ជាតិ
នយោបាយជាតិ
អាមេរិកបារម្ភខ្លាំង ក្រោយខ្លឹមសារថ្មីនៃច្បាប់បក្សនយោបាយ ត្រូវរដ្ឋសភាអនុម័ត រូបពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
×
រដ្ឋាភិបាលអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីស្នើវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបតែត្រូវបានរដ្ឋសភា អនុម័តនៅថ្ងៃទី ២០ ខែកុម្ភៈ។
តាមរយៈទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ អាមេរិក លើកឡើងថា សំណើវិសោធនកម្មនៃច្បាប់នេះ អនុម័តដោយមានការពិគ្រោះយោបល់ ឬពិភាក្សាជាសាធារណៈតិចតួច។ « វិសោធនកម្មនេះ បានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពច្បាប់នានារបស់គណបក្សនយោបាយ ហើយស្ថិតនៅក្រោមកាលៈទេសៈមិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង»។ នេះជាខ្លឹមសារសំខាន់មួយ ដែលរដ្ឋាភិបាលអាមេរិកកំពុងតែបារម្ភ ទន្ទឺមនឹងឆ្លៀតរម្លឹកពីរដ្ឋធម្មនុញ្ញកម្ពុជា យ៉ាងដូច្នេះថា៖« កម្ពុជាជាប្រទេសកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធានាសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការបង្កើតបក្សនយោបាយ»។
ជាមួយគ្នា រដ្ឋាភិបាលអាមេរិក មានកង្វល់ទៀតថា សកម្មភាពណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការដើរថយក្រោយមួយ សម្រាប់ការអភិវឌ្ឍនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំឲ្យមានសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតខាងមុខ។ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតក្នុងឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ មានលក្ខណៈសេរី បើកចំហរនិងតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាសក្នុងការប្រកួតប្រជែងដោយស្មើភាពគ្នា»។ នេះជាការអំពាវនាវរបស់រដ្ឋាភិបាលអាមេរិក នៅលើទំព័រហ្វេសប៊ុកស្ថានទូតខ្លួនប្រចាំនៅកម្ពុជានៅរសៀលថ្ងៃចន្ទ។
© រក្សាសិទ្ធិដោយ thmeythmey.com