ជាតិ
សម្ដេច ហ៊ុន សែន ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ចំនួន​៥០​ម៉ឺន​ដុល្លារ​
13, Feb 2017 , 9:21 am        
រូបភាព
​ភ្នំពេញ​៖សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា មេធាវី​ការពារ​ក្តី​សម្ដេច នឹងដាក់​ពាក្យ​ប្ដឹង​អ្នកឃ្លាំមើល​បញ្ហា​សង្គម ​និង​នយោបាយ ​លោក គឹម សុខ ដែល​បាន​បកស្រាយ​នៅក្នុង​វិទ្យុ​អាស៊ីសេរី ដោយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការបកស្រាយ​របស់លោក គឹម សុខ បែបនេះ ​គឺជា​ការ​បរិហារកេរ្តិ៍ បង្ខូចឈ្មោះ​គណបក្ស​ប្រជាជន​។



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន កោះធំ នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា បណ្ដឹង​ដែល​សម្ដេច ប្ដឹង​លោក គឹម សុខ នោះ គឺ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ផ្ដាំ​លោក គឹម សុខ ថា កុំ​ឲ្យ​រត់ចោលស្រុក​ផងដែរ ព្រោះ​ពេលនេះ​សម្ដេច បាន​បញ្ជា​ឲ្យ​កងកម្លាំង​តាមឃ្លាំមើល​ហើយ​។

សូមស្ដាប់សំឡេងសម្ដេច ហ៊ុន សែន៖




អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​លោក គឹម សុខ អះអាងថា អ្វីដែល​លោក​បាន​បកស្រាយ​នេះ គឺ​ដើម្បី​ចូលរួម​បំភ្លឺ​ចម្ងល់​ប្រជាពលរដ្ឋ អំពី​ស្ថានការណ៍​នយោបាយ ​និង​ស្ថានភាព​អយុត្តិធម៌​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន ។ ជាពិសេស​លើកទឹកចិត្ត​ពលរដ្ឋ​ ឲ្យ​ចូលរួម​តស៊ូ​មតិ​បែប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ព្រោះ «​ពលរដ្ឋ​ថ្លៃថ្នូរ​ ចង់​រស់នៅ​ក្រោម​មេដឹកនាំ​ថ្លៃថ្នូរ​»​។​
  
លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖« ខ្ញុំ​នឹង​ទទួលខុសត្រូវ​នូវ​អ្វីដែល​ខ្ញុំ​បាន​និយាយ ប្រសិនបើ​ការអត្ថាធិប្បាយ​របស់ខ្ញុំ ​ពិត​ជាមាន​ចំណុច​ជាប់ទោស​តាមច្បាប់​យុត្តិធម៌​មិន​បំភ្លៃ​មែន​។ ប៉ុន្តែ​ខ្ញុំ​ស្នើ​រដ្ឋាភិបាល មេត្តា​ចេះ​ទទួលខុសត្រូវ​វិញ​ដែរ នូវ​អ្វី​ដែលជា​ភារកិច្ច ​និង​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​រាស្ត្រ គឺ​ការជម្រះ​មន្ទិល​សង្ស័យថា អ្នកណា​ជា​ឃាតករ​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​ចាប់ផ្តើម​ពី​ការបង្ហាញ​អង្គ​ចងចាំ​។ បើ​បាន​ប៉ុណ្ណឹង ខ្ញុំ​អស់ចិត្ត​ហើយ ទោះ​ត្រូវ​មានទោស​ប៉ុណ្ណា»៕




Tag:
 ​ហ៊ុន សែន​
  ​គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com