ជាតិ
សិល្បះ
ចំណងអាពាហ៍ពិពាហ៍​៦០​ឆ្នាំ! លោក​យាយ តាត់ ឆេន ជា​ពន្លឺ​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ
01, Dec 2022 , 12:19 pm        
រូបភាព
អ្នកស្រី តាត់ ឆេន កំពុងអង្គុយសម្តែងជាមួយ សា្វម៉ី លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លើវេទិកានៃបទចម្រៀង Time To Rise ក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០វិច្ឆិកា។
អ្នកស្រី តាត់ ឆេន កំពុងអង្គុយសម្តែងជាមួយ សា្វម៉ី លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លើវេទិកានៃបទចម្រៀង Time To Rise ក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០វិច្ឆិកា។
«ខ្ញុំគិតពិចារណាក្នុងចិត្តថា ខ្ញុំអើយអីក៏មានសំណាងមាំ [ខ្លាំង] ម្ល៉េះ បានឡើងលើឆាកសម្តែងជាមួយតាក្នុងចំណោមមនុស្សរាប់ម៉ឺននាក់»។ លោកយាយ តាត់ ឆេន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​គាត់ជាមួយ​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​ជាស្វាមី​ លើ​ឆាក​តន្ត្រី​នាពិធី​បិទ​កីឡាជាតិ​លើកទី​៣ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។

 
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បាន​ចូល​រួម​ជាកិត្តិយសសម្រាប់​ការ​សម្តែងបទ «Time To Rise» ជាមួយ​តារាចម្រៀង​រ៉េបដ៏ល្បីល្បាញ វណ្ណដា នៅមុន​ពិធី​ប្រកាស​បិទ​បញ្ចប់​កីឡា​ជាតិ។ ក្រោមក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​រាប់ម៉ឺននាក់ ដែល​រួម​ទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរនោះ ព្រឹទ្ធាចារ្យ ត្រូវ​បាន​រៀបចំ​ឲ្យអង្គុយទន្ទឹម​គ្នា​ជាមួយ​ឧត្តមភរិយា គឺលោកយាយ តាត់ ឆេន។
 


តើ​លោក​យាយ​បាននិយាយ​អ្វី​ខ្លះ​ទៅ​កាន់​លោក​តានៅអំឡុង​ពេល​សម្តែង? វ័យ​៨០​ឆ្នាំ ភរិយាព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែងគង់ ណៃ ស្តាប់សំណួរ​របស់​សារព័ត៌មានថ្មី​ៗ មិន​ច្បាស់នោះឡើយ ដោយសារ​តែលោកយាយ​រៀង​ធ្ងន់​ត្រចៀក​បន្តិច។
 
ក្រោយ​ការពន្យល់​បន្ថែម លោកយាយ តាត់ ឆេន បាន​រៀបរាប់​ប្រាប់ថា៖ «ឯងហ្ហា! ចៅ [វណ្ណដា] ឡើង​មកហើយ ស្ទាប​ដៃ ឯងស្ទាប​ដៃមើល៍។ ខ្ញុំ​ខ្សឹប​ប្រាប់​អ៊ីចឹង។ ខ្ញុំខ្សឹបប្រាប់តាទៀត​ថា តាឯងអើយមនុស្សមាំ [ច្រើន] ណាស់ តាឯងមើលមិនឃើញ។ មនុស្សច្រើននាំគ្នាហ៊ោ និងទះដៃ ហើយតានិយាយថា អូ! អញសប្បាយណាស់ ពេលលឺអ៊ី​ចឹង!។ យើងខ្សឹបគ្នាតែប៉ុណ្ណោះទេចៅ»។
 
សម្រាប់​ការ​ផ្តល់​កិត្តិយស​ឡើង​លើ​ឆាក​ជាមួយស្វាមី លោកយាយ តាត់ ឆេន បង្ហាញពី​អារម្មណ៍​រំភើបរបស់ខ្លួន។ លោកយាយ​បញ្ជាក់ថា៖ «ខ្ញុំរំភើប​និយាយមិនចេញទេ ព្រោះគេអ្នកល្បីមានមុខមាត់ តែសម្តីគេមានការគោរពយើង ហើយគេនៅក្មេងក្មាង ដែលគេយកឯងជាមនុស្សចាស់នៅអង្គុយទន្ទឹមគេ។ ខ្ញុំគិតក្នុងចិត្តអ៊ីចឹងណាចៅ»។


 
រស់នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពតដូចគ្នា លោកយាយ តាត់ ឆេន និងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បាន​រៀបអាពាហ៍​ពិពាហ៍​កាលពី​អំឡុង​ឆ្នាំ១៩៦២ ដែល​នៅ​កាលនោះ កូនកម្លោះ គង់ ណៃ មានអាយុ​១៨​ឆ្នាំ និងកូនក្រមុំ តាត់ ឆេន មានអាយុ​២០ឆ្នាំ។
 
ពួក​គាត់មាន​កូន​បង្កើត​១០នាក់ ក្នុងនោះកូន​ប្រុស​៦នាក់ និង​កូន​ស្រី​៤នាក់។ ទោះបីជាភ្នែក​មើល​មិន​ឃើញ ប៉ុន្តែ​ព្រឹទ្ធាចារ្យ គង់ ណៃ ដែលបានគោរមងារថ្នាក់ជាតិជាមត៌ក​មនុស្សរស់ តែងតែ​ទទួល​បានពន្លឺជានិច្ច​ពី​លោកយាយ​តាត់ ឆេន ដែលជាឧត្តមភរិយា។ នាពិធីបិទ​កីឡាជាតិ​លើកទី៣ និង​កីឡាជន​ពិការ​លើកទី១ គេ​ក៏អាច​ឃើញ​ទឹក​មុខ​ញញឹម​រីករាយ​ផងដែរ​របស់ព្រឹទ្ធាចារ្យ ក្រោយស្តាប់ការ​រៀបរាប់​របស់​ភរិយា។
 
«ខ្ញុំពិតជារំភើប និងមានមោទកភាពខ្លាំងណាស់ ដែលឪម៉ែខ្ញុំ បានចូលរួមព្រឹត្តិការណ៍ដ៏អស្ទារ្យ និងមានមនុស្សរាប់ម៉ឺននាក់ទះដៃគាំទ្រ និងលើកទឹកចិត្តដល់គាត់។ ខ្ញុំសប្បាយ និងរំភើបក្នុងចិត្តមែនទែន»។ លោក គង់ សម័យ ដែល​ជាកូន​ពៅ​បាន​រៀបរាប់​ប្រាប់​មកសារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៕
 

Tag:
 កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com