ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ពីរ​ចងសម្ព័ន្ធ​ជាមួយគ្នា ដើម្បី​ប្រមូល​សំឡេង​អ្នកគាំទ្រ មុនពេល​បោះឆ្នោត​
18, Jan 2017 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ បានប្រកាស​ចងសម្ព័ន្ធ​ជាមួយគ្នា​។ ការ​ចងសម្ព័ន្ធ​នេះ គឺ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​បាន​កាន់តែច្រើន ជាពិសេស​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។



​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លោក ហ៊ាង រិទ្ធី ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ជាមួយគ្នា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រមូលផ្តុំ​សំឡេង​អ្នកគាំទ្រ​។ តាមរយៈ​ការ​ចងសម្ព័ន្ធ​នេះ ពួកគេ សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ល្អ ក្នុងការ​បោះឆ្នោត ថ្នាក់ឃុំ​-​សង្កាត់ និង​ថ្នាក់ជាតិ នាពេលខាងមុខ​។

​បើតាម លោក ញឹក ប៊ុនឆៃ និង​លោក ហ៊ាង រិទ្ធី នាពេលខាងមុខ​គណបក្ស​ទាំងពីរ អាច​នឹង​ច្របាច់​បញ្ចូល​គ្នា ទៅជា​គណបក្ស​តែមួយ​។ ក្នុង​កាលៈទេស​នេះ បក្ស​ទាំងពីរ កំពុងតែ​រៀបចំ​ក្រុមការងារ ដើម្បី​គិតគូរ​ពី​បញ្ហា​ខាងលើ​។

​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន លោក ញឹក ប៊ុនឆៃ និង​លោក ហ៊ាង រិទ្ធី សុទ្ធតែ​បាន​សរសើរ​គ្នា​ទៅវិញទៅមក ថា​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ និង​គិតពី​ប្រយោជន៍​ជាតិ​ជាធំ​។ ពួកគេ អះអាងថា លក្ខណពិសេស​មួយទៀត ដែល​ឈានទៅដល់​ការ​ចងសម្ព័ន្ធ គឺ​ដោយសារតែ​គណបក្ស​ទាំងពីរ មាន​គោលនយោបាយ​ស្រដៀង​គ្នា​។​

​លោក ញឹក ប៊ុនឆៃ និយាយថា​៖«​ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ ជា​អតីត​អ្នកតស៊ូ​ជាមួយ​សម្តេច នរោត្តម ស៊ី​ហ​នុ ក្នុងការ​រំដោះប្រទេស នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០​។ ចំណុច​មួយទៀត យើង​មើល​ទាំង​គោលនយោបាយ ទាំង​គោលការណ៍​គណបក្ស​យុត្តិធម៌​ជាតិ ខ្មែរ គឺ​ស្រដៀង​គ្នា​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​»​។

​ចំណែក លោក ហ៊ាង ឬ​ទ្ធី និយាយថា​៖«​ការរួម​គ្នា ការ​ចងសម្ព័ន្ធ ដើម្បី​ចាប់ដៃគ្នា ជួយ​គ្នា រួមគ្នា​ឲ្យ​មាន​ភាពខ្លាំង ដូច​ព្រះបន្ទូល​របស់​ព្រះមហាវីរក្សត្រ (​សម្តេច នរោត្តម ស៊ី​ហ​នុ​) ថា​សូម​ឲ្យ​កូន​ខ្មែរ​សាមគ្គី​គ្នា បើកាលណា​ខ្មែរ​រួបរួមគ្នា ខ្មែរ​នឹង​ខ្លាំង ខ្មែរ​ឈ្នះ​។ ឥឡូវ គណបក្ស​ទាំងពីរ មាន​ឆន្ទៈ​ដូចគ្នា ហើយ​ដោយសារតែ​យើង​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ទើប​យើង​អាច​រួបរួមគ្នា បែបនេះ​»​។

​ក្រៅពី​ប្រាប់​មួល​ហេតុ​នៃការ​ចងសម្ព័ន្ធ មេបក្ស​ទាំងពីរ ក៏បាន​និយាយ​ការពារ​ជាមុន​ថា ការ​ចងសម្ព័ន្ធ​នេះ មិនមែន​ដើម្បី​បំបែក​សំ​ឡេ​ង​គណបក្ស​ណាមួយ នោះទេ​។ ជាងនេះទៀត ពួកគេ ​ប្រកាសថា គណបក្សខ្លួន គឺឯករាជ្យ ដោយ​មិន​ស្ថិតនៅក្រោម​សម្ពាធ ឬក៏ជា​អាយ៉ង​របស់​គណបក្ស​ណាមួយ​ ឡើយ។ 

​មេបក្ស​ទាំងពីរ អះអាងថា កន្លងមក​មាន​គណបក្ស​ចំនួន​៦​ឯណោះ ដែល​បាន​ទាក់ទង​គ្នា ក្នុងការ​ចងសម្ព័ន្ធ តែ​ក្រោយមក​ដំណឹង​ពី​គណបក្ស​ចំនួន​៤​ទៀត ក៏​ស្ងប់ស្ងាត់​ទៅវិញ​។ យ៉ាងណា ពួកគេ នៅតែ​សង្ឃឹមថា គណបក្ស​ទាំងនោះ នឹងចូលរួម​ចងសម្ព័ន្ធ​ជាមួយ​ខ្លួន នៅ​ថ្ងៃ​ណាមួយ​។  

​លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លើកឡើងថា បើទោះបីជា​បក្ស​ទាំងពីរ​ចងសម្ព័ន្ធ​នឹង​គ្នា​ក៏ពិតមែន ក៏​មិនអាច​ទាក់ទាញ​សំឡេង​អ្នកគាំទ្រ​ពី​បក្ស​ធំៗ បានដែរ​។ លោក អះអាងថា ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ គណបក្ស​នីមួយៗ ត្រូវមាន​មេដឹកនាំ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ រួមទាំង​រចនាសម្ព័ន្ធ​រឹងមាំ​។

​លោក និយាយថា​៖«​ខ្ញុំ​មើលទៅ គណបក្ស​ថ្មីៗ មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ​។ ទាល់តែ​មេដឹកនាំ​គណបក្ស មាន​ប្រជាប្រិយភាព ហើយ​ល្បីល្បាញ និង​មានតម្លៃ​ណាមួយ​ក្នុងសង្គម ទើប​អាច​ទាក់ទាញ​ការគាំទ្រ​បាន​។ ប្រជាពលរដ្ឋ នៅមិនទាន់​បែកចិត្ត​ពី​គណបក្ស​ធំៗ​ទេ (CPP ​និង ​CNRP) »៕


Tag:
 ញឹក ប៊ុនឆៃ​
  ហ៊ាន រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com