ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ព្រហ្មចារី​ជា​រឿង​ចាំបាច់​ទៀត​ឬទេ?
21, Apr 2018 , 6:00 am        
រូបភាព
ភ្នំពេញ ៖ កាលពី​ដើមឡើយ បុរស​មួយចំនួន​តែងតែ​ទាមទារ​ព្រហ្មចារី​ពី​ដៃគូរ​ស្នេ​ហ៏​របស់ខ្លួន។ ប៉ុន្តែ ផ្នត់គំនិត​​មួយ​នេះ បាន​រសាយ​បាត់​បន្តិចម្តងៗពី​អារម្មណ៍​របស់​យុវជន​ខ្មែរ​មួយចំនួន​នា​សម័យថ្មី។ អ្នកជំនាញ​និយាយថា ព្រហ្មចារី​មាន​ខ្លឹមសារ​ផ្នែក​ចិត្តសាស្ត្រ ប៉ុន្តែ វា​គ្មាន​ន័យ​សម្រាប់​សេចក្តី​សេ្ន​ហា​ពិតប្រាកដ​នោះទេ។



សង្គម​ផ្លាស់ប្តូរ ផ្នត់គំនិត​របស់​មនុស្ស​ក៏​ផ្លាស់ប្តូ​រដែរ។ កាលពី២០ឬ៣០ឆ្នាំមុន ព្រហ្មចារី​នៅតែមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដដែល​សម្រាប់​សង្គម​ខ្មែរ ប៉ុន្តែ​ក្នុង​រយះពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ពាក្យ​ថា​ព្រហ្មចារី​ហាក់បីដូចជា​បាត់បង់​តម្លៃ​របស់​វា​បន្តិចម្តង។ មូលហេតុ​គឺ​ដោយសារ​យុវវ័យ​សម័យថ្មី​មួយចំនួន​បាន​បណ្តែតបណ្តោយ​ខ្លួនគេ​អោយ​បាត់បង់​ព្រហ្មចារី​មុនពេល​រៀបការ។

ព្រហ្មចារី​នៅតែ​ជា​រូបភាព​ចាំបាច់

អ្នកផ្តល់​បទ​សម្ភាស​ន៏​បានផ្តល់​មតិផ្សេងៗពីគ្នា។ អ្នកខ្លះ​បាន​និយាយថា ព្រហ្មចារី​មិនមាន​អ្វី​សំខាន់​ទេ​ប៉ុន្តែ​អ្នក​ខ្លះទៀត​បញ្ចេញ​ទស្សនៈ​ផ្ទុយទៅវិញ​ថា ព្រហ្មចារី​នៅតែមាន​សារៈសំខាន់​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី។

លោក សុខ មេត្តា អាយុ៥៨ឆ្នាំ ជា​មន្ត្រីរាជការ​ម្នាក់ នៅតែ​អោយ​តម្លៃ​លើ​ព្រហ្មចារី​ដដែល។ បុរស​ដែលមាន​គំនិត​អភិរក្ស​រូបនេះ​បាន​រម្លឹកថា កាលពី​ដើមឡើយ មុននឹង​រកប្រពន្ធ​អោយបាន​ល្អ​នោះ គេ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​តាម​ពិនិត្យ​ពូជ​វង្ស​សាវតារ​បស់​កូនក្រមុំ​យ៉ាងយូរ។ ការតាមដាន​នេះ​គឺ​ដើម្បី​ចង់ដឹងថា​តើ​កូនស្រី​នោះ​ជា​មនុស្ស​យ៉ាងដូចម្តេច? ធ្លាប់មាន​គេ​ចូល​ស្តីដណ្តឹង​ឬ​អត់? ធ្លាប់មាន​សេ្ន​ហា​លួចលាក់​ឬទេ?

បន្ទាប់ពី​ក្រេប​កាហ្វេ​មួយ​ក្អឹ​ក​ហើយ លោក មេត្តា បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា៖«បើ​គេ​ដឹងថា​នាង​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ណា​ហើយ​នោះ គេ​ពិតជា​ដកឃ្លា​ពិចារណា​មួយរយៈ បន្ទាប់មក​គេ​និយាយ​យ៉ាងខ្លី​ថា គេ​ខ្លា​ចនាង​ជ្រុលខ្លួន​ប្រាណ​ជាមួយ​បុរស​នោះ»។

អ្នកស្រី​ម្នាក់ទៀត​នៅ​អង្គុយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក សុខ មេត្តា ដែរ​នោះបាន​និយាយថា៖«កាលពី​ដើមឡើយ​បន្ទាប់ពី​រៀបការ​ហើយ​បើ​ប្តី​ដឹងថា​ប្រពន្ធ​គ្មាន​ភាព​បរិសុទ្ធ​បញ្ហា​នឹង​កើតឡើង​ភ្លាម​ពេលខ្លះ​ឈានទៅដល់​ការចែក​ផ្លូវ​គ្នា​ក៏មានដែរ»។ ស្ត្រី​ស្ថិតក្នុង​វ័យ ៦០ ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​បន្តទៀតថា៖«បើ​គ្មាន​ព្រហ្មចារី បុរស​គិតថា​ប្រពន្ធ​ខ្លួន​មាន​សា​ហាយ​ឬ​មិន​ស្មោះត្រង់​នឹង​ខ្លួន។ កាលពីដើម គេ​ត្រូវការ​ស្ត្រី​ព្រហ្មចារី​ទាំង​កាយ ទាំង​ចិត្ត មា​ន័យ​ថា បរិសុទ្ធ​ទាំង​កាយ​និង​បរិសុទ្ធ​ទាំង​ចិត្ត»។

មិន​ថា​ពី​ដើម​ឬ​បច្ចុប្បន្ន​ទេ​ព្រហ្មចារី​នៅតែ​ជា​រឿង​សំខាន់​ដដែល។ លោក បូរ៉ា មាន​អាយុប្រមាណ​ជា២៦ឆ្នាំ​បាន​សម្តែង​ការសោកស្តាយ​ថា យុវជន​និង​យុវនារី​បច្ចុប្បន្ន​មួយចំនួន​បាន​បណ្តែតបណ្តោយ​ខ្លួន​អោយ​បាត់បង់​ព្រហ្មចារី​តែម្តង។ ដោយ​ក្រសែភ្នែក​សម្លឹង​ទៅកាន់​យុវជន​កំពុង​ឌុប​ម៉ូតូ​គ្នា​លោក បូរ៉ា​បាន​និយាយថា បើទោះបីជា​យុវវ័យ​មួយចំនួន​បាន​បាត់បង់​ព្រហ្មចារី​ក៏ដោយ​ក៏​លោក​នៅតែ​គិតថា​នៅមាន​ស្ត្រី​មួយចំនួន​រក្សា​ភាព​បរិសុទ្ធ​របស់​ពួកគេ​បានល្អ​ដដែល។ លោក​បូរ៉ា​និយាយថា៖«បុរស​នៅតែ​គិតថា​ព្រហ្មចារី​ឬ​ភាព​បរិសុទ្ធ​គឺជា​កត្តា​សំខាន់​ដដែល»។

កញ្ញា ផា​លីន បាន​យល់ស្រប​ទៅនឹង​គំនិត​របស់លោក​បូរ៉ា​ដែរ។ ស្ថិតនៅក្នុង​វ័យ​ប្រមាណ​ជា២០ឆ្នាំ​កញ្ញា​បន្ត​ទាំង​ទឹកមុខ​ម៉ឺងម៉ាត់​ថា៖«យើង​ជា​ស្ត្រី​ខ្មែរ​ព្រហ្មចារី​វា​ជា​រឿង​សំខាន់។ បើ​យើង​គ្មាន​ភាព​បរិសុទ្ធ​សម្រាប់​ស្វាមី​ទេនោះ​យើង​មាន​អារ​ម្ម​ណ៏​ថា​យើង​មិន​ស្អាតស្អំ​និង​ម្យ៉ាងទៀត​យើង​មាន​អារ​ម្ម​ណ៏​ថា​យើង​បានធ្វើ​អ្វីមួយ​មិន​គប្បី​សម្រាប់​ស្វាមី»។ បុរស​ខ្មែរ​មួយចំនួន​ត្រូវការ​ព្រហ្មចារី​ពី​នារី ពីព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា នារី​នោះ​ជា​នារី​ទីមួយ​សម្រាប់​ពួកគេ និង​មិនទាន់មាន​ន​ណា​ប៉ះពាល់។ សម្រាប់​រឿង​ស្នេហា​ស៊ីជម្រៅ​វិញ វា​មិនមាន​អ្វី​ខុសគ្នា​នោះទេ។

គ្មាន​ព្រហ្មចារី គ្មាន​បញ្ហា

បើទោះបីជា​មនុស្ស​មួយចំនួន​នៅ​គិត​អំពី​តម្លៃ​នៃ​ព្រហ្មចារី​ក៏ដោយ​ក៏​អ្នកផ្តល់​បទ​សម្ភាស​ន៏​ដទៃទៀត​មួយចំនួន​បាន​និយាយថា​ព្រហ្មចារី​មិនគួរ​ក្លាយជា​វត្ថុ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នោះទេ។

លោក រតនៈ អាយុ២៨ឆ្នាំ​កំពុង​ត្រៀមខ្លួន​ចូល​រោងការ​ណ៏​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​បាន​និយាយថា៖«ប​ញ្ហ​រឿង​ព្រហ្មចារី​មិនមែនជា​រឿង​សំខាន់​សម្រាប់​រូបលោក​នោះទេ។ បញ្ហាសំខាន់​របស់លោក​គឺ​ការរស់នៅ​ជាមួយគ្នា​ចុះសម្រុង​នឹង​គ្នា​និង​មាន​សុភមង្គល»។ បុរស​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូបនេះ​កត់សម្គាល់​ឃើញថា៖«យុវវ័យ៩០%ឥឡូវ​មាន​សេ្ន​ហា​បើកចំហរ។ ដូច្នេះ​កត្តា​ព្រហ្មចារី​មិន​គូរ​ត្រូវ​គិត​ខ្លាំងពេក​គេ»។

កញ្ញា សារី​រ័ត្ន និស្សិត​រៀន​នៅ​ឆ្នាំ​ទី​បី​នៅ​ទីក្រុង​ភ្នំពេញ​បានគិត​ថា​ស្ត្រី​មាន​ព្រហ្មចារី​លែង​សំខាន់​ទៀតហើយ​សម្រាប់​បុរស​នាពេល​បច្ចុប្បន្ននេះ។ អ្វីដែល​សំខាន់​គឺ​ការស្រលាញ់គ្នា។ នាង​និយាយថា៖«ឥឡូវ​មនុស្ស​មួយចំនួន​មិន​គិតពី​អ​តី​តៈ​កាល​ទេ​ពោលគឺ​គេ​គិតតែ​អំពី​ការស្រលាញ់គ្នា​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ»។

ក​ញ្ញ​ម្នាក់ទៀត​ឈ្មោះ សុ​ផា ឡែ​ន បាន​ចោទប្រកាន់​បុរស​បន្តិច​ថា បុរស​មួយចំនួន​ខូចខិល​នៅ​ខាងក្រៅ​ច្រើន​មែន​ប៉ុន្តែ​ពួកគេ​នៅតែ​ត្រូវការ​ប្រពន្ធ​បរិសុទ្ធ​ដដែល។ អ្នកនាង​គិតថា៖«ព្រហ្មចារី​មិន​សំខាន់​ទេ។ បើ​បុរស​ស្រលាញ់​តែ​ព្រហ្មចារី រីឯ​ព្រហ្មចារី​មានតែ​ម្តង​ក្នុង​មួយជីវិត ដូច្នេះ​បើ​អស់​ព្រហ្មចារី​បុរស​ឈប់​ស្រលាញ់​ឬ?»។

អ្វីដែល​អយុត្តិធម៌​រវាង​បុរស​និង​ស្ត្រី​គឺ​នៅត្រង់ថា​បុរស​មួយចំនួន​តែងតែ​ចង់បាន​ប្រពន្ធ​ម្នាក់​បរិសុទ្ធ​មាន​ព្រហ្មចារី​ប៉ុន្តែ​ខ្លួនគេ​វិញ ពួកគេ​បាន​បណ្តោយ​ខ្លួន​អោយ​បាត់បង់​ព្រហ្មចារី​មុនពេល​ចូល​រោងការ។

ស្ត្រី​មួយចំនួន​បាន​និយាយថា​ពួកគេ​មិនសូវ​គិតពី​ភាព​បរិសុទ្ធ​របស់​បុរស​នោះទេ។ ក​ញ្ញ អា​តា បាន​និយាយ​ដោយ​សម្រាល​អារ​ម្ម​ណ៏​ថា៖«បុរស​មាន​ចារិក​ខិល​ខួច​ជា​រឿង​ធម្មតា​ទេ»។

ព្រហ្មចារី​ឬ​មិន​ព្រហ្មចារី​វា​ដូច​តែ​គ្នា​ទេ។ នេះ​ជាការ​អះអាង​បញ្ជាក់​របស់​វេជ្ជបណ្ឌិត សេង ថា​រិ​ទ្ធ។ អ្នកជំនាញ​ខាង​រោគ​ស្ត្រី​រូបនេះ​ធ្លាប់បាន​រិះគន់​ទៅលើ​បុរស​មួយចំនួន​ដែល​អោយ​សារៈសំខាន់​ជ្រុល​ខ្លាំងពេក​ទៅលើ​ព្រហ្មចារី។ លោក ថា​រិ​ទ្ធ បាន​ពន្យល់ថា៖«មាន​ព្រហ្មចារី​ឬក៏​គ្មាន​ពេល​គេង​ជាមួយគ្នា​វា​ដូច​តែ​គ្នា​ទេ»។

លោក​បាន​រម្លឹកថា កាលពី​ពេលមុន បុរស​មួយចំនួន​តែងតែ​ទ្រាប់​ក្រណាត់សរ​ដើម្បី​ចង់ដឹងថា​ភរិយា​របស់ខ្លួន​នៅមាន​ព្រហ្មចារី​ឬក៏​អត់។ បើ​មាន​ព្រហ្មចារី​វា​មាន​ឈាម​ហើយ​ផ្ទុយ​ទៅ​បើ​មិនមាន​ព្រហ្មចារី​វា​មិនមាន​ឈាម​ទេ។ ការធ្វើ​យ៉ាងនេះ​គឺជា​ការ​ធ្វើតាមគ្នាតៗមក ប៉ុន្តែ​វា​គ្មាន​តម្លៃ​ជា​លក្ខណៈ​វិទ្យា​នោះទេ។ ចំពោះ​អ្នកវិទ្យាសាស្ត្រ​វិញ​ព្រហ្មចារី​មិនមាន​ន័យ​ទេ។

លោក ថា​រិ​ទ្ធ បាន​ច្រានចោល​គំនិត​យល់ច្រឡំ​ដែលថា​សន្ទះ​ព្រហ្មចារី​ដាច់​នៅពេល​រួមភេទ​តែមួយ​មុខ​នោះ។ តាមពិត ជួនកាល សន្ទះ​ព្រហ្មចារី​អាច​ដាច់​ដោយសារ​ស្ត្រី​លេង​កីឡា​លោត​ហក់​ខ្លាំងពេក​ឬ​ធ្វើ​ចលនាផ្សេងៗទៀត៕






© រក្សាសិទ្ធិដោយ thmeythmey.com