់កន្លែងសុវត្ថិភាព និងឈរជាជួរក្នុងចំណោមអ្នកដំណើរជាច្រើនទៀត។ លោក Duterte ធ្លាប់អះអាងថា លោកមានគម្រោងជិះយន្តហោះពីក្រុងម៉ានីល ទៅកាន់ក្រុង Davao ផងដែរ។
គេអាចចាំបានថា អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង លោកបានប្រាប់មន្ត្រីរបស់លោកឲ្យបោះបង់ការបុព្វសិទ្ធិរបៀបចោលទៅ។ លោកសង្កត់ធ្ងន់ថា៖ «យើងត្រូវបានចាត់ទុកខ្លួនយើងដូចជាអ្នកដំណើរហ្វីលីពីនផ្សេងទៀតដែរ»។
តាមពិតទៅ ក្នុងនាមជាប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក៏មានយានជំនិះធ្វើដំណើររបស់រដ្ឋដែរ មិនថាយន្តហោះ រថយន្ត អ្វីឡើយ។ ប៉ុន្តែលោកជាប្រធានាធិបតីមួយរូបដែលមិនចូលចិត្តការទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិជាច្រើននោះទេ។ កាលពីធ្វើជាអភិបាលក្រុង Davao នៅឡើយ លោកថែមទាំងជិះម៉ូតូល្បាតក្នុងទីក្រុងដោយខ្លួនឯងទៀតផង៕
Tag:
ហ្វីលីពីន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com