អន្តរជាតិ
រដ្ឋាភិបាល​ថៃ ជួយ​សម្រួល​កសិករ​ដោយ​ផ្តល់​សម្ភារ​កសិកម្ម​ទំនើបៗ និង​កម្ចី​ក្នុង​អត្រា​ការប្រាក់ ០.០១​ភាគរយ​
16, Jan 2017 , 7:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា (ប្រភពរូបភាព៖ Chiangrai Times)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា (ប្រភពរូបភាព៖ Chiangrai Times)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើន​សកម្មភាព​កសិកម្ម​ខ្នាត​ធំ​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ កម្មវិធី​បង្កើន​នេះ នឹងត្រូវ​អនុវត្តតាម​រយៈ​ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត ការផ្តល់​ម៉ាស៊ីន និង​សម្ភារៈ​កសិកម្ម​មួយចំនួន​ផ្សេងទៀត​ដល់​កសិករ​ក្នុង​គោលដៅ​ដើម្បី​ជួយ​សម្រួល​ដល់​កសិករ​កាត់បន្ថយ​ការចំណាយ​លើ​ការផលិត និង​បង្កើន​ផលិតកម្ម​។



​អនុរដ្ឋមន្ត្រី​កសិកម្ម និង​សហប្រតិបត្តិការ​ថៃ លោកស្រី Chutima Bunyapraphasara បាន​បញ្ជាក់ថា កម្មវិធី​កសិកម្ម​ខ្នាត​ធំ នឹង​ត្រូវបាន​អភិវឌ្ឍ និង​ដំណើរការ​នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​ទម្រង់​បី​ផ្សេងគ្នា ដោយ​អាស្រ័យ​លើ​ទីតាំង​ភូមិសាស្ត្រ​ខុសៗ​គ្នា និង​តម្រូវការ​របស់​កសិក​រ​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​។ កម្មវិធី នឹង​ផ្តល់​លទ្ធភាព​ដល់​កសិករ​មិន​ត្រឹមតែ​នៅក្នុង​ដំណាក់​ការ​នៃ​ការផលិត​ប៉ុណ្ណោះ​នោះទេ តែ ក៏​រាប់បញ្ចូល​ទាំង​ការជួយ​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ស្រូវ​ទៀតផង​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ ទម្រង់​ទាំងបី​នោះ​រួមមាន ការ​ទ្រទ្រង់​លើ​កសិកម្ម​បែប​ប្រពៃណី​, កសិកម្ម ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ជា​មូលដ្ឋាន និង​ការដាំដុះ​ស្រូវ​ដើម្បី​សម្រាប់​ជា​ផលិតផល​ផ្គត់ផ្គង់​ដល់​រោងចក្រ​ធំ និង​ទម្រង់​ចុងក្រោយ​នោះ​គឺ កសិកម្ម ដែល​អនុវត្តតាម​បច្ចេកវិទ្យា​ទំនើប​បំផុត​ដោយ​ត្រូវ​ប្រើប្រាស់​ទាំង​ប្រព័ន្ធ​ផ្កាយរណប GPS និង​យន្តហោះ Drone សម្រាប់​បាច​ជី និង​កាត់បន្ថយ​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​នោះ​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ កសិករ​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​កសិកម្ម​ខ្នាត​ធំ​នេះ (Megafarm) អាច​ខ្ចីប្រាក់​ចាប់ពី ៥​លាន​បាត​ឡើងទៅ (​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​) ពី​ធនាគារ​សហប្រតិបត្តិកា​រ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​អត្រា​ការប្រាក់ ០.០១ ភាគរយ​។ ហើយ​ក្រសួង​ដែល​ទទួលខុសត្រូវ​សម្រាប់​ទីផ្សារ និង​ការលក់​ស្រូវ និង​ស្វែងរក​អ្នកទិញ គឺ​ក្រសួង​ការ​ពាណិជ្ជកម្ម​ថៃ​តែម្តង​។

​អ្វី​គួរកត់សម្គាល់​នោះ អនុរដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏បាន​អះអាង​ដែរ​ថា ទន្ទឹមនឹង​ការជួយ​សម្រួល​ដល់​កសិក​រ និង​ការបង្កើន​ផលិតផល​កសិកម្ម​គោលដៅ​របស់​កម្មវិធី​កសិកម្ម​ខ្នាត​ធំ គឺ​លើកកម្ពស់​សុវត្ថិភាព និង​សន្តិសុខ​អាហារ និង​ការអនុវត្ត​លើ​កសិកម្ម​ឲ្យ​កាន់តែ​ល្អប្រសើរ​។  លោកស្រី សង្កត់ធ្ងន់​ទៀតថា​៖«​នៅពេល​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​អាច​សម្រេចបាន​ហើយ នោះ ថៃ​អាច​ប្រកាស​ទៅកាន់​ពិភពលោក​នាពេល​អនាគត​ថា ថា ថៃ គឺជា​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ដ៏​មាន​សុវត្ថិភាព​ទៅកាន់​ពិភពលោក​»៕


Tag:
 ថៃ​
  ស្រូវ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com