ជាតិ
ព័រ​ទុយ​ហ្គា​ល់​ស្នើ​បើក​បង្រៀន​ភាសា​ខ្លួន ក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា នៅ​កម្ពុជា​
20, Jan 2017 , 7:59 am        
រូបភាព
រូបថតហ្វេសប៊ុក ជេត ជាលី
រូបថតហ្វេសប៊ុក ជេត ជាលី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក Francisco Vaz Patto ឯកអគ្គរដ្ឋទូត​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ថ្មី​ប្រចាំ​កម្ពុជា បានស្នើ​សុំ​លោក ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បើក​បង្រៀន​ភាសា​ព័រ​ទុយ​ហ្គា​ល់ (Portuguese) នៅ​កម្ពុជា​។​



​លោក ជេ​ត ជាលី សាកលវិទ្យាធិការ RUPP បាន​ឲ្យ​ដឹងថា ឯកអគ្គរដ្ឋទូត​ព័រ​ទុយ​ហ្គា​ល់ បាន​សន្យា​ផ្តល់​គ្រូបង្រៀន​ថ្នាក់​ភាសា​ព័រ​ទុយ​ហ្គា​ល់​នៅ​កម្ពុជា​ទៀតផង នាពេល​ថ្មីៗ​នេះ​។​

​លោក ជេ​ត ជាលី បាន​បន្ថែមថា លោក និង​ឯកអគ្គរដ្ឋទូត​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បាន​ពិភាក្សាគ្នា​រួច​ថា ការបើក​ថ្នាក់​ភាសា​នេះ​សម្រាប់តែ​និស្សិត​ថ្នាក់​សិក្សា​អន្តរជាតិ (International Studies) និង ពាណិជ្ជកម្ម​អន្តរជាតិ (International Business) ពិសេស​សិស្ស និស្សិត​ត្រៀម​ទៅ​សិក្សា​នៅ​ព័រ​ទុយ​ហ្គា​ល់​ផង​។ សាកលវិទ្យាធិការ RUPP បានបង្ហាញ​ពី​បំណង​របស់​ឯកអគ្គរ​ដ្ឋ​ទូត​ប្រទេស​ស្ថិតនៅ​ប៉ែក​និរតី នៃ​សហភាព​អឺរ៉ុប តាម​គណនី​ហ្វេ​ស​ប៊ុ​ក នៅថ្ងៃនេះ​។​

​មុនពេល​កម្ពុជា​បើក​ថ្នាក់​បង្រៀន​ភាសា​របស់​ប្រទេស​ដែល​ស្ថិតនៅលើ​ឧបទ្វីប Iberian ជាប់​ប្រទេស​អេ​ស្ប៉ា​ញ​នេះ សាកលវិទ្យាធិការ RUPP បាន​បង្ហើប​បញ្ហា​ប្រឈម​មួយចំនួន រួមមាន គ្រូបង្រៀន បន្ទប់ និង​សម្ភារ​:​សិក្សា​។ យ៉ាងណា លោក​បញ្ជាក់ថា លោក​នឹង​បន្តធ្វើ​ការ​លើ​រឿងនេះ​លម្អិត​ទៀត ដើម្បី​ជា​ប្រយោជន៍​សិស្ស និស្សិត​កម្ពុជា​។

​តាម​លោក ជេ​ត ជាលី បច្ចុប្បន្ន មនុស្ស​ជាង ៣០០​លាន​នាក់​ប្រើ​ភាសា​ព័រ​ទុយ​ហ្គា​ល់ និង​ប្រទេស ១០ បាន​យក​ភាសា​ព័រ​ទុយ​ហ្គា​ល់​ជា​ភាសាផ្លូវការ​៕


Tag:
 ព័រ​ទុយ​ហ្គា​ល់​
  លោក ជេ​ត ជាលី​
  សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com