ក្រោយស្បថចូលកាន់តំណែង ប្រធានាធិបតីទី ៤៥ របស់អាមេរិកត្រៀមចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីបើកផ្លូវសម្រាប់ការបង្ក្រាបជនអន្តោប្រវេសន៍ និងទាត់ចោល មរតកនយោបាយរបស់លោក បារ៉ាក់ អូបាម៉ាមួយចំនួនផង។ លោកនឹងចាប់ផ្តើមអនុវត្តគោលនយោបាយសង់ជញ្ជាំងតាមព្រំដែនម៉ិកស៊ិក, លុបចោលច្បាប់ស្តីពីប្រព័ន្ធសុខាភិបាលនិងកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាច្រើនផង។
ថ្ងៃសុក្រទី ២០មករា លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី ៤៥ ជាផ្លូវការ ហើយវាមានការងារជាច្រើនដែលលោកត្រូវបំពេញជាបន្តបន្ទាប់។ មនុស្សសិ្នទ្ធលោក ដូណាល់ ត្រាំ បានអះអាងរួចហើយថា លោក ដូណាល់ ត្រាំ ត្រៀមប្រើប៊ិចចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយមួយចំនួនដែលលោកបានសន្យាកន្លងមកដោយមិនចាំបាច់ឆ្លងកាត់សភា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យលោកដូណាល់ ត្រាំ លោក Sean Spicer បានបញ្ជាក់ដូច្នេះ៖«លោក ត្រាំ នឹងប្រែងប្រែងធ្វើការមិនមែនថ្ងៃទី១ ឡើយ តែនៅថ្ងៃទី ២ ទី ៣ និងបន្តទៅទៀតដើម្បីបង្កើតការផ្លាស់ប្តូរពិតប្រាកដមួយក្នុងសង្គមអាមេរិក ។ ហើយខ្ញុំគិតថា អ្នកនឹងមើលឃើញសកម្មភាពទាំងនេះនៅប៉ុន្មានថ្ងៃទៀតឬប៉ុន្មានសប្តាហ៍ខាងមុខប៉ុណ្ណោះ»។
បើតាមមន្ត្រីខាងលើដដែល លោក ដូណាល់ ត្រាំ មានគម្រោងទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលភ្នាក់ងារចារកម្មមជ្ឈិម (CIA) នៅ Virginia នៅថ្ងៃសៅរ៍បន្ទាប់ពីកាន់អំណាច។ ត្រាំ កន្លងមកបានរិះគន់ប្រធានស្ថាប័ននេះដោយសារតែស្ថាប័ននេះចោទប្រកាន់ថារុស្ស៊ីបានចូលលូកលាន់ក្នុងដំណើរការបោះឆ្នោតអាមេរិក។
ក្រោយស្បថចូលកាន់តំណែងនិងបានអំណាចពេញដៃហើយលោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តគោលនយោបាយដែលខ្លួនសន្យាដូចជាសង់ជញ្ជាំងដើម្បីដោះស្រាយបញ្ហា ជនអន្តប្រវេសន៍ និងពិចារណាឡើងវិញលើគោលនយោបាយការបរទេស, សុខាភិបាល និងសេដ្ឋកិច្ចជាដើមផង។ លោកទំនងជានឹងចេញបទបញ្ជាប្រតិបត្តិក្នុងអំណាចជាប្រធានាធិបតីដើម្បីទាត់ចោលមរតកនយោបាយលោក បារ៉ាក់ អូបាម៉ា មួយចំនួនផង។
បើតាមទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ បទបញ្ជាប្រធានាធិបតីច្រើនជាង ២០០ ត្រូវបានរៀបចំឡើងឲ្យលោកចុះហត្ថលេខា។ ប៉ុន្តែនៅតែគេមិនទាន់ដឹងច្បាស់ទេថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាទាំងអស់នោះឬក៏អត់ឡើយ។
ជាដើម បទបញ្ជាដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ ដាក់ចេញគឺបង្ក្រាបក្រុមជនអន្តប្រវេសន៍ដោយសង់ជញ្ជាំងនៅព្រំដែនម៉ិកស៊ិក។ ជាច្រើនដងមកហើយលោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងបន្តគម្រោងសង់ជញ្ជាំងនៅតាមព្រំដែនម៉ិកស៊ិក ដើម្បីរារាំងជនអន្តោប្រវេសន៍។ លោកអះអាងថា លោកនឹងប្រើប្រាស់លុយរដ្ឋាភិបាលអាមេរិកដែលបានពីការប្រមូលពន្ធសិន ហើយចាំបង្ខំឲ្យរដ្ឋាភិបាលម៉ិចស៊ិកបង់លុយតាមក្រោយ។ ប៉ុន្តែម៉ិកស៊ិកបដិសេសធការទាមទារ និងប្រកាសថា ខ្លួនមិនបង់ឲ្យអាមេរិកជាដាច់ខាត។
ក្រៅពីរឿងជញ្ជាំង ប្រធានាធិបតីអាមេរិកនេះនឹងប្រើប្រាស់អំណាចនីតិប្រតិបត្តិរបស់លោកលុបចោលច្បាប់ស្តីប្រព័ន្ធសុខាភិបាលរបស់លោក អូបាម៉ា (Obamacare) ហើយបង្កើតប្រព័ន្ធធានារ៉ាប់រ៉ងសុខសភិបាលថ្មីជំនួសវិញផង។
ដូណាល់ ត្រាំ ក៏នឹងផ្តល់កំណត់ចំណាំជាផ្លូវការពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួនក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តង់ដាមាសភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលមានភាគី ១២ ហើយលោកក៏អាចចាប់ផ្តើមចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើងជាមួយកាណាដានិងម៉ិកស៊ិក។
ការកំណត់ទំនាក់ទំនងការទូតជាមួយគុយបាឡើងវិញ ក៏ដូចជាការលុបចោលកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីសដែលទើបចូលជាធរមាន និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលចូលជាធរមានបានមួយឆ្នាំ ក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់លោក ដូណាល់ ត្រាំដែរ៕