អន្តរជាតិ
រថភ្លើង​ចិន​ទីមួយ​ទៅដល់​អង់គ្លេស​ហើយ ក្រោយ​ធ្វើដំណើរ​១៧​ថ្ងៃ និង​ឆ្លងកាត់​១០​ប្រទេស​
20, Jan 2017 , 9:59 am        
រូបភាព
​ខ្សែ​រថភ្លើង​ដឹកទំនិញ​ដោយផ្ទាល់​រវាង​ចិន និង​អង់គ្លេស បាន​ទៅដល់​ក្រុង​ឡុង​ដ៍​នៅ​ថ្ងៃទី​១៨ ខែមករា ក្រោយ​ធ្វើដំណើរ​លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​រួចមក​។ សេវាកម្ម​រថភ្លើង​ផ្ទាល់ នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ដល់​ទៅ​១០ លើ​ចម្ងាយ​ផ្លូវ​ជាង​៧៤០០​គីឡូម៉ែត្រ ដោយ​ប្រើពេល​១៧​ថ្ងៃ​ឯណោះ​។ សេវាកម្ម​រថភ្លើង​នេះ នឹង​ជួយ​ជំរុញ​ទំនាក់​ទំនាក់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នេះ តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ដឹកជញ្ជូន​ដ៍​លើសលប់​។​



​សេវាកម្ម​រថភ្លើង​ដំបូង​គេ​រវាង​ចិន និង​អង់គ្លេស បាន​ទៅដល់​គោលដៅ​របស់ខ្លួន​ហើយ បន្ទាប់ពី​ធ្វើដំណើរ​ជិត​២០​ថ្ងៃ​។ សេវាកម្ម​រថភ្លើង​ដឹកទំនិញ The East Wind បានចេញ​ដំណើរ​ពី​ទីក្រុង Yiwu ខេត្ត Zhejiang ឆ្លងកាត់​ប្រទេស​១០​នៅ​អាស៊ី និង​អឺរ៉ុប លើ​ចម្ងាយ​ផ្លូវ​សរុប​៧,៤៥៦​ម៉ា​យល៍ មុន​ទៅដល់​គោលដៅ​ស្ថានីយ៍​រថភ្លើង Barking ភាគ​ខាងកើត​ក្រុង​ឡុង​ដ៍​។  

​កា​ហ្សា​ក់​ស្ថាន​, រុស្ស៊ី​, បេឡា​រុស​, ប៉ូឡូញ​, អាល្លឺម៉ង់ និង​បារាំង​ជាដើម សុទ្ធសឹង​ជា​ប្រទេស​ដែល​រថភ្លើង​ដំបូង​គេ​នេះ ឆ្លងកាត់​ទាំងអស់​។ រថភ្លើង​ដែល​ប្រតិ​ប​ត្ត​ការ​ដោយ​ក្រុមហ៊ុន Yiwu Timex Industrial Investments បាន​ទៅដល់​ក្រុង​ឡុង​ដ៍ ដោយមាន​៣៤​ទូ ផ្ទុក​ដោយ​ខោអាវ និង​ទំនិញ​ផ្សេងទៀត ដែលមាន​តម្លៃ​៤​លាន​ផោន​។ រថភ្លើង​ដំបូង​គេ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​មន្ត្រី​អង់គ្លេស និង​ប្រជាជន​ក្រុង​ឡុង​ដ៍​ជាច្រើន​ដែរ​។​

​សារព័ត៌មាន Independent ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ក្រុង​ឡុង​ដ៍ សង្ឃឹម​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​សេវាកម្ម​រថភ្លើង​ថ្មី​នេះ ជាពិសេស​ការទទួលបាន​កំណើនសេដ្ឋកិច្ច​តែម្ដង​។ មួយវិញទៀត​នោះ រថភ្លើង​នេះ នឹង​ជួយ​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​ទំនិញ ដ្បិត​តម្លៃ​ដឹកជញ្ជូន​ថោក​ជាង​ការដឹក​តាមផ្លូវ​អាកាស ព្រមទាំង​លឿន​ជាង​ការដឹក​តាមផ្លូវ​ទឹក​។ ដំបូង រថភ្លើង​នេះ នឹង​រត់​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ ហើយ​បើ​ជោគជ័យ នឹងធ្វើ​ដំណើរ​អចិន្ត្រៃយ៍​តែម្ដង​។​

​ជាមួយនឹង​ការមកដល់​រថភ្លើង​ពី​ចិន ក្រុង​ឡុង​ដ៍ គឺជា​ទីក្រុង​អឺរ៉ុប​ទី​១៥ ដែល​ភ្ជាប់​សេវា​រថភ្លើង​ជាមួយ​ចិន​។ ច្បាស់​ណាស់​ថា ការពង្រីក​ការដឹកជញ្ជូន​រថភ្លើង​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ «​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​» របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​ការជំរុញ​ការតភ្ជាប់​ខ្សែ​រថភ្លើង​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​រស់​ឡើងវិញ​វិថី​សូត្រ​បុរាណ​។​

​យ៉ាងណាក្ដី ទំហំ​ផ្លូវ​រថភ្លើង​ខុសគ្នា​នៅតាម​ប្រទេស​នីមួយៗ មានន័យថា រថភ្លើង​តែមួយ មិនអាច​ធ្វើដំណើរ​លើផ្លូវ​តែមួយ​ឡើយ​។ ដោយសារ​រឿងនេះ ទូរ​រថភ្លើង ត្រូវតែ​ផ្លាស់ប្ដូរ​ខ្សែ​រថភ្លើង​ជាច្រើនលើក​នៅក្នុង​ដំណើរ​ដឹកជញ្ជូន​របស់​ខ្លួន​នោះ​។ ប៉ុន្តែ នេះ ក៏​មិនមែនជា​បញ្ហា​ដែល​អាច​រាំងស្ទះ​ការតភ្ជាប់​ប្រព័ន្ធ​រថភ្លើង​នេះដែរ​៕


Tag:
 ចិន​
 ​អង់គ្លេស​
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com