ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ Global Witness ថា កុំមកប្រឆាំងសម្ដេច ទាំង«ឆ្កួតលីលា»
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យអង្គការGlobal Witness ត្រូវសិក្សាឲ្យបានច្បាស់លាស់ អំពីអ្វីទៅដែលហៅថា កិច្ចប្រជុំពិភាក្សាថ្នាក់អន្តរជាតិ រវាងប្រទេសពាក់ព័ន្ធនីមួយៗ ដោយមិនត្រូវចេះតែមានគំនិតប្រឆាំងសម្ដេច ទាំងមិនដឹងខុសត្រូវឡើយ។
ការប្រតិកម្មរបស់សម្ដេច ហ៊ុន សែន នេះ ក្រោយពី Global Witness បានលើកឡើងថា អង្គប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Davos ប្រទេសស្វីស មិនគួរផ្ដល់វេទិការឲ្យមេដឹកនាំផ្ដាច់ការកម្ពុជា ចូលរួមស្វែងរកដៃគូរវិនិយោគអន្តរជាតិថ្មីនោះទេ។ នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើហ្វេសប៊ុកខ្លួន ដូច្នេះថា៖«សូមផ្តាំទៅអង្គការ Global Witness និងបក្សពួកល្មមឈប់ល្ងង់និងឆ្កួតៗទៀតទៅ។ប្រធានាធិបតីឬនាយករដ្ឋមន្ត្រីគេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។បើខួរក្បាលមិនទាន់ឡប់ឬឆ្កួតទេគួរចូលសាលារៀនថែមទៀតទៅ កុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា»។
សេចក្ដីថ្លែងការណ៍របស់អង្គការGlobal Witness បានលើកឡើងកាលពីថ្ងៃទី១៨ មករាថា កិច្ចប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Davos ប្រទេសស្វីស មិនគួរផ្ដល់វេទិការឲ្យមដឹកនាំផ្ដាច់ការកម្ពុជា ចូលរួមស្វែងរកដៃគូរវិនិយោគអន្តរជាតិថ្មីនោះទេ។ ការលើកឡើងរបស់Global Witness នេះដោយភ្ជាប់ជាមួយទស្សនៈថា ទិសដៅដឹកនាំប្រទេសរបស់សម្ដេច ហ៊ុន សែន គឺមានគោលបំណងស្ថិតនៅឆ្ងាយពីវេទិការសេដ្ឋកិច្ចពិភពលោកនេះ ព្រោះប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាល ជាង៣០ឆ្នាំនេះ បានធ្វើទុកបុកម្នេញទៅលើគណបក្សប្រឆាំង ក្នុងនោះរួមទាំងមានការប្រព្រឹត្តអំពើឃាតកម្ម, ការដាក់ទោសទណ្ឌ និងការរំលោភបំពានច្បាប់ ដោយការចាប់ឃុំខ្លួន អ្នកដែលរិះគន់រដ្ឋាភិបាលផងដែរ៕
Tag:
ហ៊ុន សែន
Global Witness
© រក្សាសិទ្ធិដោយ thmeythmey.com