ពីនេះ ពីនោះ
កុំ​អំនួត​នឹង​ខ្លួនឯង​ពេក ព្រោះ​មិនមែនជា​មាគ៌ា​របស់​«​បណ្ឌិត​, វីរបុរស និង សន្ត​បុគ្គល​»​ឡើយ​
18, Dec 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការអប់រំ​ទស្សនវិជ្ជា ត្រូវបាន​គេ​គិតថា សង្គម​មួយ​ត្រូវ​បែងចែក​ពលរដ្ឋ​នៃ​សង្គម​នោះ​ជា​បី គឺ​ពលរដ្ឋ ជនពាល និង​ជន​សាមញ្ញ​។ បន្ថែម​ពី​ការបែងចែក​បែបនេះ គេ​នៅ​គិតថា ក្នុងសង្គម​មនុស្ស ទាំងមូល​នៅមាន​ក្រុមមនុស្ស​មួយក្រុម​ទៀត​នោះ​គឺ «​ជន​ឧត្ដម​» ដែលជា​ជំពូក​មនុស្ស​មានតម្លៃ និង​លក្ខណៈពិសេស​ខុសពី​មនុស្ស​សាមញ្ញ​ធម្មតា​។ ក្នុង​ជំពូក​«​ជន​ឧត្ដម​»​នេះ ត្រូវបាន​គេ​មើលឃើញថា មាន​បី​ប្រភេទ​សំខាន់​នោះ​គឺ វិញ្ញូ​ជន​ឬ​បណ្ឌិត វីរបុរស និង សន្ត​បុគ្គល​។



​វិញ្ញូ​ជន ឬ​បណ្ឌិត គឺជា​អ្នកប្រាជ្ញ អ្នកចេះដឹង​ច្បាស់លាស់​អំពី​អ្វីមួយ និង​មើល​បាន​ឆ្ងាយ មាន​សណ្ដាប់ធ្នាប់ ទម្លាប់​ទៀងទាត់ មានគុណ​ធម៌ រហូត​ទៅដល់​វីរភាព​ថែមទៀត​។ ជន​ប្រភេទ​នេះ គឺ​ពុំ​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង​ប្រាំបី​ដូចជា លាភ​, អលាភ​, យស​, អយ​ស​, និន្ទា​, បសំសា​, សុខ​, ទុក្ខ ឡើយ​។ សុក្រឹតភាព​នៃ​ជីវិត​ប្រកបដោយ​គុណធម៌ ទើប​ជា​សេចក្ដីប្រាថ្នា​របស់​វិញ្ញូ​ជន​។

​ចំណែក​វីរបុរស ជា​ជន​ឧ​ត្ត​ម ដែលមាន​វីរភាព​អង់អាច​ក្លាហាន​យ៉ាង​មោះមុត​។ ពីមុន វីរបុរស គេ​ចាត់ទុកជា​មនុស្ស​ពាក់កណ្ដាល អាទិទេព​ពាក់កណ្ដាល ឬ​ជាម​នុស្ស​ដែល​គេ​លើក​ជា​អាទិទេព ឬក៏​ជា​ភាវៈ​អាថ៌កំបាំង​ដែល​នៅក្រោយ​ធម្មជាតិ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ វីរបុរស គឺជា​មនុស្ស​ដែល​អាច​សម្រេច​ការងារ​ធំៗ​ដោយសារ​កម្លាំង​ថាមពល សេចក្ដីក្លាហាន តស៊ូ ពុះពារ ទ្រាំ​នឹង​ការឈឺចាប់​សព្វបែបយ៉ាង ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ រហូត​ហ៊ាន​បូជាជីវិត​ដែល​មនុស្ស​សាមញ្ញ​ធម្មតា​មិនអាច​ធ្វើបាន​។

​រីឯ សន្ដ​បុគ្គល គឺ​បុគ្គល​ប្រកបដោយ​សន្តិភាព បុគ្គល​រស់នៅ​ដោយ​យក​អាទិទេព ឬ​ភាវៈ​អតិ​សេដ្ឋ មក​ធ្វើជា​គោល​ចម្បង​។ នៅក្នុង​លោក​យើង​នេះ បុគ្គល​ដែល​យើង​នាំគ្នា​សន្មត ថា​អាច​សម​នឹង​ទទួល​ងារ​ឬ​ឈ្មោះ​ជា សន្ដ​បុគ្គល គឺមាន​តិច​បំផុត​នៅក្នុង​សង្គមមនុស្ស​នេះ​។

​ខុសពី​ជន​ទាំងនេះ ជន​ល្ងង់ខ្លៅ អវិជ្ជា តែងតែមាន​អំនួត អួតអាង ចំណេះ​ជំនាញ ដែលមាន ខ្លួន​ដឹង​តិចតួច មក​ក្អេងក្អាង​ដាក់​ដទៃ​។ ទង្វើ​បែបនេះ​គឺ​ទង្វើ​សម្លាប់​ខ្លួនឯង​តាមរយៈ​ភាពល្ងង់ខ្លៅ​។ បុគ្គល​ប្រភេទ​នេះ មិនបាន​ជួយ​ឲ្យ​ខ្លួនឯង និង​សង្គមជាតិ​ថ្លៃថ្នូរ​បានឡើយ​។ ប៉ុន្តែ​សង្គម​ត្រូវការ ពលរដ្ឋ ជា​មនុស្ស​មានគុណ​សម្បត្តិ​ក្នុងការ​បង្កបង្កើនផល បង់ពន្ធ​និង​បង់​វិភាគទាន​ជូន​រដ្ឋ ជួយ​ការពារ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​សង្គម​។ ចំណែក​អ្នកមាន​ប្រាជ្ញា បណ្ឌិត បញ្ញាវន្ត វីរបុរស សន្ត​បុគ្គល គឺ​រឹតតែ​ជា​មនុស្ស​ដែល​សង្គម​ត្រូវការ​៕

​ដកស្រង់​សង្ខេប​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត និង​មេរៀន​សម្រាប់​និស្សិត​ទស្សនវិជ្ជា​


Tag:
 បណ្ឌិត​
  វីរបុរស
  សន្ត​បុគ្គល
© រក្សាសិទ្ធិដោយ thmeythmey.com