អន្តរជាតិ
អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ថេ​ន សេន ទទួលពាន​«​អ្នក​កសាង​សន្តិភាព និង​ប្រជាធិបតេយ្យ​»
16, Jan 2017 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន នៅ​ថ្ងៃទី​១៥ ខែមករា បានទទួល​ពាន​ខ្ពស់បំផុត​ដែលមាន​ងារ​ជា​«​មនុស្សជាតិ​សកល​»​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ជប៉ុន ដ្បិត​លោក បាន​ប្រឹង​ប្រឹង​ចូលរួម​កែទម្រង់​ប្រទេស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុងពេលដែល​លោក កាន់តំណែង​ដឹកនាំ​ប្រទេស​នោះ​។



​ថ្លែង​ក្នុង​ពិធី​ទទួលពាន​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា​(ERIA)​នៅក្នុង​ប្រទេស​ជប៉ុន លោក ថេ​ន សេន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​ប្រធានាធិបតី ខ្ញុំ ចង់​ឲ្យ​ប្រទេស​របស់ខ្ញុំ​ក្លាយជា​ប្រទេស​ដែលមាន​សន្តិភាព និង​វិបុលភាព និង​ប្រជាធិបតេយ្យ​។ បង្កើត​អនាគត​ភ្លឺស្វាង​ដល់​ក្មេងជំនាន់ក្រោយ និង​ប្រែក្លាយ​ប្រទេស​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ ដែល​អាច​ចែករំលែក​ធនធាន​ទៅកាន់​អាស៊ាន​ផងដែរ​»​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់ ERIA នៅ​ថ្ងៃទី​១៥ មករា​។

​ក្នុង​វេទិកា​ដែលមាន​វត្តមាន​ចូលរួម​ពី​អតីត​អគ្គលេខាធិការ​អាស៊ាន​លោក Surin Pitsuwan និង​អ្នកចូលរួម​ដែលជា​បញ្ញា​វ័​ន្ត និង​អ្នកការទូត​៣៥០​នាក់​នោះ អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ក៏បាន​អះអាង​ពី​សមិទ្ធផល​ដឹកនាំ​របស់លោក​ទៀតថា ការវិវត្ត​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ជំរុញ​ឲ្យ​មានការ​ទទួលស្គាល់​ពីស​ហគ​មន៍​អន្តរជាតិ និង​ការបញ្ចប់​ទណ្ឌកម្ម​ទៅលើ​មី​យ៉ាន់​ម៉ា​ផង​។ នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោក ថេ​ន សេន ដែល​បាន​និយាយទៀតថា មី​យ៉ាន់​ម៉ា បាន​ចូលរួមចំណែក​ក្នុង​ការកសាង​សន្តិភាព និង​វិបុលភាព​នៅក្នុង​អាស៊ាន នៅពេលដែល​មី​យ៉ាន់​ម៉ា ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៤​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com