ជាតិ
ក្រសួងមហាផ្ទៃ ថា សម្ដេច ស ខេង មិនបាន​សន្យា​ដោះលែង​មន្ត្រី​អាដហុក និង​គជប ឡើយ​
20, Jan 2017 , 10:02 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បដិសេធថា សម្ដេច ស ខេង មិនបាន​សន្យា​ដោះលែង​មន្ត្រី​អាដហុក និង​គជប ដូច​ការចុះផ្សាយ​ឡើយ​។ ការបដិសេធ​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​ក្រោយពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ស្រង់​សម្ដី​សកម្មជន​ដីធ្លី ដែល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ តាម​ការសន្យា​។



​អ្នកនាំពាក្យ​ខុ​ទ្ទកាល័យ​សម្ដេច ស ខេង លោក ខៀវ សុភ័គ បានចាត់ទុក​ការលើកឡើង​របស់​ក្រុម​សកម្មជន​ដីធ្លី​ទាំងនោះ ជាការ​បំ​ភ្លើ​ស​ដោយ​គ្មាន​ការពិត និង​បំពុលបរិយាកាស ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​ទៅនឹង​អ្វីដែល​សម្ដេច ស ខេង បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​រដ្ឋ​សភា កាលពី​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០១៦​កន្លងមក​។ លោក ខៀវ សុភ័គ ដែល​អះអាងថា សម្ដេច ស ខេង មិនបាន​សន្យា​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​អត់​បាន​ជជែក​រឿងនេះ​ទេ គឺ​ឯកឧត្តម កឹម សុខា ជជែក​ជាមួយ​សម្ដេច​តេ​ជោ ហើយ​ប្រហែលជា​បើតាម​ខ្ញុំ​ដឹង​មុន​ដំណាច់ខែ​១២​នេះ (​ធ្នូ ២០១៦) និង​មានការ​ដោះស្រាយ​ករណី​មន្ត្រី​សិទ្ធិមនុស្ស ហើយ​និង​អគ្គលេខាធិការរង​គជ​ប​»​។​

​ជាមួយគ្នានេះ​អ្នកនាំពាក្យ​ខុ​ទ្ទ​កាល័យ​សម្ដេច ស ខេង រូបនេះ បាន​ពន្យល់​អត្ថន័យ​ពាក្យ «​បើតាម​ខ្ញុំ​ដឹង​» របស់​សម្ដេច ស ខេង នោះ​យ៉ាង​ដូច្នេះ​ថា​៖« ពុំមែន​មានន័យថា ជាការ​សន្យា​ទេ​។ ម្យ៉ាងវិញទៀត​នីតិវិធីតុលាការ​ពុំទាន់​ចប់ ដូចនេះ​ពុំ​ដឹងថា​អ្នក​ទាំងអស់នោះ​មានទោស ឬ​អត់​»​។​

​ដោយសារតែ​មានការ​ប៉ុនប៉ង​ជួបចរចា​សុំ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​អាដហុក និង​គជប ពីសំណាកគណបក្សប្រឆាំងនោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​បំណង​នៃ​ការលុបចោល​នូវ តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា របស់​ឯកឧត្តម កឹម សុខា ផងដែរ​។

​យ៉ាងណាក្តី អ្នកវិភាគ នៅតែ​យល់ឃើញថា ដោយសារតែ​បរាជ័យ​ក្នុងការ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ទើប សម្តេច ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​ផង​នោះ បង្ហើប​គំនិត​ស្នើ​ឲ្យ​មានការ​លុប​តំណែង​ជា​ប្រធាន​មតិ​ភាគតិច របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​៕


Tag:
 ​ស ខេង​
 ​អាដហុក​
 ​គជប​
 ​ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com