ជាតិ
សេដ្ឋកិច្ច
លោក គួច ម៉េង​លី ឆ្ងល់​ថា ហេតុអ្វី​ត្រូវ​បង់ពន្ធ​លើ​សម្ភារ​ជំនួយ​នាំចូល​ពី​បរទេស​?
19, Jan 2017 , 2:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន​មូលនិធិ ម៉េង​លី ជេ​. គួច​ដែលជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច គ្រុប បាន​ត្អូញត្អែរ​ពី​ផល​លំបាក ពេលដែល​លោក​នាំ​សម្ភារ​អំណោយ ដូចជា សៀវភៅ និង​គ្រែ​អ្នកជំងឺ​ចូលក្នុង​ប្រទេស​ម្ដងៗ​។ លោក​បង្ហាញ​ការ​ខក ចិត្ត​ចំពោះ​ការយកពន្ធ​លើ​ការ​នាំចូល​សម្ភារ​ទាំងនេះ ដ្បិត​សម្ភារ​ទាំងនេះ គឺជា​អំណោយ​ពី​ក្រៅប្រទេស ដែល​ប្រគល់ជូន​មូលនិធិ​របស់លោក ដើម្បី​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​ដល់​មន្ទីរពេទ្យ​រដ្ឋ បណ្ណាល័យ និង​អង្គការ​នានា​។



​ថ្លែង​ក្នុង​សន្និសីទកាសែត​ស្ដីពី​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប អាមេរិកាំង នៅ​ថ្ងៃទី​១៦​ខែមករា លោក គួច ម៉េង​លី បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ជួប​ការលំបាក​ក្នុង​ការនាំ​ជំនួយ​ពី​បរទេស ជា​សម្ភារ និង​គ្រែ​អ្នកជំងឺ ចូលក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​ត្រូវ​ចំណាយ​លើ​ការដឹកជញ្ជូន​ហើយ លោក​ត្រូវតម្រូវ​ឲ្យ​បង់ពន្ធ​ទៀត​ក្នុងពេល​កន្លងមក​។​

​លោក គួច ម៉េង​លី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​សន្និសីទកាសែត​ខាងលើ​ទៀតថា ការអនុវត្ត​របស់​ម​ន្ត្រី​ថ្នាក់ក្រោម​ចំពោះ​ការលើកលែង​ពន្ធ​លើ​សម្ភារ​អំណោយ​ហាក់​មិនបាន​ត្រឹមត្រូវ​តាមច្បាប់​។ លោក​បន្តថា លោក​ចង់​ឲ្យ​មានការ​បើកចំហ​ការ​នាំចូល​សម្ភារ​ជំនួយ ដើម្បី​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​។ សម្រាប់​លោក​វេជ្ជបណ្ឌិត រដ្ឋាភិបាល​នៃ​ប្រទេស​ស្វី​ស បាន​បង្ហើប​ថា គេ​នឹង​ផ្តល់ជំនួយ​ជា​គ្រែ​អ្នកជំងឺ​មក​បន្ថែមទៀត ប៉ុន្តែ​បើសិនជា ការ​នាំចូល​សម្ភារ​ទាំង​នេះ ត្រូវតម្រូវ​ឲ្យ​បង់ពន្ធ នោះគេ​មិន​ផ្តល់​ឲ្យ​មក​កម្ពុជា​ទៀត​ទេ​។​

​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ថ្លែងប្រាប់​សារព័ត៌មាន ថ្មីៗ​ថា​សម្ភារ​ដែល​នាំចូល​សម្រាប់ធ្វើ​អំណោយ គឺ​រដ្ឋ​ត្រូវ​បង់ពន្ធ​ជំនួស ដែល​ហៅថា​ពន្ធអាករ​បន្ទុករ​ដ្ឋ​។ ដូច្នេះ អ្នក​នាំចូល​មិនត្រូវ​តម្រូវ​ឲ្យ​បង់ពន្ធ​នោះទេ ប៉ុន្តែ​ត្រូវ​បំពេញបែបបទ​ជាមុនសិន​។ លោក​លើក ឧទាហរណ៍​ថា បើ​សម្ភារ​អំណោយ​នោះ​ជា​សៀវភៅ អ្នក​នាំចូល​ត្រូវដាក់​ពាក្យសុំ​ទៅ​ក្រសួង​អប់រំ  យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​បើសិន​ជាមាន​មន្ត្រី​ទាមទារ​ថវិកា​លើក​ការ​នាំចូល​សម្ភារ​ជា​ជំនួយ ដូច​ការលើកឡើង​ដូច​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បានលើកឡើង លោក លោក​អគ្គនាយក គុណ ញឹម ឆ្លើយតប​យ៉ាង​ដូច្នេះ​៖«​យើង​អត់​មាន​គោលការណ៍​អ៊ីចឹង​ទេ​។ ខ្ញុំ​មិនដឹងថា មន្ត្រី (​មន្ត្រី​ទារប្រាក់​ក្រៅ​ផ្លូវច្បាប់​) នោះ​នៅ​កន្លែង​ណា​ទេ មន្ត្រី​នៅ​ក្រសួង​អប់រំ ឬ​មន្ត្រី​នៅ​អង្គភាព​គយ​? នៅ​អង្គភាព​គយ បើសិន​ជាមាន​គោលការណ៍ (​អនុញ្ញាត​ឲ្យ​នាំចូល​) ពី​រដ្ឋមន្ត្រី ពី​ថ្នាក់លើ​មក​ថា ពន្ធអាករ​ជា​បន្ទុក​រដ្ឋ នោះ​មិនមាន​ត្រូវ​បង់ពន្ធ​អ្វី​នោះទេ​»៕


Tag:
 គួច ម៉េង​លី
© រក្សាសិទ្ធិដោយ thmeythmey.com