ជាតិ
EDC ផ្អាកផ្គត់ផ្គង់អគ្គិសនី៤ថ្ងៃ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
× ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករានេះ។ ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី ដោយសារការជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញដែលបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។
បើផ្អែកតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នាថ្ងៃទី១៩ មករានេះ អគ្គិសនីកម្ពុជា បានផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ តាមតំបន់មួយចំនួនដូចជា តំបន់ភ្លើងលេខ ប.ត៤១៤ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងតំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិដើមចាន់ ភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅ២។ តំបន់មួយចំនួនស្ថិតនៅភូមិបឹងឈូក ភូមិឫស្សីស្រស់ ភូមិជ្រោយបាសាក់ ភូមិព្រះពន្លា ភូមិព្រែកតាពៅ ភូមិអូរអណ្ដូង ខណ្ឌច្បារអំពៅ។
សម្រាប់ថ្ងៃទី២០ ខែមករា EDC បានផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅតំបន់ភ្លើងលេខ ប.ត៤១៤ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងតំបន់ភ្លើងមួយចំនួន ស្ថិតនៅភូមិទួលគោក ភូមិចុងខ្សច់ ភូមិបាក់ទូក ក្នុងសង្កាត់ទួលសង្កែទី១។ ពេលវេលាដូចគ្នានេះដែរ EDC ក៏ផ្អាកផ្គត់ផ្គង់នៅតំបន់ភ្លើង ស្ថិតនៅភូមិឫស្សី ភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ព្រមទាំងភូមិទួលពង្រ ភូមិត្រពាំងរំចេក ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ តំបន់ភ្លើងមួយចំនួននៅក្នុងសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានបន្ថែមទៀតថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៧ ចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច EDC នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងលេខ OP ០៤៩ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងតំបន់ភ្លើងលេខ ប.ត ៩៣៧ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ចំពោះការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ នឹងបន្តទៅតំបន់ភ្លើង ស្ថិតនៅសង្កាត់តាខ្មៅ សង្កាត់ដើមមៀន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅថ្ងៃអាទិត្យទី២២ ខែមករា EDC នឹងធ្វើការផ្អាកចរន្តអគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងតំបន់ភ្លើងលេខ ប.ត២២៦ ក្នុងសង្កាត់ចាក់អង្រែក្រោម រួមទាំងតំបន់មួយចំនួនទៀត ស្ថិតនៅភូមិក្បាលដំរី ភូមិកាកាប ភូមិតាងួន ភូមិព្រៃសាលា ភូមិចំការឪឡឹក ក្នុងសង្កាត់កាកាប។ បន្ថែមលើនេះ តំបន់ភ្លើងមួយចំនួននៅតាមបណ្ដោយផ្លូវជើងឯក ចាប់ពីភូមិម័ល រហូតដល់ភូមិព្រែកថ្លឹង សង្កាត់ជើងឯក និងសង្កាត់ដើមមៀន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏នឹងត្រូវផ្អាកចរន្តអគ្គិសនីនៅថ្ងៃទី២២ នេះដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com