អន្តរជាតិ
លោក Duterte បដិសេធ​សំណើ​ផ្គត់ផ្គង់​មី​ស៊ី​លពី​ជប៉ុន ព្រោះ​មិន​ចង់ឃើញ​សង្គ្រាមលោកលើកទី​៣
17, Jan 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​បដិសេធ​សំណើ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដែល​ចង់​ផ្តល់​មី​ស៊ី​ល​ឲ្យ​ហ្វីលីពីន​។ ការណ៍​ដែល​លោក​ប្រធានាធិបតី មិន​ទទួលយក​សំណើ​នេះ ក៏​ព្រោះតែ​លោក មិន​ចង់ឃើញ​សង្គ្រាមលោកលើកទីបី​នោះទេ​។



​ថ្លែង​នៅក្នុង​កម្មវិធី​ជួបជុំ​មួយ​ជាមួយនឹង​ក្រុម​សភាពាណិជ្ជកម្ម​ហ្វីលីពីន​នៅ​យប់​ថ្ងៃទី​១៤ មករា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​យើង ផ្តើម​សង្គ្រាមលោកលើកទីបី នោះ ពិភពលោក នឹងត្រូវ​បញ្ចប់​ហើយ​។ តាមពិត ខ្ញុំ បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី អា​បេ ថា ខ្ញុំ មិនត្រូវ​ការ​មី​ស៊ី​ល​នោះទេ​។ ខ្ញុំ ចង់ឃើញ​ប្រទេស​ហ្វីលីពីន គ្មាន​វត្តមាន​របស់​យោធា​បរទេស​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Philippines Star នៅ​ថ្ងៃទី​១៥ មករា​។

​អ្វី​គួរកត់សម្គាល់​នោះ សំណើ​ផ្តល់​មី​ស៊ី​ល​របស់​ជប៉ុន ធ្វើឡើង​ក្រោយពី រុស្សី ក៏បាន​ស្នើ​ក្នុង​ផ្គត់​ផ្គត់​នាវាមុជទឹក​ដល់​ហ្វីលីពីន​កាលពីពេល​ថ្មឺៗ​នេះ​ផងដែរ ក៏ប៉ុន្តែ​សំណើ​ពេលនោះ ក៏​បរាជ័យ​ដូចគ្នា ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន អះអាងថា មិនមាន​លទ្ធភាព​។ យ៉ាងណាក៏ដោយ ការបដិសេធ​សំណើ​បន្តបន្ទាប់​នេះ ក៏​ស្រប​ជាមួយនឹង​គោលនយោបាយ​ការបរទេស​ឯករាជ្យរ​បស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដ្បិត​លោក មិន​ចង់ឃើញ​វត្តមាន​ទាហាន​បរទេស​នៅក្នុង​ទឹកដី​ហ្វីលីពីន​ទៀត​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១៣ មករា​កន្លងទៅ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ហ្វីលីពីន​ជា​លើកដំបូង​ក្នុង​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។ បើទោះបីជា​ចេតនា​ក្នុងការ​ផ្តល់​មី​ស៊ី​ល​របស់​ជប៉ុន ត្រូវបាន​បដិសេធ​ដោយ​ហ្វីលីពីន ក៏ដោយ ជប៉ុន បានផ្តល់​ជំនួយ​ជាច្រើន​ផ្សេងទៀត​ដល់​ហ្វីលីពីន​ផងដែរ​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បានប្រកាស​ផ្ដល់ជំនួយ​ចំនួន​៨,៦៦​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​៥​ឆ្នាំ​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ នឹង​បានមកពី​កម្មវិធី​ជំនួយ​អភិវឌ្ឍ​ផ្លូវការ (ODA) និង​ពី​ការវិនិយោគ​របស់​ឯក​ជន​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាដើម​។ មិនតែប៉ុណ្ណោះ លោក អា​បេ ក៏បាន​សន្យា​សាងសង់​មណ្ឌល​ស្ដារ​សម្បទា សម្រាប់​ប្រើប្រាស់​ក្នង​យុទ្ធនា​បង្ក្រាប​គ្រឿងញៀន​របស់លោក Duterte ផងដែរ​៕


Tag:
 ហ្វីលីពីន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com