អន្តរជាតិ
ជា​ភ្ញៀវ​ទីមួយ​របស់ Duterte នាយករដ្ឋមន្ត្រី​អា​បេ ប្រកាស​ផ្ដល់ជំនួយ​ជាង​៨​ពាន់​លាន​ដុល្លារ​
14, Jan 2017 , 11:30 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ គឺជា​ភ្ញៀវកិត្តិយស​ដំបូង​គេ ដែល​ត្រូវ​បានទទួល​ដោយ​លោក Rodrigo Duterte តាំងពី​លោក​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ។ ជា​ភ្ញៀវ​ទីមួយ​របស់លោក​ប្រធានាធិបតី Duterte នាយករដ្ឋមន្ត្រី អា​បេ ក៏​មិន​មក​ដោយ​ដៃទទេ​ដែរ ដោយ​លោក​យក​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដែរ​។ លោក អា​បេ បានប្រកាស​ផ្ដល់​ទឹកប្រាក់​ដល់​ទៅ​៨,៦៦​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​។​

 
​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី Rodrigo Duterte នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បានមក​ទស្សនកិច្ច​ផ្លូវការ​នៅ​ទឹកដី​ហ្វីលីពីន​។ ទស្សនកិច្ច​នេះ​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន កើតឡើង​ចំពេល​ដែលមាន​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ និង​ដើម្បី​ពង្រឹង​ឥទ្ធិពល​ជប៉ុន​ក្នុង​តំបន់​ឡើងវិញ ខណៈដែល​ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង  ហើយ​ហ្វីលីពីន​ផ្ទាល់ ក៏បាន​ងាក​ទៅរក​ចិន​រួចហើយ​ដែរ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី អា​បេ បានចាត់ទុក​ការ​ទស្សនកិច្ច​របស់លោក​ក្នុងនាម​ជា​ភ្ញៀវ​បរទេស​ទីមួយ​របស់​ប្រធានាធិបតី Duterte ថា​ជា​មហា​កិត្តិយស​របស់លោក​។ លោក អា​បេ និយាយថា លោក​បានជ្រើសរើស​ហ្វីលីពីន ជា​គោលដៅ​ទស្សនកិច្ច​ទីមួយ​សម្រាប់​ឆ្នាំ​២០១៧ ហើយ​វា​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន និង​ហ្វីលីពីន​។ 
 
​បើតាម​សារព័ត៌មាន Rappler ជា​កាដូ​សម្រាប់​ហ្វីលីពីន នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​ប្រកាស​ផ្ដល់ជំនួយ​ដល់​ចំនួន​៨,៦៦​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​៥​ឆ្នាំ​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ នឹង​បានមកពី​កម្មវិធី​ជំនួយ​អភិវឌ្ឍ​ផ្លូវការ (ODA) និង​ពី​ការវិនិយោគ​របស់​ឯក​ជន​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាដើម​។ មិនតែប៉ុណ្ណោះ លោក អា​បេ ក៏បាន​សន្យា​សាងសង់​មណ្ឌល​ស្ដារ​សម្បទា សម្រាប់​ប្រើប្រាស់​ក្នង​យុទ្ធនា​បង្ក្រាប​គ្រឿងញៀន​របស់លោក Duterte ផងដែរ​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រធានាធិបតី Duterte ក៏បាន​នាំ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ទៅកាន់​ស្រុកកំណើត​នៅឯ​ទីក្រុង Davao ផងដែរ​។ ក្នុង​ដំណើរ​នៅ​ថ្ងៃទី​១៣ ខែមករា លោក Duterte ក៏បាន​នាំ​លោក អា​បេ ទៅលេង​ផ្ទះ​របស់លោក​ទៀតផង​។ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ចំណាយពេល​ជិត​មួយ​ម៉ោង​នៅផ្ទះ​របស់លោក Duterte ហើយ​លោក Duterte ក៏បាន​រៀបចំ​អាហារ​ពេលព្រឹក​បែប​ហ្វីលីពីន​ឲ្យ​នាយករដ្ឋមន្ត្រី អា​បេ ពិសា​រដែរ​។​
 
​ការមកដល់​ទឹកដី​ហ្វីលីពីន​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន កើតឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​ហ្វីលីពីន បានចាប់ផ្ដើម​ងាក​ឆ្ងាយ​ពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចាស់វស្សា​របស់​ហ្វីលីពីន និង​ជប៉ុន​។ ហ្វីលីពីន ក្រោម​ការដឹកនាំ​របស់​លោក Duterte បែរជា​ងាក​ទៅរក​ចិន និង​រុស្ស៊ី ដែលជា​គូប្រជែង​របស់​អាមេរិក​។ ចិន និង​រុស្ស៊ី ក៏​មិនបាន​ខក​ឱកាសល្អ​ដែរ ដោយ​ខំប្រឹង​ទាក់ទាញ​ហ្វីលីពីន ឲ្យ​មក​ជិតស្និទ្ធ​ខ្លួន តាមរយៈ​ការសន្យា​ផ្ដល់ជំនួយ និង​កិច្ចសហប្រតិបត្តិការ​ស្អិត​ល្មូ​ត​៕   

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com