កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ «យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២»
25, Jan 2023 , 5:51 pm        
រូបភាព
លោកវ៉ាត់ ចំរើន (អង្គុយកណ្តាល) ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣។
លោកវ៉ាត់ ចំរើន (អង្គុយកណ្តាល) ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣។
ដោយ:
លោក វ៉ាត់ ចំរើន និយាយថា គ្មានការតវ៉ាជុំវិញការប្រើពាក្យ «គុនខ្មែរ» នៅស៊ីហ្គេមឆ្នាំ២០២៣ ពីបណ្ដានាយបេសកកម្មទាំង ១០ប្រទេសផ្សេងទៀតឡើយ។  អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អះអាងបែបនេះក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីតធី ថ្ងៃទី២៥ ខែមករា។



ក្នុងកិច្ចសម្ផាសជាមួយអ្នកសារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន បញ្ជាក់ថា នាយបេសកកម្មទាំងអស់ បានជួបជុំគ្នា ដើម្បីពិនិត្យវឌ្ឍនភាពការងារស៊ីហ្គេមនៅកម្ពុជា ក្នុងនោះកិច្ចប្រជុំក៏បានបង្ហាញពី «គុនខ្មែរ » ដោយគ្មានការជំទាស់នោះទេ។

អគ្គលេខាធិការ CAMSOC អះអាងថា៖ «យើងឃើញថា អ្វីដែលបានដាក់ចូលក្នុងយុទ្ធសាស្ដ្រលើកកម្ពស់ក្បាច់គុនអត្តសញ្ញាណជាតិ គឺកីឡាប្រដាល់ «គុនខ្មែរ» នេះ មិនមានអ្វីប៉ះពាល់ ឬការតវ៉ាអ្វីពីបណ្ដានាយបេសកកម្មទាំង ១០ប្រទេសផ្សេងទៀត ដែលបានមកចូលរួមកិច្ចប្រជុំពិសេសនេះឡើយ។ មកដល់ពេលនេះ មិនមានអ្វីប្រែប្រួលនោះទេ មានន័យថា យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»។

បើទោះអះអាងបែបនេះក្តី អគ្គលេខាធិការ CAMSOC រូបនេះបន្ថែមថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងត្រូវបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៦ ខែមករា ដោយលើកឡើងពីបញ្ហាពាក្យគុនខ្មែរនេះផងដែរ។

លោក​ វ៉ាត់ ចំរើន បន្តថា កម្ពុជាបានសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ ឬKun Khmer» ជំនួសពាក្យ«Muay» ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជាមួយការប្រើប្រាស់ពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរកម្ពុជាបានធ្វើលិខិតជាលាយលក្ខណ៍អក្សរ ជូនដំណឹងទៅ (NOC) នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់រួចរាល់ហើយកាលពីថ្មីៗ ដើម្បីបង្ហាញពីកីឡាអត្តសញ្ញាណជាតិរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន។

 «ការប្រកាន់ជំហរប្រើប្រាស់ពាក្យ «គុនខ្មែរ» នេះ ដើម្បីកុំឲ្យមានការច្របូកច្របល់ ឬមតិយោបល់មហាជនរបស់យើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត ។ នេះគឺជាជោគជ័យ ហើយក៏ជាកិត្តិយសមួយ ដែលយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះ។ យើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្ដីប្រាថ្នា ក្នុងការប្រើពាក្យ «គុនខ្មែរ» នៅក្នុងស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែមដូច្នេះ។

ស្របពេលគ្នានេះដែរ អ្នកស្រី Umi Kal Thum Haji Abdul Karim នាយបេសកកម្មប្រទេសព្រុយណេ ថាកម្ពុជាមានសិទ្ធគ្រប់គ្រាន់ក្នុងការដាក់ពាក្យគុនខ្មែរ ក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ ត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
«ក្នុងនាម NOC ព្រុយណេ ខ្ញុំគិតថា នេះជាសិទ្ធអទិភាពរបស់ប្រទេសម្ចាស់ផ្ទះក្នុងការដាក់កីឡាប្រពៃណីរបស់ខ្លួន។ ចំពោះ NOCC ប្រទេសផ្សេងៗមានសិទ្ធចូលរួមឬអត់ ជាសិទ្ធរបស់គេនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា»។ លោកស្រី Umi Kal Thum Haji Abdul Karim ប្រកាន់ជំហរសម្រាប់សិទ្ធជាម្ចាស់ផ្ទះដូច្នេះ ទោះព្រុយណេ គ្មានអត្តពលិកកីឡាគុនខ្មែរ ឬMuaythai ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ក៏ដោយ៕








Tag:
 កិច្ចប្រជុំនាយបេសកកម្ម
  Umikal Thum Haji Abdul Karim
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com