អន្តរជាតិ
ចលនា​បាតុកម្ម​ផុសផុល​ស្វាគមន៍ ការស្បថ​ចូល​​កាន់តំណែង​របស់លោក ត្រាំ​
20, Jan 2017 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់ លោក ដូ​ណា​ល់ ត្រាំ មកដល់​ទៅហើយ តែ​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ចលនា​បាតុកម្ម​ប្រឆាំង​លោក​កើតឡើង​ផុសផុល​នៅ​ក្រុង ញូវយ៉ក និង​នៅ​ក្រុង​វ៉ាស៊ីនតោន​ទៅវិញ​។ នៅ​ក្រុង​ញូវយ៉ក គេ​ឃើញ​អភិបាល រួមជាមួយ​បណ្តា​សកម្មជន​សិទ្ធិមនុស្ស និង​តួ​សម្តែង​ល្បីៗ​ផ្សេងទៀត​ដឹកនាំ​ចលនា​បាតុកម្ម​នេះ​។



​គ្មាន​ការស្វាគមន៍​ការស្បថ​ចូលកាន់​តំណែង​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ញូវយ៉ក​ឡើយ​។  ប្រជាជន​ក្រុង​ញូវយ៉ក​ច្រើន​ក្រុម​បែរជា​ជួបជុំគ្នា​ដើម្បី​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​ទី ៤៥​របស់​សហរដ្ឋអាមេរិក​ទៅវិញ ដោយ​ពួកគេ​អះអាងថា គេ​មិន​ពេញចិត្ត​លោក ត្រាំ​ឡើយ​។​

​នៅ​ក្រុង​ញូវយ៉ក ចលនា​បាតុកម្ម​នោះ​ត្រូវ​រៀបចំ​ឡើយ​នៅក្បែរ​របស់​អាគារ​រប​ស់លោក ដូ​ណា​ល់ ត្រាំ​។  យោងតាម​សារព័ត៌មាន The Independent អភិបាលក្រុង​ញូវយ៉ក​លោក  Bill de Blasio ស្ថិត​ក្នុងចំណោម​អ្នកចូលរួម​បាតុកម្ម ហើយ​គេ​ឃើញ​មាន​វត្តមាន​សកម្មជន​សិទ្ធិមនុស្ស និង​តារា​សម្តែង​ល្បីៗ​ជាច្រើន​ទៀត​ដូចជា Reverend Al Sharpton, Mark Ruffalo, Michael Moore, Shailene Woodley, Rosie Perez, Alec Baldwin ជាដើម​ផង​។​

​ក្រៅ​ក្រុង​ញូវយ៉ក បាតុកម្ម​ក៏ត្រូវ​គេ​រៀបចំឡើង​នៅ​ក្រុង​វ៉ាស៊ីនតោន​ដែរ ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​អនាគត​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​ដែរ​។ គោលបំណង​សំខាន់​របស់​ពួកគេ​គឺ រារាំង​ដូ​ណា​ល់ ត្រាំ មិន​ឲ្យ​ស្បថ​ចូលកាន់​តំណែង​បាន​តាម​កំណត់​។ 

​បើតាម​សារព័ត៌មាន The Hill ក្រុម​មួយទៀត​មាន​ឈ្មោះថា DisruptJ20 បានរៀបចំ​គម្រោង​អស់​ច្រើន​សប្តាហ៍​មកហើយ​ដើម្បី​ធ្វើយ៉ាងណា​រារាំង​ពិធី​ស្បថ​ចូលកាន់​តំណែង​ដោយ​រៀបចំ​បិទផ្លូវ និង​ធ្វើបាតុកម្ម​តវ៉ា​ស​ទ្រង់ទ្រាយ​ធំ​។​

​តាមពិតទៅ ពួកគេ​មិន​ពេញចិត្ត​អនាគត​ប្រធានាធិបតី​របស់ខ្លួន​ឡើយ​។ កន្លងមក​ប្រធានាធិបតី​រូបនេះ បាន​ប្រើប្រាស់​សម្តី​ចម្អាសចម្អូង និង​រើសអើង​ភេទ ក៏ដូចជា​ពូជសាសន៍​នោះបាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ក្នុងចំណោម​ប្រជាជន​អាមេរិក​ជាពិសេស​សហគមន៍​សិទ្ធិមនុស្ស​, សិទ្ធិ​ស្ត្រី​, សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​ក្រុម​សកម្មជន​ជាដើម​។

​ក្រៅពី​ចលនា​បាតុកម្ម   សមាជិក​បក្ស​ប្រជាធិបតេយ្យ និង​សមាជិក​បក្ស​សាធារណរដ្ឋ​ខ្លះ​ពហិការ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​សុក្រ​ទី ២០​មករា​។ អតីត​ប្រធានាធិបតី George H. W Bush និង​ភរិយា​ក៏​មិនបាន​អញ្ជើញ​ចូលរួម​ពិធី​នេះដែរ ហើយ​លោក​បាន​ផ្ញើ​សារ​ជូនពរ​និង​សូម​អភ័យទោស​លោក ដូ​ណា​ល់ ត្រាំ រួចហើយ​ដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
 ​ញូវយ៉ក​
  វ៉ាស៊ីនតោន​
© រក្សាសិទ្ធិដោយ thmeythmey.com