កីឡាជាតិ
ជាតិ
រត់​កាត់​ឧបសគ្គ​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​ចេញដំណើរ​នៅ​ម៉ោង​១១​យប់​នេះ​
20, Jan 2017 , 6:37 pm        
រូបភាព
ដោយ:
​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​កាត់​ឧបសគ្គ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ដែលជា​វិញ្ញាសា​ស្នូល​របស់​ព្រឹត្តិការណ៍ Ultra Trail Angkor លើក​ទី​២​នឹង​ចេញដំណើរ​នៅ​ម៉ោង​១១​យប់​ថ្ងៃទី​២០ ខែមករា នេះ​។ ចំណែក​វិញ្ញាសា​៣​ផ្សេងទៀត​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា​។​ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជា​៥០០​នាក់​មកពី​៣៧​ប្រទេស​ទូទាំង​ពិភពលោក​។



​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​កាត់​ព្រៃ​ប្រឹក្សា​ល​តាវ​ល្លិ៍ និង​ប្រាង្គ​ប្រាសាទបុរាណ​ជាពិសេស​ឆ្លង​ភាព​ងងឹត​នៅលើ​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប នឹង​ចេញដំណើរ​នា​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២០ ខែមករា នេះ​នៅ​ចំណុច​ចាប់ផ្តើម​ទី​លានជល់ដំរី​។ អត្ត​ព​លិ​ក​ដែល​ចូលរួម​វិញ្ញាសា​នេះ​មិន​ត្រឹមតែ​រត់​កាត់​ព្រៃ​ប្រឹក្សា និង​ប្រាង្គ​ប្រាសាទ​នៅ​តំបន់​អង្គរ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​រត់​កាត់​វាលស្រែ និង​ភូមិ​របស់​ប្រជាពលរដ្ឋ​។ លើសពី​អ្នករត់​ត្រូវមាន​ភ្លើង​ពិល​ម្នា​ក់មួយ​ដើម្បី​បំ​ភ្លឹ​ផ្លូវ​ថែម​ទៀតផង​។ ប៉ុន្តែ​អត្ត​ព​លិ​ក​ទាំងនោះ​អាច​ឈប់សម្រាក និង​ពិសារ​អាហារ​នៅតាម​ដងផ្លូវ​។​



​បើ​យោងតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ព្រឹត្តិការណ៍ Ultra Trail Angkor វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ដែលជា​វិញ្ញាសា​សំខាន់​គេ​នោះ អត្ត​ព​លិ​ក​ទាំងអស់​នឹង​មកដល់​គោលដៅ​នៅ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១២​ព្រឹក​ថ្ងៃទី​២១ ខែមករា​។ ទោះបីជា​វិញ្ញាសា​មាន​លក្ខណ​លំបាក​ជាងគេ​ក៏ដោយ ប៉ុន្តែ​វិញ្ញាសា​នេះ​គឺ​ទាក់ទាញ​មនុស្ស​ឲ្យ​ចូលរួម​ច្រើនជាងគេ​។ ហើយ​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងអស់​គឺមាន​កីឡាការិនី​ស្ទើរ​ពាក់កណ្តាល​ចូលរួម​។​

​ដោយឡែក សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១៦​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង​៦៤​គីឡូ​ម៉​ត្រ នឹង​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា​។ ក្រៅពី​វិញ្ញាសា​ទាំងនេះ​ក៏មាន​ការដើរ​កម្សាន្ត​ដើម្បី​មនុស្សធម៌​ចម្ងាយ​៨​គីឡូម៉ែត្រ​ផងដែរ​។ គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor លើក​ទី​២​ដែលជា​ព្រឹត្តិការណ៍​មនុស្សធម៌ ទទួលបាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជា​៥០០​នាក់​មកពី​៣៧​ប្រទេស ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​ជិត​៣០០​នាក់​មកពី​២៦​ប្រទេស​ចូលរួម​៕



Tag:
 Ultra Trail Angkor
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com