អន្តរជាតិ
លោក អូ​បា​ម៉ា និយាយ​ការពារ​ដល់​ការលើកលែងទោស នាង Manning ដែល​ធ្វើ​ឲ្យ​បែកធ្លាយ​ឯកសារ​យោធា
19, Jan 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការលើកលែងទោស​ដ៏​ភ្ញាក់ផ្អើល​ដល់​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ដល់​អ្នក​វិភាគ​ស៊ើបការណ៍​សម្ងាត់​យោធា​ម្នាក់​ដែល​បានធ្វើ​ឲ្យ​បែកធ្លាយ​ឯកសារ​របស់​យោធា​។



​លោក អូ​បា​ម៉ា ដែល​បាន​បើក​សន្និសីទកាសែត​ក្នុងនាម​ជា​ប្រធានាធិបតី​របស់លោក​កាលពី​ថ្ងៃ​ពុធ បាន​មានប្រសាសន៍ថា នាង Chelsea Manning ជាប់ទោស​យូរ​ជាង​អ្នកផ្សេង​ដែល​ធ្វើ​ឧក្រិដ្ឋកម្ម​ស្រដៀង​គ្នា​នេះ ហើយ​ថា នាង Manning បានទទួល​ខុសត្រូវ​ចំ​ពោះ​បទឧក្រិដ្ឋ​របស់​នាង​ហើយ​។​

​លោក អូ​បា​ម៉ា បាន​និយាយ​នៅឯ​សេត​វិមាន​ថា «​ពិចារណា​ទៅលើ​គ្រប់​កាលៈទេសៈ​ទាំងអស់ ការលើកលែងទោស​ដល់​នាង​គឺជា​រឿង​មួយ​ដ៏​សក្តិសម​»​។​

​លោក អូ​បា​ម៉ា បាន​ជូនពរ​ដល់​អតីត​ប្រធានាធិបតី​អាមេរិក លោក George H.W. Bush និង​ភរិយា​របស់លោក គឺ​លោកស្រី Barbara ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Houston រដ្ឋ Texas​។​

​លោក អូ​បា​ម៉ា ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​ការបំពេញ​ការងារ​រប​ស់​ខ្លួន​ផងដែរ​។ ខណៈដែល​លោក​មិន​សប្បាយ​ចិត្តនឹង​ព័ត៌មាន​គ្រប់​រឿង​ដែល​សរសេរ​ពី​រូបលោក ប្រធានាធិបតី​នឹងត្រូវ​ចប់​អាណត្តិ​រូបនេះ​បាន​និយាយថា លោក​មាន​អារម្មណ៍​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បំពេញការងារ​ដោយ​ត្រឹមត្រូវ​និង​មាន​តុល្យភាព​។ លោក​បាន​បន្ថែមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​អាមេរិក​។​

​លោក អូ​បា​ម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ ប្រឆាំង​យ៉ាងខ្លាំង​នឹង​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​ហៅ​លោក​មហាសេដ្ឋី​ចលនទ្រព្យ​ដែល​នឹង​ក្លាយជា​អ្នកនយោបាយ​ថា​មាន​លក្ខណៈ​ឆេវឆាវ​ដែល​មិន​សម​នឹង​ធ្វើជា​មេដឹកនាំ​កំពូល​របស់​អាមេរិក​នោះទេ​។ ប៉ុន្តែ​ចាប់តាំងពី​បោះឆ្នោត​រួចមក លោក អូ​បា​ម៉ា បាន​ជួប​ជាមួយនឹង​លោក ត្រាំ និង​បាន​និយាយ​ជាមួយ​លោក​ក្នុង​កម្មវិធី​មួយចំនួន ខណៈដែល​ពួកគេ​សហការគ្នា​ដើម្បី​ធ្វើការ​ផ្ទេរតំណែង​ដោយ​សន្តិវិធី​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com