អន្តរជាតិ
​ប្រធានាធិបតី​ហ្វីលីពីន នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ជាថ្មី​
19, Jan 2017 , 8:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន(ខាងស្តាំ) បំពេញទស្សនកិច្ចនៅចិន នៅខែតុលា ឆ្នាំ២០១៦
លោកប្រធានាធិបតីហ្វីលីពីន(ខាងស្តាំ) បំពេញទស្សនកិច្ចនៅចិន នៅខែតុលា ឆ្នាំ២០១៦
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ជាថ្មី​ម្តងទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​នៃ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​វី​ថី​មួយ​» ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក ឌើ​ទើ​តេ ក៏រ​ពឹង​ថា​នឹង​អាច​ជួប​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង​ជាថ្មីទៀត​ផងដែរ​។



«​ខ្ញុំ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង​នៅ​ខែឧសភា​នេះ​ដើម្បី​ចូលរួម​វេទិកា​កិច្ច​សហ​ប្រតិ​ត្តិ​ការ​កំពូល​អន្តរជាតិ ខ្សែក្រវ៉ាត់​មួយ វិថី​មួយ ហើយ ខ្ញុំ ក៏​ទន្ទឹងរង់ចាំ​ដើម្បី​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​ម្តង​ទៀ​ផងដែរ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ដែល​បាន​ស្រង់​សម្តី​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ក្នុងជំនួប​ជាមួយនឹង​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លូ ហ្ស៊ី​មីង ក្នុង​ក្រុង​ម៉ានីល ដែល​បាន​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៩ មករា​។

​សេចក្តីថ្លែងការណ៍​នេះ មិនបាន​បញ្ជាក់​អ្វី​លម្អិត​ទៀត​នោះទេ​។ ដោយឡែក​ជុំវិញ​បញ្ហា​នេះ ក្រសួងការបរទេស​ហ្វីលីពីន ក៏​មិនទាន់មាន​អត្ថាធិប្បាយ​អ្វី​ឡើយ ខណៈ​ប្រភព​ការទូត​ពី​ក្រុង​ប៉េកាំង បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​នឹង​អញ្ជើញ​មេ​ដឹក​បរទេស​ជាច្រើន​ផ្សេងទៀត​ដើម្បី​ចូលរួម​វេទិការ​អន្តរជាតិ​នោះដែរ​។

​សូម​ជម្រាប​ផងដែរ​ថា «​ខ្សែក្រវ៉ាត់​មួយ និង​វី​ថី​មួយ​» គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដែល​គោលដៅ​របស់​គឺ​ដើម្បី​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយនឹង​អាស៊ី​កណ្តាល អ៊ឺរ៉ុប និង​បណ្តា​ប្រទេស​មួយចំនួន​ផ្សេងទៀត​។

​តែ​អ្វី​គួរកត់សម្គាល់​នោះ វត្តមាន​របស់​ប្រធានាធិបតី​ហ្វីលីពីន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ នឹងធ្វើ​ឲ្យ​ត្រូវ​ទៅដល់​ចិន​ពីរដង​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ គិត​ចាប់តាំងពី​កាន់អំណាច​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​កន្លងទៅ​។ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់ ចិន តប​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នៅ​ខែតុលា ឆ្នាំ​២០១៦​។ វត្តមាន​លោក​ទៅកាន់​ចិន​ពេលនោះ គឺជា​ការបើកផ្លូវ​មួយ​ដ៏​ធំ​នៃ​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន និង​ចិន ក្នុង​បរិបទ​ថ្មី​។​

​បរិបទ​ថ្មី​នោះ​គឺ នៅ​រដ្ឋបាល​ហ្វីលីពីន​មុនៗ ចិន នឹង​ហ្វីលីពីន មិនសូវមាន​ភាពល្អក​ល្អិន​នឹង​គ្នា​ប៉ុន្មាន​នោះទេ ពោលគឺ​ប្រទេស​ទាំងពីរ ញឹកញាប់​មានការ​ប្រឈម​គ្នា​ទាំង​ផ្នែក​ការទូត និង​ការប្រកួតប្រជែង​សព្វាវុធ ដ្បិត ប្រទេស​ទាំងពីរ មាន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​គ្នា​ដែល​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​នោះ​។ ហើយ​ក្នុង​រដ្ឋបាល​ហ្វីលីពីន​ថ្មី​នេះ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ធ្លាប់​អះអាងថា លោក នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយនឹង​ចិន​ដើម្បី​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ រីឯ​សមុទ្រ​ចិន​ខាងត្បូង លោក បានដាក់​ក្នុង​របៀបវារៈ​ទ្វេភាគី​ដើម្បី​ចរចា និង​ពិគ្រោះ​យោបល់​គ្នា​៕
 

Tag:
 ​ហ្វីលីពីន​
  ចិន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com