ជាតិ
ក្រោយ​ការលើកលែងទោស​ជិត​ពីរ​ខែ ឯ​.​ឧ កឹម សុខា មិន​ទាន់បាន​ចុះ​មូលដ្ឋាន​តាម​បំណង​ខ្លួន​
20, Jan 2017 , 5:27 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ជិត​ពីរ​ខែ​មកនេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនទាន់បាន​ចុះ​ជួប​អ្នកគាំទ្រ​នៅ​មូលដ្ឋាន តាម​បំណង​ខ្លួន​ឡើយ ព្រោះ​រង់ចាំ​ការដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​



​បំណង​ទី​១ ដែល​ឯកឧត្តម កឹម សុខា ចង់​បំពេញ​មុនគេ នៅពេលដែល​លោក​កំពុង​ឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ​គណបក្ស​នោះ គឺ​ការចុះ​ជួប​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ ធ្លាប់បាន​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា រូប​ឯកឧត្តម​ពិតជា​នឹក​ប្រជាជន​នៅតាម​បណ្តា​ខេត្ត និង​ចង់ទៅ​ជួប​អ្នកគាំទ្រ​ទាំងនោះ​ណាស់​។ ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បន្ទាប់ពី​ព្រះមហាក្សត្រ សម្រេច​លើកលែងទោស​កាលពី​ចុងឆ្នាំ​២០១៦​។​

​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​១​ខែ​ហើយ ដែល​ឯកឧត្តម កឹម សុខា មាន​សេរីភាព​វិញ ប៉ុន្តែ​លោក​មិនទាន់បាន​បំពេញការងារ​តាម​មូលដ្ឋាន ជួប​អ្នកគាំទ្រ​ខ្លួន តាម​ក្តី​បំណង​ឡើយ​។ មូល​ហេតុដែល​ឯកឧត្តម កឹម សុខា មិនទាន់​សម្រេចចិត្ត​ចុះ​តាម​មូលដ្ឋាន​នោះ គឺ​ដោយសារតែ​រង់ចាំ​ការជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាមុនសិន​។ នេះ​បើ​យោងតាម​សំណេរ​របស់លោក អេង ឆៃអ៊ាង មន្ត្រី​គណបក្សប្រឆាំង​។​

​បើទោះជា​មិនទាន់បាន​ចុះ​តាម​មូលដ្ឋាន​ក្តី តែ​ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ បាន​បំពេញការងារ​ខ្លួន ដោយ​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​នៅក្នុង​ទីស្នាក់ការ​គណបក្ស , ចូលរួម​សិក្ខាសាលា​ថ្នាក់ដឹកនាំ​គណបក្ស និង​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្ដា​អង្គទូត​នានា​ប្រចាំ​កម្ពុជា​។ ជាពិសេស​នោះ ការចូលរួម​កិច្ចប្រជុំ​អនុម័ត​នៅក្នុង​រដ្ឋសភា​ជាដើម​។ នេះ​បើ​មើល​ទិដ្ឋភាព​ជាក់ស្ដែង​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម កឹម សុខា​។​

​តែ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​លើកឡើងថា ប្រធានស្តីទី ឯកឧត្តម កឹម សុខា ទំនងជា​នឹង​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​វិញ​នៅពេល​ខាងមុខនេះ ប្រសិនជា​បរាជ័យ​ក្នុង​ដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ «​បើ​គណបក្សកាន់អំណាច គេ​មិន​ត្រូវការ​ជួបចរចា​ជាមួយ​យើង យើង​ត្រូវ​នាំគ្នា​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​»​។ នេះ​ជា​សំណេរ​របស់លោក អេង ឆៃអ៊ាង ដែល​បាន​ស្រង់​សម្ដី​ឯកឧត្តម កឹម សុខា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​រាជធានី ខេត្ត នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ថ្ងៃទី​២០ មករា ៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com