ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ​
17, Apr 2024 , 9:20 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 ​ថ្ងៃ ១៧ មេសា ឆ្នាំនេះ គម្រប់​ខួប​លើក​ទី ៤៩ នៃ​ការ​ដួ​ល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេលដែល​របប​ខ្មៅ​ងងឹត ឃោរឃៅ ប្រល័យ​ពូជ​សាសន៍ គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​ឡើងកាន់​កាប់​ទីក្រុង​ភ្នំពេញ​វិញ​ម្តង​។ រយៈពេល​ត្រឹម​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ របប​ថ្មី​កាប់សម្លាប់​ប្រជាជន​ខ្មែរ​ស្លូតត្រង់​អស់​ជាង​១​លាន​នាក់​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​គ្រប់រូប​។



ខាងក្រោម​នេះ​ជា​ប្រវត្តិសាស្ត្រសង្ខេបក្រោយ​ឆ្នាំ ១៩៧០ ដល់​ថ្ងៃ ១៧​មេសា​៖ 
 
​ចាប់ពី​កើតមាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្តេច សីហនុ ថ្ងៃ ១៨ ខែមីនា ឆ្នាំ ១៩៧០ កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ស្ថិតក្រោម​ការដឹកនាំ​បែប​ការិយាធិបតេយ្យ​យោធានិយម​ដែលមាន​ចក្រពត្តិ​អាមេរិក​ជា​ខ្នងបង្អែក ដែលមាន​ឈ្មោះថា « សាធារណរដ្ឋ​ខ្មែរ​» ។ របប​នេះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​សេនាប្រមុខ លន់ នល់ និង​ទ្រង់​សិរី​មតៈ​។ អាមេរិក​ផ្គត់ផ្គង់​ដល់​របប​គ្រប់គ្រង​ថ្មី​នេះ​ទាំង​ជំនួយ​ហិរញ្ញវត្ថុ ស្បៀងអាហារ និង​សព្វាវុធ​សម្រាប់​ច្បាំង​ប្រឆាំង​របប​កុម្មុយនីស្ត​ដែល​ករ​កើត​នៅក្នុង​ទឹកដី​កម្ពុជា និង​ទប់ទល់​ជាមួយ​វៀតណាម​ខាងជើង​ផង​។​
​យ៉ាងណាក៏ដោយ កម្ពុជា​ក្លាយជា​ទីតាំង​ដែល​អាមេរិក​ទម្លាក់​គ្រាប់បែក​រាប់​តោន​ដើម្បី​កម្ទេច​ជម្រក​កងទ័ព​វៀត​កុង​ផង  កងទ័ព​កុម្មុយនីស្ត​ផងដែរ​។ កាលណោះ អាមេរិក​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ខាងជើង​ដើម្បី​បញ្ចប់សង្គ្រាម​អាមេរិក​នៅ​វៀតណាម តែ​ខ្មែរក្រហម​មិនបាន​ចូលរួម​ក្នុង​តុ​ចរចា​និង​បង្កើត​កិច្ចព្រមព្រៀង​រួមគ្នា​នេះ​ទេ​។ ដូ​ច្នេ​ហើយ​ទើប​ការទម្លាក់​គ្រាប់បែក​តាម​យន្តហោះ B-52 នៅ​វៀតណាម និង​ឡាវ  ត្រូវបាន​បញ្ចប់ ហើយ​វា​ត្រូវ​បង្វែ​មក​ទម្លាក់​នៅ​កម្ពុជា​ទាំងអស់​វិញ​។​
 
​ចំណែក​កងទ័ព​សាធារណរដ្ឋ​ខ្មែរ ឬ​ទាហាន លន់នល់ ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា​កងកម្លាំងប្រដាប់អាវុធ​ជាតិខ្មែរ​នោះ (Fank) ចេញ​ច្បាំង​ស្ថិតក្រោម​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​។ ជា​អកុសល  ការទម្លាក់​គ្រាប់បែក​ច្រើនសន្ធឹក​របស់​អាមេរិក​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក Henry Kissinger ហាក់ដូចជា​មិន​ជួយ​អ្វី​សោះ​ក្រៅពី​បង្កើត​ក្តី​ក្តៅក្រហាយ​ដល់​ប្រជាជន​កម្ពុជា​នៅជាប់​ព្រំដែន​។ ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រត់​ចូល​ព្រៃម៉ាគី​គាំទ្រ​សម្តេច​សីហនុ ប្រឆាំង​របប​លន់នល់​ឡើយ​។​
 
-​អាមេរិក និង​បារាំង​យាងសម្តេច​ស៊ី​ហ​នុ​ត្រលប់​មកវិញ​មុន​របប​លន់នល់​ដួលរលំ​
​ស្រប​ពេលដែល​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទប់​លែង​ជាប់ ហើយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិនអាច​ស្វែងរក​ជំនួយ​បន្ថែម​សម្រាប់​បន្តក់​ជួយ​របប​លន់ នល់ បាន គេ​នឹក​ឃើញ​ដល់​សម្តេច​សីហនុ​។ ដំណោះស្រាយ​នយោបាយ​មួយ​ដែល​អាច​ស្រោចស្រង់​ស្ថានការណ៍​បាន​ពេលនោះ​គឺ​យាង​សម្តេច​សីហនុ ឲ្យ​ត្រលប់មក​ធ្វើជា​ប្រមុខ​រដ្ឋាភិបាលចម្រុះ​មួយ​ដែលមាន​ភាគី​ជម្លោះ​ទាំងពីរ​នោះ​។  
​ខែធ្នូ ឆ្នាំ ១៩៧៤ ប្រធានាធិបតី​អាមេរិក Gerald Ford បាន​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Giscard d’Estaing ដើម្បី​ន​ជជែក​ពី​ស្ថានការណ៍​ឥណ្ឌូចិន​ជាពិសេស​កម្ពុជា ហើយ​មេដឹកនាំ​ទាំងពីរ​បានសម្រេច​ចេញ​លិខិតអញ្ជើញ​មួយ​ជា​ផ្លូវការ​ដើម្បី​យាង​សម្តេច​សីហនុ​ត្រលប់មក​ភ្នំពេញ​វិញ ដោយ​ទ្រង់​កាលនោះ​ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស​របស់​ខ្មែរក្រហម​។ ប្រមុខរដ្ឋ​អាមេរិក​ចូលរួម​ក្នុង​ការរក​ដំណោះស្រាយ​នយោបាយ​សម្រាប់​កម្ពុជា ដើម្បី​បង្ហាញ​ប្រាប់​កម្ពុជា​ថា អាមេរិក​មិន​ចង់​ដោះដៃ​ចោល​កម្ពុជា​ឡើយ​។ 
 
​ភារកិច្ច​យាង​សម្តេច​សីហនុ​កាលនោះ​ស្ថិត​លើ​រដ្ឋាភិបាល​ក្រុង​បារី​ស​។ បារាំង​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅកាន់​ក្រុង​ប៉េកាំង ប៉ុន្តែ​រឿង​គួរ​ឲ្យ​ស្តាយ​គឺ​របប​ដឹកនាំ​ក្រុង​ប៉េកាំង​បាន​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​បេសកជន​បារាំង​។ ចំណែក សម្តេច​សីហនុ​បាន​ប្រាប់​បារាំង​និង​អាមេរិក​ថា លិខិតអញ្ជើញ​មក​យឺត​ពេល​ទៅហើយ ហើយ​ទ្រង់​ក៏​មិនអាច​ត្រលប់​ទៅ​ភ្នំពេញ​វិញ​ដែរ​។ 

-​ឆ្នាំ ១៩៧៥ ភ្នំពេញ​ត្រូវ​ស្ថិតក្រោម​ការហ៊ុមព័ទ្ធ​....
 
​ឆ្នាំ ១៩៧៥ ទាហាន លន់ នល់ ចាប់ផ្តើម​ទន់ដៃទន់ជើង​អស់ហើយ ហើយ​កងទ័ព​ទាំងនោះ​ទទួលបាន​ត្រឹម​ជំនួយ​តាមផ្លូវ​អាកាស​ពី​ក្រុង​វ៉ាស៊ីនតោន​ប៉ុណ្ណោះ ខណៈដែល​ទាហាន​អាមេរិក​ត្រូវបាន​ដកចេញ​ចង់​អស់ពី​វៀតណាម​ខាងត្បូង​ចាប់តាំងពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ត្រូវបាន​បង្កើត​ឡើង​។ ម្យ៉ាង​រដ្ឋបាល​ដឹកនាំ​លោក Gerald Ford កំពុងតែ​ប្រឈម​បញ្ហា​ដោយសារ​ការស្នើសុំ​កញ្ចប់​លុយ​ជំនួយ​សេដ្ឋកិច្ច និង​យោធា​ដែលមាន​ទំហំ​ប្រមាណ ២២២ លាន​ដុល្លារ សម្រាប់​គាំទ្រ​របប​ដឹកនាំ លន់នល់ ត្រូវ​សភា​ទាត់ចោល​។  បើ​គ្មាន​ជំនួយ​នេះ របប​លន់នល់​ត្រួវ​ដួ​រ​រលំ​ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ឡើយ​។​
 
​ក្នុង​ខែកុម្ភៈ​ឆ្នាំ ១៩៧៥ ទា​ហា​ខ្មែរក្រហម​ស្ទើរតែ​ឡោមព័ទ្ធ​ក្រុងភ្នំពេញ​ទាំងស្រុង ខណៈដែល​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​ខំប្រឹង​ត្រដររស់​ដោយបាន​ជំនួយ​ដូច​គេ​បន្តក់​ទឹក​ពី​ក្រុង​វ៉ាស៊ីនតោន​។ កន្លងមក​អាមេរិក​ផ្តល់ជំនួយ​ដោយ​ដឹក​តាម​នាវា​ដោយ​ប្រើប្រាស់​ផ្លូវទឹក ប៉ុន្តែ​ក្រោយ​ពេលដែល​កងទ័ព​ប៉ុលពត​ហ៊ុមព័ទ្ធ​ភ្នំពេញ​ហើយ​នោះ ការដឹកជញ្ជូន​ស្បៀង​និង​សព្វាវុធ​តាម​ផ្លូវទឹក​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​។ ដូច្នេះ អាមេរិក​សម្រេច​ប្រើប្រាស់​ការដឹកជញ្ជូន​តា​ម​ផ្លូវអាកាស​វិញ​ដើម្បី​គាំទ្រ​របប​លន់ នល់​។ យ៉ាងណាមិញ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ព្រោះ​កងកម្លាំង​ប៉ុលពត​ប្រឹង​បាញ់​ទម្លាក់​យន្តហោះ​ទាំងនោះ​។​
 
​ត្រលប់​មកវិញ ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​អន់​ខ្សោយ​ណាស់ ថ្វីបើ​បានទទួល​ជំនួយ​សន្ធឹកសន្ធាប់​ពី​ក្រុង​វ៉ាស៊ីនតោន​ក៏ដោយ​ក្តី​។ នេះ​ក៏ដោយ​សារ​បញ្ហា​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​កើតឡើង​ក្នុង​ជួរ​កងទ័ព​និង​រដ្ឋាភិបាល​។ ចំណែក​ទាហាន​លក់​ស្បៀង លក់​អាវុធ​ឲ្យ​ក្រុម​ទ័ពព្រៃ​និង​ប៉ុលពត ហើយ​កងទ័ព​មានតែ​ឈ្មោះ​សម្រាប់​ស៊ីប្រាក់ខែ​តែ​ពេលចេញ​ច្បាំង​គ្មាន​កងទ័ព​គ្រប់គ្រាន់​សោះ​។​
​រដ្ឋាភិបាល លន់នល់​ចាំ បាច់​កេណ្ឌ​ទ័ព ចាប់​ក្មេងប្រុសៗ​ឲ្យ​ចេញ​ច្បាំង​។ ដឹង​ស្រាប់​ហើយ​ទាហាន​គ្មាន​ការហ្វឹកហាត់​ត្រឹមត្រូវ ហើយ​ត្រូវគេ​រុញ​គូថ​ដាក់​ឡាន​ទៅ​ច្បាំង​គ្មាន​ចិត្ត​ហានក្លា​នឹង​ប្រយុទ្ធ​ឡើយ​។ ចំណែក​ទាហាន​ចាស់ៗ​ប្រាក់ខែ​ចាយ​មិន​គ្រាន់ ខ្វះមុខខ្វះក្រោយ ហូបចុក​មិន​គ្រប់​ផង មាន​កម្លាំង​ឯណា​ទៅ​ច្បាំង​។ ដូច្នេះហើយ​បាន​ទាហាន​លន់នល់ ប្រយុទ្ធ​មិន​ឈ្នះ​ទ័ពព្រៃ​ខ្មែរក្រហម​។​

-​ថ្ងៃ ១​មេសា សេនាប្រមុខ លន់នល់ ភៀសខ្លួន​ទៅ​ហា​វ៉ៃ​..
​ថ្ងៃទី ១​ខែមេសា ឧ​ត្ត​ម​សេនីយ៍​សេនាប្រមុខ​លន់នល់ បានសម្រេច​ភៀសខ្លួន​ចេញទៅ​ប្រទេស​ឥណ្ឌូនេស៊ី​មុននឹង​បន្ត​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​រដ្ឋ​ហា​វ៉ៃ​។ ការចាកចេញ​របស់លោក លន់ នល់ បញ្ជាក់​យ៉ាងច្បាស់​ថា របប​ដឹកនាំ​បែប​សាធារណរដ្ឋ​គាំទ្រ​ដោយ​ក្រុង​វ៉ាស៊ីនតោន​រៀប​ដួលរលំ​ហើយ ។ ក្រោយ​លន់ នល់ ភៀសខ្លួន​ចេញទៅ​បាត់ ឧ​ត្ត​ម​សេនីយ៍ សូ​ខាំ ខូ​យ ដែលជា​ប្រធានព្រឹទ្ធសភា​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នោះ បាន​ឡើងជា​ប្រមុខរដ្ឋស្តីទី ដែល​ការ​កាន់តំណែង​នេះ​បាន​រយៈពេល​ត្រឹម ១២​ថ្ងៃ​គត់​។ 
 
​ចំណែក ក្រសួងការបរទេស​អា​មេ​រិ​ក​ឯណោះ​វិញ ជម្លៀស​ប្រជាជន​អាមេរិក មន្ត្រី​ទូត បុគ្គលិក​នានា និង​សូម្បីតែ​មន្ត្រី​ធំៗ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​អាច​រងគ្រោះថ្នាក់​កាលណា​កងទ័ព​ប៉ុលពត​ដណ្តើម​ទីក្រុង​បានសម្រេច​និង​ឈានទៅ​ឡើងកាន់​អំណាច​។ ទោះ​ជាមាន​មន្ត្រី​កម្ពុ​ជាច្រើនរូប​សុខចិត្ត​ចាកចោល​ស្រុក​ដើម្បី​ស្វែងរក​សុវត្ថិភាព​ក៏ដោយ ទ្រង់  ស៊ីសុវត្ថិ សិរី​មតៈ បាន​បដិសេធ​ទទួល​ការស្នើសុំ​ជម្លៀស​ទ្រង់​ទៅ​អាមេរិក​។ ហើយ​ទ្រង់​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​មន្ត្រី​និង​ប្រជាជន​អាមេរិក ដោយ​ទ្រង់​ទទួលស្គាល់ថា កំហុស​មួយ​ដែល​របប​សាធារណរដ្ឋ​ខ្មែរ​បង្កើតឡើង​គឺ​ជឿ​លើសហរដ្ឋ​អាមេរិក​​ខ្លាំងពេក​។ ទ្រង់​មិន​ជឿថា អាមេរិក​ហ៊ាន​បោះបង់​របប​ដឹកនាំក្រុងភ្នំពេញ​ដែល​ជឿជាក់​ខ្លាំងលើ​អាមេរិក និង​ដែល​ស្រេកឃ្លាន​ប្រជាធិបតេយ្យ និង​សេរីភាពឡើយ​។​

​ថ្ងៃ ១៧ មេសា ១៩៧៥ ៖ កម្ពុជាធ្លាក់ក្រោម​កណ្តាប់ដៃរបប​ខ្មែរក្រហម......
 
​ជាធម្មតា​ពាក់កណ្តាល​ខែមេសា​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ថ្ងៃ ១៧ មេសា​ដែល​ខ្មែរក្រហម​ត្រៀម​វាយ​បំបែក​សមរភូមិ​ចុងក្រោយ​ទីក្រុង​ភ្នំពេញ ស្រប​ពេលដែល​ប្រជាជន​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​ពេលនោះ​កំពុង​ប្រារព្ធ​បុណ្យចូលឆ្នាំថ្មី​ផង​។ គ្មាន​អ្នកណាម្នាក់​ធ្លាប់​គិត ថា ការ​និរាស​ព្រាត់ប្រាស់​គ្រួសារ​កើតឡើង​មូ​យ​ពព្រិច​ភ្នែក​បែបនេះ​ទេ ហើយ​ពួកគេ​ត្រឹមតែ​សង្ឃឹមថា​កងទ័ព​ខ្មែរក្រហម​នាំមក​នូវ​សន្តិភាព​ជាមួយ​ប៉ុណ្ណោះ​។​
 
​សមរភូមិ​ចុងក្រោយ​ថ្ងៃ ១៧​មេសា  កងទ័ព​សាធារណរដ្ឋ​ខ្មែរ​លើក​ទង់ជ័យ​ស ព្រម​ចុះចាញ់​។ ចំណែក​ប្រជាជន​នៅ​ទីក្រុង​ទាំងអស់​នាំគ្នា​ចេញមក​ស្វាគមន៍​ការចូល​មកដល់​របស់​កងទ័ព​ខ្មែរក្រហម​ដែល​ពាក់​ឈុតខ្មៅ កាន់​អាវុធ​គ្រប់​ដៃ​មាន អាកា ៤៧ គ្រាប់បែក និង ស្ពាយ បេ​។ ប្រជាជន​ទាំងអស់​រីករាយ ហើយ​សង្ឃឹមថា ប្រទេសជាតិ​មាន​សន្តិសុខ សុខសាន្តត្រាណ​ហើយ ព្រោះ​កងទ័ព​ខ្មែរក្រហម​នោះ​ស្ថិតក្រោម​រដ្ឋាភិបាល​ដែលមាន​សម្តេច​សីហនុ​ជា​ប្រមុខ​នោះ​។ 
 
 យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទាហាន​ខ្មែរក្រហម​ដែលមាន​សម្លៀកបំពាក់​ខ្មៅ​ភាគច្រើន​ជា ក្មេង​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅដល់​១៧​ឆ្នាំ ហើយ​ពួកគេ​មានទឹក​មុខមាំ​មិន​ញ​ញឺ​ម​ញញែម​បន្តិច​សោះ​។  ទាហាន​ទាំងនោះ​បានប្រកាស​ឲ្យ​ប្រជាជន​ចេញពី​ទីក្រុង ២ ទៅ​៣​ថ្ងៃ ដោយ​មិនចាំបាច់​យក​សម្ភារៈ​ទៅ​ច្រើន​ទេ​ព្រោះ​ប្រជាជន​ទាំងនោះ​អាច​ត្រលប់មក​ស្រុក​វិញ​ក្រោយពេល​២ ឬ​៣​ថ្ងៃ​ទៀត​បាន​។​
 
​យ៉ាងណាក៏ដោយ ប្រជាជន​ណា​ដែល​ដើរ​យឺត​ត្រូវ​កងទ័ព​ខ្មែរ​ក្រ​ហាម​បាញ់​សម្លាប់ចោល​តែម្តង​នៅតាម​ផ្លូវ ហើយ​ប្រជាជន​រាប់សែន​នាក់​ដែល​ព្យាយាម​ចាកចេញ​ពី​ក្រុង​តាម​បទបញ្ជា​នោះ​ដឹង​ច្បាស់​ថា​ពួកគេ​ទំនងជា​គ្មាន​វាសនា​ត្រលប់មក​ជួបជុំ​បងប្អូន​ម្តាយ​ឪពុក​នៅផ្ទះ​វិញ​ឡើយ​។ ប្រជាជន​ខ្លះ​ដែល​ចាស់ជរា​នោះ​ដួល​ឈឺ​ដេករ​ណូ​ក​រណែល​តាមផ្លូវ សូម្បី​អ្នកជំងឺ​ដែល​ដើរ​មិន​រួច​នោះ​ក៏ត្រូវ​បង្ខំចិត្ត​វារ​ចេញពី​មន្ទីរពេទ្យ​ជាមួយ​មនុស្ស​រាប់សែន​នាក់​ទៀត​ដែរ​។​
 
​ក្រៅពី​ជម្លៀស​មនុស្ស​ចេញពី​ក្រុង ខ្មែរក្រហម​បាន​លុបចោល​រាល់​កម្មសិទ្ធិឯកជន ហើយ​រូបី​យ​វត្ថុ​ជាតិ​ត្រូវគេ​បោះបង់ ធនាគារជាតិ​រង​ការបំផ្លិចបំផ្លាញ​មិន​ដំណើការ​ឡើយ​។ ទីតាំង​រោងចក្រ​ឧស្សាហកម្ម​វិញ​នោះ​ត្រូវគេ​បោះបង់ចោល គ្មាន​ដំណើរការ​ទេ គ្មាន​ឡើយ​កម្ម​សិទ្ធ​ឯកជន ព្រោះ​គ្រប់យ៉ាង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ​។ វត្ត​អា​រ៉ា​ម​ដែល​ធ្លាប់ជា​កន្លែង​សក្ការៈបូជា​តាមបែប​ព្រះពុទ្ធសាសនា​នោះ​ត្រលប់​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក ហើយ​ព្រះសង្ឃ​ត្រូវ​ខ្មែរក្រហម​ចាប់​ផ្សឹក​និង​ធ្វើទុក្ខបុកម្នេញ​ឬ​សម្លាប់​ផង​ក៏មាន​៕

-​ឯកសារពិគ្រោះ​៖
​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា លោក David Chandler
 ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា របស់​លោក វ៉ាន់ឌី កាអុន
 
-​គេហទំព័រ​
១. http://www.history.com/this-day-in-history/cambodia-falls-to-the-khmer-rouge
២. http://www.cambodiantragedymemorial.com/
៣. http://adst.org/2013/04/the-fall-of-phnom-penh-april-12-1975/
 

Tag:
 ប៉ុល ពត
  លន់ នល់
© រក្សាសិទ្ធិដោយ thmeythmey.com