ជាតិ
កម្ពុជា​ប៉ង​កសាង​ឲ្យ​ក្លាយ​ដូចជា​ប្រទេស​«​ស្វី​ស​» (Suisse) ក្នុង​អាស៊ី​…
14, Jan 2017 , 11:00 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ជំពូក​មួយ​នៃ​សៀវភៅ​«​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​», អ្នកនិពន្ធ​លោក រស់ ច​ន្ត្រា​បុត្រ ទីប្រឹក្សា​ផ្ទាល់​សម្តេច ហ៊ុន សែន បាន​រំលេច​គំនិត​នយោបាយ​ការទូត​របស់​សម្តេច ហ៊ុន សែន ដែល​ប៉ង​ចង់​«​កសាង​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​«​ស្វី​ស​»​ក្នុង​អាស៊ី​។ តើ​អ្វី​ទៅជា​យុទ្ធសាស្ត្រ​ដើម្បី​កសាង​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​«​ស្វី​ស​»​ក្នុង​អាស៊ី​នោះ​? អត្ថបទ​ខាងក្រោម​នេះ គឺជា​អត្ថបទ​ដក​ស្រុង​ទាំងស្រុង​ចេញពី​សៀវភៅ​«​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​»​។

 
​នយោបាយ​ការបរទេស​ខ្មែរ នឹង​នាំមក​នូវ​សុខសន្តិភាព សុខដុម​រមនីយ​ភាព និង​ការអភិវឌ្ឍ​រីកចម្រើន ដែលជា​មូលដ្ឋាន​សម្រាប់​កសាង​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយជា​«​ប្រទេស​ស្វី​ស​»​មួយ​នៅក្នុង​តំបន់​អាស៊ី​។ 
 
​ប្រទេស​ស្វី​ស​នៅ​អឺរ៉ុប ជា​ប្រទេសមួយ​ស្ថិតនៅ​កណ្តាល​ប្រទេស​មហាអំណាច​ជាច្រើន ដែលមាន​ប្រជាពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ដូចជា បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​ជាដើម​។ ចំណែក​ធនធាន ឬ​សក្តានុពល​ធំ​របស់​ប្រទេស​នេះ ស្ថិតនៅលើ​ធនាគារ ឬ​ទៅលើ​«​លុយ​» ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ប្រទេស​តូចធំ អ្នកនយោបាយ និង​អ្នកជំនួញ​ជិត​ឆ្ងាយ​សឹងតែ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក មាន​ទំនុកចិត្ត​យកប្រាក់​មក​ផ្ញើ​ជា​ហូរហែ​។ ប្រទេស​ស្វី​ស បាន​ក្លាយជា​មូលដ្ឋាន​ធំ​ក្នុង​ពិភពលោក​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​។  
 
​កត្តា​ចម្បង​ទាំងនេះ ធ្វើ​ឲ្យ​ប្រទេស​ស្វី​ស​គេច​ជៀស​ផុតពី       សង្គ្រាមលោកលើកទី​១ និង​លើក​ទី​២ ពីព្រោះ មហាអំណាច​ទាំងឡាយ​យល់ឃើញថា ប្រទេស​ស្វី​សមាន​សារៈសំខាន់ មាន​អត្ថប្រយោជន៍​សម្រាប់​គេ គឺជា​ប្រទេស​រក្សាទុក​លុយ​ឲ្យ​គេ​។   
 
​ក្នុងន័យនេះ នយោបាយ​បច្ចុប្បន្ន​របស់​សម្តេច ហ៊ុន សែន ក៏​បោះជំហាន​ដើរ​តម្រង់​ទៅរក​ទិស​នេះដែរ ដោយ​ឈរលើ​មូលដ្ឋាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដោយ​ចាប់យក​គ្រប់​ប្រទេស​ជា​ដៃគូ​ជា​មិត្ត ធ្វើ​សហប្រតិបត្តិការ​រួមគ្នា​សម្រាប់​កសាង​សន្តិសុខ និង​សន្តិភាព​នៅក្នុង​តំបន់​។ 
 
​ខុសពី​នយោបាយ​ក្នុង​អតីតកាល ដែលរ​ត់រក​បរទេស ផ្តេកផ្តួល​ទៅលើ​មហាអំណាច​, នយោបាយ សម្តេច ហ៊ុន សែន បានបង្ហាញ​ទាក់ទង​ឲ្យ​ប្រទេស​មហាអំណាច​ជិត​ឆ្ងាយ យល់ដឹង និង​ចាត់ទុក​ប្រទេស​កម្ពុជា ជា​ទឹកដី​ទីតាំង​សំខាន់ ដែល​មិនអាច​មិន​យកមក​ពិចារណា​ដាក់​ក្នុង​នយោបាយ​សេដ្ឋកិច្ច​កិច្ច និង​យុទ្ធសាស្ត្រ​របស់ខ្លួន​ឡើយ​។ ឥឡូវនេះ មហាអំណាច និង​ប្រទេស​មួយចំនួន​យល់ឃើញថា ខ្លួន​អាចមក​វិនិយោគ​ដាក់ទុន​មាន​ផលចំណេញ និង​មាន​ផលប្រយោជន៍​នៅ​កម្ពុជា​។ 
 
​ផលប្រយោជន៍​នៅ​កម្ពុជា ដែល​ប្រទេស​ទាំងនោះ អា​ចរក​ចំណេញ​បាន​មាន ដូចជា  ទេសចរណ៍ (​កម្ពុជា​ជា​មជ្ឈមណ្ឌល​វប្បធម៌​ធំជាងគេ​នៅ​អាស៊ី​) ប្រេងកាត រ៉ែ និង​កសិកម្ម​ជាដើម​។ ផលប្រយោជន៍​ទាំងនេះហើយ ដែល​អាច​ជំរុញ​ឲ្យ​មហាអំណាច និង​ប្រទេស​តូចធំ​ទាំងនោះ​ត្រូវតែ​រក្សា​ទឹកដី​កម្ពុជា​ឲ្យ​មាន​សន្តិភាព និង​ការរីកចម្រើន​។ នេះ​ជា​នយោបាយ​ការបរទេស​របស់​សម្តេច ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​បរទេស​ត្រូវការ​កម្ពុជា​ជា​ដៃគូ​ចាំបាច់​។ 
 
​ពេលនោះ​ហើយ កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ស្វី​ស​នៅ​អាស៊ី ប្រទេស​នីមួយៗ ដែល​បាន​ផលប្រយោជន៍​ពី​ប្រទេស​កម្ពុជា និង​ការពារ​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​។ ដូចនេះ ចលនា​ប្រ​ទុះ​សារាយ និង​សង្គ្រាម​មិនអាច​កើតមាន​នៅ​កម្ពុជា​ឡើយ​។  
 
​នយោបាយ​ក្រឡេក​មើលទៅ​ទិស​ខាងជើង (Look North Policy) 
​ក្នុង​ចក្ខុវិស័យ​នយោបាយ កសាង​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ស្វី​ស​នៅ​អាស៊ី សម្តេច ហ៊ុន សែន បាន​ប្រមើល​មើលឃើញ​រួចមកហើយ​នូវ​ដៃគូរ​ជា​ចាំបាច់​សម្រាប់​កម្ពុជា​។ ដៃគូ​ចាំបាច់​ជា​គោល​ទាំងនោះ​មានដូចជា​៖ សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និង​សហព័ន្ធ​រស្សី​។ ទស្សនៈ​នេះ មានន័យថា មិនមែន​កម្ពុជា​មិន​យកចិត្តទុកដាក់​ជាមួយ​ប្រទេស​អាស៊ាន និង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ដែរ​។ 
 
​នយោបាយ​កម្ពុជា​ត្រូវ​ក្រឡេក​មើលទៅ​ទិស​ខាងជើង ដែល​ប្រទេស​នោះ​សុទ្ធសឹង​ជា​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ក្នុង​តំបន់​នៅ​ជិត​ជាប់​កម្ពុជា​។ នយោបាយ​នេះ​យើង​ប្រសិទ្ធ​នាម​ថា  look North Policy  ឬ​ការ​ក្រឡេក​មើលទៅ​ទិស​ខាងជើង​។ 

​សហរដ្ឋអាមេរិក​
​ជា​មហាអំណាច​ដែលមាន​លទ្ធភាព​ច្រើន​ក្នុង​ការជួយ​កម្ពុជា ជាពិសេស​ចំពោះមុខ គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​រក្សារ​ស្ថិរភាព​នយោបាយ​ក្នុង​តំបន់ បើទោះបី​ប្រទេស​នេះ កំពុងតែ​ប្រឈម​ជាមួយនឹង​ប្រទេស​ចិន​ក៏ដោយ​។ ក្នុងន័យ​របស់ខ្លួន អាមេរិក​ត្រូវតែ​ជួយ​ពង្រឹង​ស្ថិរភាព​នយោបាយ សន្តិភាព និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ 
 
​ចិន​
​ជា​មហាអំណាច​តែមួយគត់​នៅពេល​បច្ចុប្បន្ន ដែល​ជួយ និង​វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា ពីព្រោះ​ចិន​យល់ឃើញថា ប្រទេស​កម្ពុជា​ជា​ទឹកដី​សំខាន់​សម្រាប់​ចិន​ក្នុង​ការឈរជើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មិនតែប៉ុណ្ណោះ កម្ពុជា​មានទ្រព្យ​សម្បត្តិ​ធនធាន​យ៉ាង​ស្តុកស្តម្ភ​ទាំង​លើដី និង​ក្រោម​ដី ដែល​មិនទាន់មាន​ប្រទេស​ណាមួយ​មក​វិនិយោគ​នៅឡើយ​។ ផលប្រយោជន៍​ចិន​នៅ​កម្ពុ​ជាមាន​ច្រើន ដូចនេះ​ចិន​ត្រូវតែ​ថែរក្សា​ការពារ​កម្ពុជា​ឲ្យ​មាន​ស្ថិរភាព​នយោបាយ មាន​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​។ ខ្មែរ​និង​ចិន តែងតែ​ប្រកាសថា ប្រទេស​ទាំងពីរ​ជា​ដៃគូ​នយោបាយ យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​។ 

​ជប៉ុន​
​ជប៉ុន​បាន​ជួយ​កសាង​ប្រទេស​កម្ពុ​ជាជាង​២​ទសវត្ស​មកហើយ​។ ប៉ុន្តែ​ជប៉ុន​មិនបាន​វិនិយោគ​អ្វី​ជា​ដុំ​ធំ​ឡើយ ព្រោះ​ជប៉ុន​បាន​វិនិយោគ​ជាច្រើន​នៅតាម​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ក្នុង​តំបន់ ដូចជា ប្រទេស​ថៃ ឥណ្ឌូនេស៊ី វៀតណាម និង​ម៉ាឡេស៊ី​ជាដើម​។ ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​ជប៉ុន​យល់ថា កម្ពុជា​ជា​ប្រទេស​សំខាន់​ក្នុង​ផ្នែក​មួយ​នេះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លូន​ដែរ ពីព្រោះ កម្ពុជា​ជា​ប្រទេស​ទ្រនាប់​កណ្តាល​ក្នុង​ផ្លូវ​បង្ហូរ​ទំនិញ​ជប៉ុន​ក្នុង​តំបន់​។ ផ្លូវ ស្ពាន ជា​ជំនួយ​ដែល​ផ្តល់​ដល់​កម្ពុជា គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ជប៉ុន​មួយផ្នែក​ក្នុង​តំបន់​។ 
 
​កូរ៉េ​ខា​ត្បូង​
​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង​វិញ ការវិនិយោគ​ផ្សេងៗ នៅ​កម្ពុ​ជាមាន​ខ្នាតតូច​ជាង​ប្រទេស​ចិន​។ ប៉ុន្តែ​កូរ៉េខាងត្បូង​ត្រូវការ​ទឹកដី​កម្ពុជា​មក​ធ្វើជា​មូលដ្ឋាន​សេដ្ឋកិច្ច​របស់ខ្លួន​ដែរ ពីព្រោះ​កូរ៉េខាងត្បូង​មានការ​ពិបាក​ច្រើន​ក្នុងការ​វិនិយោគ​នៅ​វៀតណាម ឥណ្ឌូនេស៊ី និង​ថៃ ដែលមាន​លក្ខណៈ​ចង្អៀត មាន​គូរ​ប្រជែង​ច្រើន​។ មានតែ​កម្ពុជា​ទេ ដែល​ពុំទាន់​មាន​គូប្រជែង​ធំៗ​។ ក្នុង​បរិបទ​បែបនេះ កូរ៉េខាងត្បូង អាចជា​ដៃគូ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច ធនធានមនុស្ស និង​បច្ចេកវិទ្យា ឲ្យ​កម្ពុជា​រីកចម្រើន​ទាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​។ កម្ពុជា​នឹង​ក្លាយជា​មូលដ្ឋាន​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុងការ​ចែកចាយ​ផលិតផល​ក្នុង​តំបន់​អាស៊ាន​។ 
 
​សហព័ន្ធ​រុស្សី​
​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​របស់​កម្ពុជា យើង​មិនត្រូវ​បំភ្លេច​សហព័ន្ធ​រុស្សី​ទេ​។ រុស្សី​ជា​មហាអំណាច មាន​សក្តានុពល​មិន​ចាញ់​សហរដ្ឋអាមេរិក​ទេ ទោះបី​មិនមាន​ជា​មហាអំណាច​សេដ្ឋកិច្ច​ដូច​អាមេរិក​ក៏ដោយ​។ រុស្សី​ជា​មហាអំណាច​យោធា​។ បច្ចុប្បន្ន យើង​កត់សម្គាល់​ឃើញថា មហាអំណាច​នេះ នៅ​ទ្រឹង​ស្ងៀម​មិន​អើពើ​ក្នុង​ការដណ្តើម​លាតសន្ធឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​ទេ​។ តែ​ឥរិយាបថ​នេះ មិនមែន​មានន័យថា រុស្សី​គ្មាន​មហិច្ឆតា​នៅក្នុង​តំបន់​នោះឡើយ​។ តែ​នេះ​ជា​គោលនយោបាយ​របស់​រុស្សី ដែល​ទុក​ឲ្យ​អាមេរិក និង​ចិន ប្រឈមមុខ​ដាក់គ្នា ហើយ​រុស្សី​ជា​«​អ្នក​ទី​៣» ដែល​ចាំ​ប្រមូលយក​ផលចំណេញ​ជា​ក្រោយ​។ រុស្សី​មាន​ចំណុច​ច្រើនណាស់ ដែល​អាច​វិនិយោគ​យក​ផលចំណេញ​បាន​ពី​កម្ពុជា​។ ចំណែក កម្ពុជា​វិញ អាច​ទទួលបាន​ផល​ពី​រុស្សី​នូវ​ការ

អភិវឌ្ឍ​គ្រប់​វិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម  បច្ចេកវិទ្យា និង​ជាពិសេស​រក្សា​ឲ្យ​មាន​តុល្យភាព​នយោបាយ ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​។ រុស្សី​ជា​ដៃគូ​មួយ​យ៉ាងសំខាន់​សម្រាប់​កម្ពុជា ដែល​គេ​មិនត្រូវ​បំភ្លេច​។ 
 
​ជា​ទស្សនៈ​រួម ទំនាក់ទំនង​អន្តរជាតិ​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន មិនមែន​ឈរលើ​មូលដ្ឋាន​មនោគមន៍វិជ្ជា​ទេ គឺ​ស្ថិតនៅលើ​ផលប្រយោជន៍​នៃ​ប្រទេស​នីមួយៗ ដែល​យើង​អាច​និយាយបានថា នេះ​ជាការ​វិលត្រឡប់​មកវិញ​នូវ​ទ្រឹស្តី​«​អ្នក​ជាតិនិយម​»​។ 
 
​ដូច្នេះ ប្រទេស​ណា​ដែល​ចេះ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គេ ឬ​ចេះ​ដោះដូរ​ផលប្រយោជន៍​ទៅវិញទៅមក ប្រទេស​នោះ​នឹងត្រូវ​គេ​ឲ្យ​តម្លៃ​ក្នុង​ទំនាក់ទំនង​។ ទំនាក់ទំនង​អន្តរជាតិ​បច្ចុប្បន្ន បាន​យក​បញ្ហា​សេដ្ឋកិច្ច​ជា​មូលដ្ឋាន ក្នុងការ​គិតគូរ​ពិចារណា​ដោះស្រាយ ចំណែក​ចំណុច​មនោគមន៍វិជ្ជា និង​នយោបាយ​ជា​ចំណុច​បន្ទាប់បន្សំ​។ 
 
​តម្រង់​ទិសដៅ ដែល​យើង​បាន​អត្ថាធិប្បាយ​ខាងលើ កម្ពុជា​ត្រូវតែ​បង្ហាញ​សក្តានុភាព និង​ទ្រព្យសម្បត្តិ​ធនធាន​របស់ខ្លួន ដើម្បី​ឲ្យ​មហាអំណាច និង​ប្រទេស​តូចធំ​ជិត​ឆ្ងាយ ផ្តល់នូវ​សារៈសំខាន់​ដល់​ខ្លួន ដែល​តម្រូវ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ទាំងនោះ ឆ្លើយតប​មកវិញ​នូវ​ការរក្សា​ទទួលស្គាល់​កម្ពុជា​ជា​«​ប្រទេស​ស្វី​ស​»​នៅ​អាស៊ី ដោយ​ឈរលើ​«​នយោបាយ​ក្រឡេក​ទៅ​ទិស​ខាងជើង​»៕  

Tag:
 ស្វី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com