ជាតិ
លោក ផៃ ស៊ី​ផាន ថា Global Witness ប្រឌិត​រឿង​ញុះញង់​អន្តរជាតិ ដើម្បី​បំផ្លាញ​ក្តី​សុខ​កម្ពុជា​
19, Jan 2017 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​Global Witness បាន​លើកឡើងថា អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សម្តី​របស់​អង្គការ Global Witness ថា ជាការ​ញុះញង់​អន្តរជាតិ ដើម្បី​បំផ្លាញ​សេចក្ដីសុខ​ប្រទេស​កម្ពុជា ។



​អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ប្រតិកម្ម​ចំពោះ​សម្តី​របស់​អង្គការ​Global Witness ថា អង្គការ​អន្តរជាតិ​មួយ​នេះ កំពុង​ប្រឌិត​រឿង ដើម្បី​បំផុសបំផុល​ដល់​អន្តរ​ជាតិ ក្នុង​គោលបំណង​បំផ្លាញ​ភាពជោគជ័យ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំនេះ​។ លោក ផៃ ស៊ី​ផាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ជារួម​គឺ​ខ្មែរ​ទទួលបាន​ជោគជ័យ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ជាពិសេស​គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​កើតចេញពី​ប្រជារាស្ត្រ​ខ្មែរ ដែល​លោក​ទទួលបាន​ការគោរព និង​កោតសរសើរ ពី​សំណាក់​អន្តរជាតិ ចំពោះ​ការដឹកនាំ​ដ៏​រស់​រវើក និង​ចំ​ទិសដៅ គឺ​សន្តិភាព ស្ថេរភាព និង​វិបុលភាព​។ ដូចនេះ ការលើកឡើង​របស់​អង្គការ​ប្រតិកិរិយា បិសាច​អន្តរជាតិ គ្មានអ្វី​ក្រៅពី​ការប្រឆាំង និង​ភាព​សុខក្សេមក្សាន្ត ព្រម​ជាមួយនិង​ជោគជ័យ​របស់​ខ្មែរ​តែប៉ុណ្ណោះ​»​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​អង្គការ​Global Witness បានលើកឡើង​កាលពី​ថ្ងៃទី​១៨ មករា​ថា កិច្ចប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​ម​ដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ ការលើកឡើង​របស់​Global Witness នេះ​ដោយ​ភ្ជាប់​ជាមួយ​ទស្សនៈ​ថា ទិសដៅ​ដឹកនាំ​ប្រទេស​របស់​សម្ដេច ហ៊ុន សែន គឺមាន​គោលបំណង​ស្ថិតនៅ​ឆ្ងាយ​ពី​វេទិការ​សេដ្ឋកិច្ចពិភពលោក​នេះ ព្រោះ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល ជាង​៣០​ឆ្នាំនេះ បានធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​គណបក្សប្រឆាំង ក្នុងនោះ​រួមទាំង​មានការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​, ការដាក់ទោសទណ្ឌ និង​ការរំលោភបំពាន​ច្បាប់ ដោយ​ការចាប់​ឃុំខ្លួន អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ផងដែរ​។​

​មន្ត្រី​អង្គការ Global Witness អ្នកស្រី Alice Harrison បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​លោក ហ៊ុន សែន ព្យាយាម​ទាក់ទាញ​អ្នក​វិយោគ​ទុន​កំពូលៗ​ពី​ទីក្រុង​ដា​វូ​ស​នោះ ព្រោះ​លោក ហ៊ុន សែន និង​គ្រួសារ​របស់គាត់​កំពុង​ក្ដោប​ក្ដាប់ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហេតុដូច្នេះ​រាល់ អ្នកវិនិយោគទុន​ថ្មីៗ​ទាំងនោះ នឹង​អាច​ធ្លាក់​ក្នុង​ហោប៉ៅ​របស់​ពួកគេ​»​។​

​ជាមួយគ្នានេះ អង្គការ Global Witness លើកឡើង​បន្តថា វេទិការ​សេដ្ឋកិច្ច​ពិភព​ក្នុង​ទីក្រុង Davos នេះ មិនគួរ​អនុញ្ញាត​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជា​ម្ចាស់ផ្ទះ​បើក​វេទិការ​សេដ្ឋកិច្ចពិភពលោក ស្តីពី​អាស៊ាន នៅក្នុង​ខែឧសភា​ខាងមុខនេះ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មក​កម្ពុជា​នោះទេ​។​

​តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន ចាត់ទុក​ហេតុផល​របស់​អង្គការ Global Witness ទាំងនេះ​គ្រាន់តែ​ជា​ទស្សនៈ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ម្ដង​ហើយ​ម្ដងទៀត​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូបនេះ លើក​តឹង​តាង​ការពារ​ការដឹកនាំ​រប​ស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​ទទួលបាន​ការ​គោរព និង​ឃើញថា​ជា​ខ្លា​សេដ្ឋកិច្ច​មួយ​ប្រចាំ​អាស៊ាន ASEAN ដែលមាន​ផលិតផល​សរុប​ក្នុងស្រុក​ក្នុង​រង្វង់​ជាង ៧ ភាគរយ ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ​។ កម្ពុជា ក៏​ជា​ទិសដៅ ដល់​អ្នក​បណ្តាក់ទុន​អន្តរជាតិ ដែលមាន​ភាពកក់ក្តៅ និង​បរិមាណ​ខ្ពស់​ប្រចាំ​តំបន់​»៕


Tag:
 ផៃ ស៊ី​ផាន​
 Global witness
  WEF2017
© រក្សាសិទ្ធិដោយ thmeythmey.com