ជាតិ
គ​.​ជ​.​ប ប្តូរ​ដោះស្រាយ​បណ្តឹង​បញ្ជី​ឈ្មោះ​ពី​សវនាការ​ជា​សាធារណៈ មក​អសាធារណៈ​វិញ​
20, Jan 2017 , 9:17 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ថា​នឹង ដោះស្រាយ​ពាក្យបណ្តឹង​លើ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត តាម​វិធី​អសាធារណៈ​វិញ ពី​ការធ្វើ​ពុំ​បើកសវនាការ​ដែល​គេ​បាន​អនុវត្តន៍​កន្លងមក ដើម្បី​ដោះស្រាយ​សំណុំរឿង​ឲ្យ​ទាន់ពេលវេលា​។​



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បាន​ប្រាប់​អំពី​មូល​ហេតុដែល​នាំ​ឲ្យ គ​.​ជ​.​ប ប្តូរ​នីតិវិធី​ពិនិត្យ​នេះ គឺ​ដោយសារ សំណុំរឿង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​មក គ​.​ជ​.​ប មាន​អង្គហេតុ​ដូចគ្នាៗ​ដែល​ពុំ​ចាំបាច់​បើកសវនាការ​សាកសួរ​ដេញដោល​ដើមបណ្តឹង សាក្សី និង​ចុង​ចម្លើយ ដូច​សវនាការ​មុនៗ​ទេ​។ លោក​បញ្ជាក់ថា ការធ្វើ​សវន​ការ​ជា​អសាធារណៈ ឬ​សង្ខេប​នេះ គឺ​នឹង​ពិនិត្យ​តែ​លើ​អង្គច្បាប់​នៃ​សំណុំរឿង​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ​មាន​សំណុំរឿង​ជាង ១០០ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ឲ្យ​លុបឈ្មោះ​អ្នក​បាន​ចុះឈ្មោះ​ចេញ​បញ្ជី​បោះឆ្នោត ដែល​នឹងត្រូវ​ចំណាយពេល​យូរ​ដើម្បី​ដោះស្រាយ​កាលណា​ត្រូវ​សួរដេញដោល​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ពាក្យបណ្តឹង​។ ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​នោះ ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប សម្រេច​ពិនិត្យ​តែ​អង្គច្បាប់​រួច​តែម្តង ដោយ​ផ្អែក​តាមច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​នីតិវិធី​សវនាការ​អសាធារណៈ​នឹង​ប៉ះពាល់​ប្រយោជន៍​ដើមបណ្តឹង​ឬទេ​? លោក ហង្ស ពុទ្ធា និយាយថា វា​មិន​ប៉ះពាល់​នោះទេ ពីព្រោះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សមាសភាព​ចំនួន ៩​នាក់ រួមទាំង​រូប លោក នឹង​ពិនិត្យ​ពិភាក្សា និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាង​ត្រឹមត្រូវ​ដដែល​។​

​ប៉ុន្តែ ក្នុងករណី​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ពិនិត្យឃើញថា សំណុំរឿង​ថ្មី​ណាមួយ មាន​អង្គច្បាប់ និង​អង្គហេតុ​ផ្ទុយគ្នា​នោះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នឹង​កោះហៅ​ភាគី​ពាក់ព័ន្ធ មាន ដើមបណ្តឹង សាក្សី ចុង​ចម្លើយ និង​តំណាង​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​មូលដ្ឋាន ចូលក្នុង​សវនាការ​សាកសួរ ជា​សាធារណៈ​វិញ​។

«​គ​.​ជ​.​ប ធ្វើការ​ពិនិត្យ និង​ផ្ទៀ​ត​ផ្ទាត់​ពាក្យបណ្តឹង​ស្របតាម​ផ្លូវច្បាប់​ត្រឹមត្រូវ​ដែល​បើកឱកាស​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ដោះស្រាយ​ពាក្យបណ្តឹង​ទាន់ពេលវេលា​»​។​

​បើតាម​លោក ហង្ស ពុទ្ធា ចាប់ពី​ថ្ងៃទី ១៤ រហូត​មកនេះ គ​.​ជ​.​ប បានទទួល​ពាក្យបណ្តឹង​ឲ្យ​លុបឈ្មោះ​អ្នក​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​យ៉ាងហោច​ជាង ១​ពាន់​នាក់ ហើយ​បណ្តឹង​ភាគច្រើន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យ៉ាងណា មកទល់ពេលនេះ​ដែរ គ​.​ជ​.​ប ពុំទាន់​បាន​លុបឈ្មោះ​អ្នក​ចុះឈ្មោះ​ណា​ម្នាក់​ដែល ភ្នាក់ងារ​គណបក្សប្រឆាំង​ថា​ខ្លួន​បាន​រកឃើញ និង​ស្គាល់​ថា ពួកគេ​ជា​ជនជាតិ​វៀតណាម ដោយ​ផ្អែកលើ​ភស្តុតាង​ចម្បង គឺ​ពួកគេ​និយាយ​ខ្មែរ​មិន​ច្បាស់ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ឆ្នាំ​២០១៦ នេះ​ទេ​។ ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បាន​បដិសេធ​ភស្តុតាង​ដើមបណ្តឹង​រហូត ដោយហេតុថា ពួកគេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ សញ្ជាតិ​ខ្មែរ​ដែល​អាចមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ស្របតាម​មាត្រា ៥១ នៃ​ច្បាប់​ស្តីពី ការបោះឆ្នោត ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និយាយថា​គណបក្ស​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​របស់ គ​.​ជ​.​ប ទេ​។ លោកស្រី ធ្លាប់បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ជនជាតិ​វៀតណាម​ប្រមាណ ៥​ពាន់​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់ ​។​

​គួរបញ្ជាក់​ផងដែរ ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្នើ​នឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ៕


Tag:
 គ​.​ជ​.​ប​
  ហង្ស ពុទ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com