អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Michelle Obama៖ «​ធ្វើជា​ស្ត្រី​ទីមួយរ​បស់បង ជា​កិត្តិយស​បំផុត​មួយ​នៃ​ជីវិត​អូន »
19, Jan 2017 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅសល់​មិន​ដល់​៤៨​ម៉ោង​ឡើយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​លោក​ស្រី្ត​ទីមួយ Michelle Obama រួមជាមួយ​បុត្រី​ទាំងពីរ​នឹង​ចាក​ចេញពី​សេត​វិមាន​ហើយ​។ លោកស្រី Michelle បាន​អរគុណ​ស្វាមី​លោកស្រី និង​បញ្ជាក់ថា លោកស្រី​មាន​កិត្តិយស​បំផុត​ដែល​បាន​ធ្វើជា​ស្ត្រី​ទីមួយ​។ 

​ពេលវេលា​ចេះតែ​ខើច​ខ្លាំងណាស់​ទៅហើយ សម្រាប់​ការ​ស្នាក់នៅ​សេត​វិមាន លោកស្រី Michelle និង​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចំណាយ​ពេលវេលា​សេសសល់​ដើរ​ស្រូបយក​ខ្យល់អាកាស​នៅ​សេត​វិមាន​។ គេ​ឃើញ​លោកស្រី Michelle បង្ហោះ​សារ​ថ្លែងអំណរគុណ​អ្នកគាំទ្រ​ចំពោះ​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​លោកស្រី​។ ហើយ​និង​បង្ហោះ​រូបភាព​ជាច្រើន​នៅ​សេត​វិមាន​ជាមួយ​ក្រុមគ្រួសារ និង​រូប​ភាពជា​លក្ខណៈ​គូស្នេហ៍​ផង​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ លោកស្រី Michelle បាន​បង្ហោះ​រូបភាព​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​និង​អរគុណ​ស្វាមី​លោកស្រី​ផង​។​
​លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា «​ធ្វើជា​ស្ត្រី​ទីមួយរ​បស់បង ជា​កិត្តិយស​បំផុត​ពេញ​មួយជីវិត​របស់​អូន​។ អរគុណ​បង​អស់ពី​បេះដូង​»​។  

 
​ក្រុមគ្រួសារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​រៀបចំខ្លួន​ចាកចេញ​ពី​សេត​វិមាន​។ នៅ​ព្រឹក​ថ្ងៃ​សុក្រ​លោក​នឹង​ចាកចេញ ឲ្យ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​និង​គ្រួសារ​ចូលមក​រស់នៅ​វិញ​ម្តង​។ 
 
​ពេល​ចាកចេញ​ហើយ លោក អូ​បា​ម៉ា និង​ក្រុមគ្រួសារ​នឹង​ទៅ​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​នៅ Kalorama ដែល​ស្ថិតនៅ​ក្រុង​វ៉ាស៊ីនតោន​ដដែល ហើយ​លោក​និង​ក្រុមគ្រួសារ​ត្រូវ​បន្ត​រស់​ទីនោះ​ទម្រាំ​កូនស្រី​ពៅ​របស់លោក​រៀប​ចប់​វិទ្យាល័យ​សិន​។ 
 
​កន្លងមក​មក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ហើយ​ថា លោក​ត្រូវការ​ភាព​ស្ងៀមស្ងាត់​មួយរយៈ​ក្រោយ​ចាក​ចេញពី​តំណែង​។ ហើយ​លោក​នឹង​សម្ងំ​សរសេរ​សៀវភៅ និង​ចូលរួម​សកម្មភាព​នានា​ទាំង​នយោបាយ​និង​កិច្ចការ​សង្គម​ដែល​ពាក់ព័ន្ធ​យុវជន​។ ចំ​ណែ​លោក ស្រី Michelle នឹង​បន្តការងារ​លោកស្រី​ជាមួយ​យុវជន​និង​លើកស្ទួយ​វិស័យ​អប់រំ​ជាដើម​។​លោកស្រី​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​នយោបាយ​និង​សង្គម​អាមេរិក ប៉ុន្តែ​លោកស្រី ទំនងជា​មិន​ឈរឈ្មោះ​ដើម្បី​កាន់កាប់​តំណែង​សាធារណៈ​ណាមួយ​ឆាប់ៗ​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com