អន្តរជាតិ
មនុស្ស​តែ ៨​នាក់​មានទ្រព្យ​សម្បត្តិ​ស្មើ​ទ្រព្យ​ប្រជាជន​ពាក់កណ្តាល​ពិភពលោក​
16, Jan 2017 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មុន​ពិធី​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​Davos នៃ​ប្រទេស​ស្វី​ស  អង្គការ​Oxfam បានលើកឡើង ថា មនុស្ស ៨​នាក់​មានទ្រព្យ​សម្បត្តិ​ស្មើ​ប្រជាជន​ពាក់កណ្តាល​លើ​ពិភពលោក​។  អង្គការ​នេះ​ព្រមាន​ថា វា​បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​វិសមភាព​សង្គម និង​ជាស​ញ្ញា​មួយ​គ្រោះថ្នាក់​។​


​ថ្ងៃ​ចន្ទ​ទី ១៦​មករា មុន​ការមកដល់​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក Davos អង្គការ Oxfam បានចេញ​របាយការណ៍​មួយ​ដែល​ព្រមាន​ពី​ការកើនឡើង​នៃ​កម្រិត​វិសមភាព​សង្គម ដែល​កំពុង​គំរាមកំហែង​និង​អាចធ្វើ​ឲ្យ​សង្គម​បែកបាក់​ផង​។ អង្គការ​នេះ​ចង្អុល​បង្ហាញថា មនុស្ស​តែ​៨ នាក់​ប៉ុណ្ណោះ​មានទ្រព្យ​សម្បត្តិ​សរុប​ស្មើ​ទ្រព្យសម្បត្តិ​ដែល​ប្រជាជន​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​លើ​ពិភពលោក​មាន​។​
 
​បើតាម​ទស្សនា​វ​ដ្តី Forbes មនុស្ស ៨​នាក់​នោះ​នោះ​មាន​ទ្រព្យសម្បតិ្ត​ស្មើ​ប្រជាជ ៣, ៦​ពាន់​លាន​នាក់​នៃ​ប្រជាជន​សរុប​លើ​ពិភពលោក ដោយ ៦​នាក់​ជា​ជនជាតិ​អាមេរិក ម្នាក់​មកពី​អេ​ស្ប៉ា​ញ និង​ម្នាក់ទៀត​មកពី​ម៉ិ​ក​ស៊ិ​ក​។ ពួកគេ​ទាំងនោះ​មានដូចជា ម្ចាស់​ក្រុមហ៊ុន Microsoft លោក Bill Gates, សហ​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក  Mark Zuckerberg, ស្ថាបនិក Amazon លោក Jeff Bezos, លោក Warren Buffett, សេដ្ឋី​អេ​ស្ប៉ា​ញ លោក Amancio Ortega, សេដ្ឋី​ម៉ិ​ក​ស៊ិ​ក  Carlos Slim Helu, លោក Larry Ellison និង​លោក Michael Bloomberg​។ 
 
​ទំហំ​ទ្រព្យសម្បត្តិ​មនុស្ស ៨​នាក់ ស្មើ​ទ្រព្យសម្បត្តិ​មនុស្ស​ពាក់កណ្តាល​ពិភពលោក​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​គម្លៀត​រវាង​អ្នកមាន​និង​អ្នកក្រ ហើយ​វា​ក៏​គំរាមកំហែង​ដល់​សង្គមមនុស្ស​លើ​ពិ​ភក​លោក​ទាំងមូល​ដែរ​។​
 
​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​នេះ របាយការណ៍​អង្គការ Oxfam បាន​ពន្យល់​ដោយ​លើកយក​បញ្ហា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​, ការទទួល​ជ័យជម្នះ​របស់ ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ក៏ដូចជា​ការស្រងាកចិត្ត​ខ្លាំង​របស់​ប្រជាជន​ទូទៅ​ចំពោះ​នយោបាយ​ក្នុងស្រុក​ជា​ឧទាហរណ៍​។  វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ប្រជាជន​ភាគច្រើន​មិនអាច​អត់ទ្រាំ​ចំពោះ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​អាចបង្កើត​ឲ្យ​មាន​បញ្ហា​គម្លៀត​សង្គម​ធំ និង អនុញ្ញាត​ឲ្យ ក្រុមមនុស្ស​ភាគតិច​ទាញយក​ប្រយោជន៍​ច្រើនសន្ធឹក​បែបនេះ​ឡើយ​។
  
​របាយការណ៍​អង្គការ Oxfam ក៏បាន​អំពាវនាវ​ឲ្យ​មានការ​បង្កើន​កម្រិត​ព​ន្ធ​ចំពោះ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​និង​ក្រុមហ៊ុន​ធំៗ ក្នុង​បរិបទ​ដែលមាន​គម្លៀត​ខ្លាំង​រវាង​អ្នកមាន​និង​អ្នកក្រ​។ ក្រៅពីនេះ Oxfam ក៏​លើកសំណើរ​ឲ្យ​មានការ​បង្កើត​កិច្ចព្រមព្រៀង​រួមគ្នា​មួយ​ដើម្បី​បញ្ចប់​រាល់​ការប្រកួតប្រជែង​គ្នា​រវាង​ប្រទេស​នា​ន​លើ​ពិភពលោក​ក្នុងការ​កាត់បន្ថយ​កម្រិត​ពន្ធ​នោះ​។ 
 
​គេ​រំពឹងថា បញ្ហា​វិសមភាព​សង្គម​នឹង​ក្លាយជា​ប្រធានបទ​សំខាន់បំផុត​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ ដោយ​កិច្ចប្រជុំ​នេះ​នឹងមាន​បណ្តា​មេដឹកនាំ អ្នកជំនួញ និង​ភាគី​ពាក់ព័ន្ធ ៣០០០​នាក់​ចូលរួម​នោះ​៕  
 

Tag:
 Davos
  Oxfam
  វេទិកា​សេដ្ឋកិច្ចពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com