អន្តរជាតិ
អូ​បា​ម៉ា ទំនង​ខ្លាច ពូ​ទីន លើកទ័ព​ឈ្លានពាន​អឺរ៉ុប​ពេល​លោក​ចេញពី​តំណែង​?
13, Jan 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វាវុធ​អាមេរិក​ច្រើនសន្ធឹក​សន្ធាប់​រួមមាន​ទាំង​រថក្រោះ​រាប់រយ​គ្រឿង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​តំបន់​អឺរ៉ុប​ជាប់​ព្រំដែន​រុស្ស៊ី​។  អាមេរិក​អះអាង​យ៉ាងច្បាស់​ថា វា​ជាការ​ប្រឹងប្រែង​ដើម្បី​ថែរក្សា​សន្តិភាព​តំបន់​អឺរ៉ុប​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​ខាងក្រៅ​ជាពិសេស​រុស្ស៊ី​តែម្តង​។ លោក អូ​បា​ម៉ា ទំនងជា​ខ្លាច​ថា ពេល​លោក​ចាកចេញ រុស្ស៊ី​នឹង​លើកទ័ព​ឈ្លានពាន​អឺរ៉ុប​ដូចគ្នា​ដែរ​។

 
​នៅសល់​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង​ហើយ តែ​លោក​មិន​ឲ្យ​អណ​ត្តិ​លោក​ចប់​ទៅ​ស្រួលៗ​នោះឡើយ​។ លោក អូ​បា​ម៉ា បាន​ជំរុញ​ឲ្យ​មានការ​ពង្រាយ​អាវុធ​ធុន​ធ្ងន់​ច្រើន​ប្រភេទ រួមទាំង​កងទ័ព​រាប់​ពាន់​នាក់​ផង​ទៅកាន់​តំបន់​ប្រទេស​អាល្លឺម៉ង់​ដែល​នៅជាប់​ព្រំដែន​រុស្ស៊ី​។​
 
​បើតាម​សារព័ត៌មាន​រុស្ស៊ី RT អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​ត្រូវ​ពង្រាយ​ទៅកាន់​តំបន់​អឺរ៉ុប​នោះ​មាន​រថក្រោះ​ជាង ១០០​គ្រឿង និង​កងទ័ព​៣៥០០​នាក់​ផង ដោយ​កងទ័ព​និង​សព្វាវុធ​នេះ​បានមក​ដល់ទី​ក្រុង​Bremerhaven ប្រទេស​អាល្លឺម៉ង់​។ 
 
​កងទ័ព​ដែល​ឈរជើង​នៅ​អាល្លឺម៉ង់​នេះ​នឹងត្រូវ​ចល័ត​ទៅកាន់​ប្រទេស​ប៉ូឡូញ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​មួយ​ចុង​ខែម​ករានេះ​។ ហើយ​បន្ទាប់មក​កងទ័ព​និង​សព្វាវុធ​នឹងត្រូវ​ពង្រាយ​បន្ត​ទៅកាន់​ប្រទេស​៧​រួមទាំង​រដ្ឋបាល់​ទិ​ក ប៊ុល​ការី​, រូ​ម៉ា​នី និង​អាល្លឺម៉ង់ ខណៈដែល​ទីបញ្ជាការ​ក៏​ស្ថិតនៅ​ប្រទេស​អាល្លឺម៉ង់​ដែរ​។​
 
១.​អាមេរិក​ខ្លាច​រុស្ស៊ី​ឈ្លានពាន​អឺរ៉ុប បន្ទាប់ពី​អូ​បា​ម៉ា​ចេញពី​តំណែង​?
​សហរដ្ឋអាមេរិក​ហាក់បីដូចជា​បារម្ភ​ពី​អនាគត​នៃ​តំបន់​អឺរ៉ុប​ក្រោយ​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​គេ​ស្គាល់​ថា​ជា​ប្រធានាធិបតី​ដែលមាន​ជំហរ​ការពារ​អឺរ៉ុប​និង​ប្រឆាំង​រុស្ស៊ី​ខ្លាំង​បំផុត​មួយ​។ រដ្ឋបាល​អាមេរិក​របស់លោក អូ​បា​ម៉ា ដែល​នៅសល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ ភ័យព្រួយ​ថា រុស្ស៊ី​នឹង​លើកទ័ព​ឈ្លានពាន រដ្ឋបាល់​ទិ​ក​និង​បណ្តា​រដ្ឋ​អឺរ៉ុប​ខាងកើត​ថ្ងៃ​ណាមួយ​ខាងមុខ​ទៀត​។ ហើយ​រដ្ឋបាល​លោក អូ​បា​ម៉ា ហាក់​មិនសូវ​ទុកចិត្ត​លោក ដូ​ណា​ល់ ត្រាំ ប៉ុន្មាន​ឡើយ ព្រោះ​លោក ត្រាំ ជា​ញឹកញាប់​បានលើកឡើង​ពី​គោលជំហរ​ទន់​ទោរ​ទៅរក​រុស្ស៊ី និង​ស្តារ​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ​។ ហើយ​កន្លងមក លោក ដូ​ណា​ល់ ត្រាំ ថែមទាំង​ធ្លាប់​និយាយថា បក្សសម្ព័ន្ធ​យោធា​ណា​តូ​ហួស​សម័យ ហើយ​គំរាម​ទារ​ថ្លៃ​ការពារ​ពី​បណ្តា​ប្រទេស​សមាជិក​ណា​តូ​ដែល​បង់​វិភាគទាន​មិន​គ្រប់គ្រាន់​ទៀត​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ពោលគឺ​ចាប់ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ក្រោយ​រុស្ស៊ី​ដណ្តើមយក​ទឹកដី Crimea  អាមេរិក​បាន​ពង្រា​យស​ព្វា​វុ​ធ​ខ្លួន​មកកាន់​អឺរ៉ុប​ជា​បន្តបន្ទាប់​ជាពិសេស​ទៅកាន់​តំបន់​អឺរ៉ុប​ខាងកើត​និង​បន្ត​សមយុទ្ធ​យោធា​មិនចេះ​ដាច់​។​
 
​ដូច្នេះហើយ ហេតុផល​សំខាន់​នៅ​ពីក្រោយ​ការពង្រាយ​អាវុធ​ច្រើនសន្ធឹក​សន្ធាប់​ដ៏​ចម្លែក​នេះ ជា​វិធានការ​មួយ​ដើម្បី​ធានាថា អាមេរិក​មិន​ឲ្យ​អឺរ៉ុប​ជួប​បញ្ហា​ឡើយ ហើយ​អាមេរិក​ក៏​មិន​អនុញ្ញាត​ឲ្យ​អឺរ៉ុប​ក្លាយជា​នំ​ដែល​រុស្ស៊ី​ហែក​ឆី​តាមចិត្ត​ដែរ​។ 
 
​ពាក់ព័ន្ធ​ការពង្រាយ​អាវុធ​ទៅ​អាល្លឺម៉ង់​និង​ទៅកាន់​រដ្ឋបាល់​ទិ​ក​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​កងទ័ពអាកាស​អាមេរិក​ឧ​ត្ត​ម​សេនីយ៍ Timothy M. Ray បានប្រកាស​ឥតមាន​លាក់លាម​ថា វា​ជា​យុទ្ធសាស្ត្រ​ទប់ទល់​ការគំរាមកំហែង​របស់​រុស្ស៊ី​ចំពោះ​អឺរ៉ុប​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖« វា​ជា​មធ្យោបាយ​មួយ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​រាល់​ភាគី​ទាំងឡាយណា​ដែល​គំរាមកំហែង​សន្តិភាព​និង​សន្តិសុខ​អឺរ៉ុប​។ យើង​មិន​អនុញ្ញាត​ឲ្យ​រឿង​បែប​នោះ​កើតឡើង​ឡើយ​។ បើ​ឲ្យ​ខ្ញុំ​និយាយ​ឲ្យ​ច្បាស់ វា​ជា​មធ្យោបាយ​មួយ​ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​រុស្ស៊ី និង​ធានា​បូរណភាព​ដែនដី​សម្ព័ន្ធមិត្ត និង​រក្សា​ឲ្យ​បាន​នូវ​សេរីភាព វិបុលភាព​និង​សន្តិភាព​នៅ​អឺរ៉ុប​»​។​
 
​យ៉ាងណាក៏ដោយ ការពង្រាយ​កងទ័ព​និង​សព្វាវុធ​ច្រើនសន្ធឹក​នេះ​ទៅ​ក្បែរ​ព្រំដែន​រុស្ស៊ី ហាក់​មិន​ជួយ​រក្សា​សន្តិភាព​និង​សន្តិសុខ​ឡើយ​។ ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​គួរ​ឲ្យ​បារម្ភ ហើយ​សកម្មភាព​អាមេរិក​នៅ​អឺរ៉ុប​ជា​សកម្មភាព​បង្ករឿង​និង​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង​។ វា​មិន​ខុសពី​ការ​ប្រឹង​ចាក់​សាំង​លើ​ភ្លើង​ឡើយ ហើយ​វា​ក៏​បង្កើត​ការប្រណាំង​ប្រជែង​សព្វាវុធ​កាន់តែខ្លាំង​នៅ​អឺរ៉ុប​ថែមទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com