ព័ត៍មានសុខភាព
សុខភាព៖ ញៀននឹងកុនសិច មានបញ្ហាដល់ម្លឹងផង!!!
×
ការមើលកុនសិច គ្មានអ្វីជាបញ្ហានោះឡើយ។ មិនថាបុរសទេ ស្ត្រីក៏អាចមើលវាបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែចាត់ទុកវា ជាផ្នែកមួយតូចមួយ ក្នុងជីវិតអ្នកទៅបានហើយ។ បើសិនជាអ្នកចំណាយពេលច្រើនម៉ោង ដើម្បីមើលកុនសិចវិញនោះ វាពិតជាផ្តល់ផលប៉ះពាល់ច្រើន ដល់ជីវិតផ្លូវភេទអ្នកជាមិនខាន។
អ្នកស្រាវជ្រាវជនជាតិអាឡឺម៉ង់ បានរកឃើញថា ការមើលកុនសិចច្រើនពេក ពិតជាអាចបណ្តាលឲ្យខួរក្បាលស្វិត។ ពិតណាស់ កុនសិច ពិតជាធ្វើឲ្យមនុស្សទៅជាល្ងង់បាន។ ការសិក្សាដែលបានចុះផ្សាយ ក្នុងសារព័ត៌មាន JAMA Psychiatry បានរកឃើញថា បុរសដែលមើលកុនសិចច្រើនពេក គឺមានខួរក្បាលផ្នែកពណ៌ប្រផេះ (Gray Matter) តិចជាងមនុស្សធម្មតា។
ការសិក្សាមួយ ដែលចុះផ្សាយក្នុងសារព័ត៌មាន Cyberpsychology, Behavior, and Social Networking កាលពីឆ្នាំ ២០១៥ ដែលបានសិក្សាទៅលើនិស្សិតសាកលវិទ្យាល័យ បានរកឃើញថា ការមើលកុនសិចកាន់តែច្រើន និងប្រឈមខ្លាំងនឹងការប្រព្រឹត្តសកម្មភាពផ្លូវភេទ ដែលប្រឈមនឹងជំងឺ គឺកាន់តែខ្លាំង។ រឿងនេះផ្តោតសំខាន់ទៅលើ ការរួមភេទដោយមិនបានការពារ ដូច្នេះ ពួកគេងាយប្រឈមខ្លាំង នឹងជំងឺកាមរោគណាស់។
ការសង្កេតមួយ ដែលធ្វើឡើងដោយ វិទ្យាស្ថាន French Public Opinion ដែលគស្គាល់ថា IFOP កាលពីឆ្នាំ ២០១៤ បានរកឃើញថា ការមើលកុនសិច ធ្វើឲ្យបុរសភាគច្រើនយល់ថា ខ្លួនឯងដូចជាខ្វះអ្វីម្យ៉ាង ទាក់ទងនឹងទំហំប្រដាប់ភេទរបស់ខ្លួន។ បុរសប្រមាណ ៣៤ ភាគរយ ដែលមានអាយុចាប់ពី ១៨ ទៅ ២៤ ឆ្នាំ និយាយថា ពួកគេចាប់ផ្តើមមានបញ្ហាស្មុកស្មាញ ក្រោយពីមើលកុនសិចរួច។ អ្វីដែលបុរសភ្លេចគិតនោះគឺថា កុនសិច បង្កើតសកម្មភាពមិនមែនពិតប្រាកដនោះទេ ហើយទំហំប្រដាប់ភេទធំរបស់ពួកគេ មិនអាចផ្តល់ភាពសប្បាយអ្វី ដល់ដៃគូនោះដែរ។
ការសិក្សាមួយ ដែលចុះផ្សាយក្នុងសារព័ត៌មាន Archives of Sexual Behavior ក្នុងឆ្នាំ ២០១៦ នេះ បានឲ្យដឹងថា ការមើលកុនសិចច្រើន គឺផ្តល់ផលអវិជ្ជមាន ទាក់ទងនឹងការបង្កើតភាពស្និទ្ធស្នាលជាមួយដៃគូ និងការរួមភេទតែម្តង។ នេះដោយសារតែកុនសិច បានក្លាយទៅជាប្រភពអប់រំផ្លូវភេទដំបូងគេ សម្រាប់បុរសភាគច្រើន។ អ្នកស្រាវជ្រាវនិយាយថា បញ្ហាគឺថា កុនសិច ផ្តោតសំខាន់តែទៅលើការប្រើហិង្សា និងការប្រមាថទៅលើមនុស្សស្រី និងមិនយកចិត្តទុកដាក់ ទៅលើការស្ទាបអង្អែលថ្នមៗ ថើម និងសរសើរខាងស្រីឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com