អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បន្ត​ទទូច​ឲ្យ​មិត្ត​អាស៊ាន​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការសម្លាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា
19, Jan 2017 , 10:59 pm        
រូបភាព
ប្រភពរូបភាព៖ AP
ប្រភពរូបភាព៖ AP
ដោយ: ថ្មីៗ
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី​១៦ មករា​នេះ បាន​ព្រលះ​មី​យ៉ាន់​ម៉ា​ជាថ្មី​ក្នុង​វេទិកា​ប្រទេស​ឥស្លាម​លើ​បញ្ហា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ថែមទាំង​ទទូច​ឲ្យ​ប្រទេស​ឥស្លាម​ចូលរួម​គ្នា​ដើម្បី​បញ្ចប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​នោះ​។ នេះ គឺ​សេចក្តីថ្លែងការណ៍​មិន​ពេញចិត្ត​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ធ្វើ​ឡើងជា​លើក​ទី​ពីរ​ហើយ​ទៅ​មិត្ត​អាស៊ាន​មី​យ៉ាន់​ម៉ា​នោះ​។



​នា​វេទិកា​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖« ការសម្លាប់ ត្រូវតែ​បញ្ឈប់​។ ការបំពាន​ទៅលើ​ស្ត្រី និង​កុមារ ត្រូវតែ​បញ្ឈប់​....​ការបំពាន​របស់​អ្នក​(​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​) ទៅលើ​ជនជាតិ​ម៉ូ​ស្លី​ម ត្រូវតែ​បញ្ឈប់​»​។ នេះ​បើ​យោង​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ដកស្រង់​សម្តី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ពី​ព្រឹត្តិការណ៍​នោះ​។

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការរើសអើង និង​ការវាយប្រហារ​ទៅលើ​រ៉ូ​ហ៊ីង​យ៉ា​ជាបន្ទាន់ ហើយ អ្នក​ដែល​ល្មើស ក៏​គួរតែ​ត្រូវបាន​នាំខ្លួន​ដើម្បី​ប្រឈមមុខ​ច្បាប់​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ដែល​បាន​ប្រាប់​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស​ឥស្លាម​ទៀតថា ពួកគេ មិន

អាច​ឈរ​នៅ​ស្ញៀ​ម និង​មិន​ធ្វើ​អី​បាន​នោះទេ ដ្បិត វា គឺជា​រឿង​ដ៏​ចាំបាច់​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ពី​សោកនាដកម្ម​មនុស្ស ក្នុងនាម​ជា​សំឡេង​សមូហភាព​របស់​ពិភព​ឥស្លាម​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា តាម​របាយការណ៍​រប​ស់ម​ន្ត្រី​អង្គការសហប្រជាជាតិ មាន​ហិង្សា​បាន​ផ្តើម​កើតឡើង​នៅក្នុង​រដ្ឋ Rakhine ចាប់ពី​ថ្ងៃទី​៩ តុលា​ឆ្នាំមុន ដោយ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម ហើយ​បាន​បណ្តាល​ឲ្យ​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា រាប់ពាន់នាក់​ភៀស​ខ្លូន​ចេញពី​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេសជិតខាង​។ ស្រប​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ ក៏មាន​របាយការណ៍ ថា យោធា បាន​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុម​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា រាប់បញ្ចូល​ទាំង​បទល្មើស​រំលោភ សម្លាប់ និង​បង្ខំ​ឲ្យ​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ទៀតផង​។​

​ជុំវិញ​បញ្ហា​នេះដែរ រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ក៏​ធ្លាប់បាន​បង្កើត​ចលនា​មួយ​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែលជា​មិត្ត​អាស៊ាន​ជាមួយនឹង​គ្នា​នោះ គោរព​សិទ្ធិមនុស្ស និង​ធានា​ពី​ការ​គាំពារ​សម្រាប់​ការរស់នៅ​របស់​ជនជាតិភាគតិច​ទាំងនោះ​ឲ្យ​បាន​ស្មើភាព​ផងដែរ​។ បញ្ហា​នេះ ក៏​ជំរុញ​ឲ្យ​មានការ​ប្រឈម​មុខការ​ទូត​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ដោយ​មី​យ៉ាន់​ម៉ា បាន​វាយបក​ទៅកាន់​ម៉ាឡេស៊ី ថា​កុំ​ឲ្យ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ផងដែរ​។​

​អ្វី​គួរកត់សម្គាល់​ដោយសារ​រឿងចម្រូងចម្រាស​រ៉ូ​ហ៊ីង​យ៉ា រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អញ្ជើញ​សម​ភាគី​អាស៊ាន​ដើម្បី​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព និង​ព្រឹត្តិការណ៍​ទាំងស្រុង​នៃ​ហេតុការណ៍ និង​ការប្រឹងប្រែង​របស់​រដ្ឋា​ភី​បាល​មី​យ៉ាន់​ម៉ា ដែល​សំដៅ​ឲ្យ​ដឹងថា រដ្ឋាភិបាល​មិនដែល​ព្រងើយកន្តើយ​ទៅនឹង​បញ្ហា​នេះ​នោះទេ​។​

​តាមរយៈ​ជំនួប​ក្រៅផ្លូវការ​នោះដែរ ប្រមុខ​ការទូត​អាស៊ាន ក៏បានផ្តល់​ជា​គំនិត និង​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ពី​សហ​ស្ថិរភាព និង​សុខដុមរមនា​ក្នុងចំណោម​សហគមន៍ ការពារ​សិទ្ធិ​របស់​ជន​ស៊ីវិល និង​ផ្តល់ជំនួយ​មនុស្សធម៌ និង​ការថែទាំ​សុខភាព​សម្រាប់​ជន​ស៊ីវិល​នៅក្នុង​រដ្ឋ​នោះ​ទាំងអស់គ្នា​។ ដោយ​មិន​ត្រឹមតែ​លើក​ជា​មធ្យោបាយ​នោះទេ មេដឹកនាំ​ការទូត​អាស៊ាន ក៏បាន​បង្ហាញ​ការត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​ជួយ​ជំនួយ​មនុស្សធម៌ និង​ការអភិវឌ្ឍ​ទៅកាន់​រដ្ឋ​មាន​បញ្ហា ខណៈ​មី​យ៉ាន់​ម៉ា ក៏​អះអាង​ពី​ការត្រៀមខ្លួន​ផងដែរ​សម្រាប់​បញ្ជូន​ជំនួយ​ទាំងនោះ ក៏ដូចជា​បន្ត​រក្សា​ការផ្តល់​ព័ត៌មាន​ពី​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មាន​បញ្ហា​នោះ​៕


Tag:
 ម៉ាឡេស៊ី​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  OIC
© រក្សាសិទ្ធិដោយ thmeythmey.com